រដ្ឋសភាវៀតណាម ផ្តល់ម៉ាស​ជាង៣ម៉ឺនបន្ទះដល់សភាកម្ពុជា ទប់ស្កាត់ការចម្លងជំងឺកូវីដ១៩

134
ចែករម្លែក

ដោយៈសុផល

ភ្នំពេញ៖ រដ្ឋសភាវៀតណាមបានផ្តល់ជូនរដ្ឋសភាកម្ពុជា​នូវម៉ាសចំនួន១២​កេសស្មើ​នឹង​៣ម៉ឺនម៉ាស សម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងការការពារជំងឺកូវីដ១៩។

ពិធីទទួលនិងប្រគល់ម៉ាសដែលជាជំនួយរបស់រដ្ឋសភាវៀតណាមនេះបានប្រារព្ធធ្វើនៅព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា ដោយមានការចូលរួមពីលោក ឡេង ប៉េង​ឡុ​ង អគ្គ​លេខាធិការរដ្ឋសភាលោក ឡោក ឆាយ អគ្គលេខាធិការរង ព្រឹទ្ធសភានិងលោក ​Vu Qua​n​g ​Minh ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជា​ណាចក្រ​កម្ពុជា។ ពិធីនេះ មានការចូលរួមជាសាក្សីពី គណ:កម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជន យុវនី​តិ​សម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ:  និងកិច្ចការនារីនៃរដ្ឋសភា ដឹកនាំដោយ លោកស្រី  ឡោក  ខេង  ប្រធានគណៈកម្មការផងដែរ។

លោក ឡេង ប៉េងឡុង ក្នុងនាមថ្នាក់ដឹកនាំរដ្ឋសភានិងព្រឹទ្ធសភាកម្ពុជា បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះរដ្ឋសភាវៀតណាម ដែលផ្តល់អំណោយម៉ាសនាពេលនេះ​ដល់សភា​កម្ពុជា​។ អំណោយនេះពិតជាបាន​ជួយបំពេញនូវតម្រូវការខាងមធ្យោបាយ​ប្រយុទ្ធទល់នឹង​ការរីករាល​ដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនោះ។

លោកអគ្គលេខាធិការ បានគូសបញ្ជាក់ថា អំណោយនេះពិតមែនតែមិនមានចំនួនច្រើន ប៉ុន្តែ​វា​តំណាងឲ្យមនោសញ្ចេតនាមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិយើងទំាងពីរ កម្ពុជា-វៀតណាម។ អំណោយនេះគឺជាសក្ខីភាពថ្មីមួយទៀតក្នុងចំណោមកាយវិការដ៏ច្រើនក្នុងរយៈពេលកន្លងមក ដែល​ប្រជាជាតិទំាងពីរបានបណ្តុះបណ្តាលកសាងនិងពង្រឹងឥតឈប់ឈរ នូវទំនាក់​ទំនង​មិត្ត​ភាព​សាមគ្គីភាព ការជួយគ្នាទៅវិញទៅមក ដែលសម្បតិ្តរួមដ៏ថ្លៃថ្លារបស់ប្រជាជាតិយើង ហើយ ដែលជាមូលដ្ឋានគ្រឹះបម្រើឲ្យ ការរស់នៅជាអ្នកជិតខាងល្អប្រកបដោយសុខសន្តិភាព​នឹងការរីក​ចម្រើននៃប្រទេសទំាងពីរ។

សូមជម្រាបថា នៅពេលនេះកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ។អ្នកជំងឺទំាង​១២២​នាក់​ដែលបានរកឃើញបានព្យាបាលជាសះស្បើយនិងបានចេញពីមន្ទីរពេទ្យ អស់ហើយ​។ ប៉ុន្តែ​ទំាងថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៅតែទទូចសូមឲ្យពលរដ្ឋ បន្តការប្រុងប្រយ័ត្ន ធ្វើអនាម័យ​ជា​ប្រចំា ដោយត្រូវលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ពាក់ម៉ាសនិងមិនគួរចេញពីផ្ទះបើមិន​មាន​ការចំាបាច់ ត្រូវរក្សាគម្លាតសង្គម ដើម្បីកុំឲ្យឆ្លងជំងឺកូវីដ១៩នេះដល់សហគមន៍​។បើទោះបី​កម្ពុជា​មិនមានករណីឆ្លងថ្មី តែហានីភ័យនៅតែមានខ្ពស់ដោយសារប្រទេសជិតខាង និងសកល​លោក​នៅតែ ប្រឈមជាមួយនឹងកូវីដ១៩ជារៀងរាល់ថ្ងៃ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម