ប្រធាន​សមាគមៈ ពេលនេះ​ជា​ឱកាសល្អ​សម្រាប់​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ប៉ុន្តែ​ត្រូវ​ចងក្រង​គ្នា​

174
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ កម្ពុជា លោក ស្រ៊ុន ពៅ យល់ឃើញថា ដំណាក់​កាលដែល​ប្រទេសជិតខាង​បិទ​ព្រំដែន​ជាមួយ កម្ពុជា ដោយសារតែ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ ១៩ នេះ វា​គឺជា​ឱកាសល្អ​បំផុត​មួយ​សម្រាប់​វិ​ស​ចិញ្ចឹមសត្វ​នៅ​កម្ពុជា ក្នុង​ការបញ្ចេញ​សក្តានុពល និង សមត្ថភាព​របស់ខ្លួន ចិញ្ចឹមសត្វ​ឱ្យ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ហើយ​នៅពេល​ព្រំដែន​បើក​ឡើងវិញ ថែមទាំង​អាចមាន​សមត្ថភាព​នាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង ព្រោះថា កូ​វីដ ១៩ ពិតជា​បានធ្វើឱ្យ​ពិភពលោក​ខ្វះ​ខ្បៀ​ង​អាហារ ។​


ប៉ុន្តែ​លោក ស្រ៊ុន ពៅ មើលឃើញ​នៅមាន​បញ្ហា​មួយ​ដែល​តែងតែ​បណ្តាលឱ្យ​កសិករ​កម្ពុជា ជួប​ក្តី​លំបាក​នោះ គឺ​ការ​នៅ​ដាច់ដោយឡែក​ពីគ្នា ខ្វះ​ការចែករំលែក​ព័ត៌មាន​គ្នា ហេតុនេះ​លោក ស្រ៊ុន ពៅ បានលើកឡើង​អំពី​ដំណោះស្រាយ​ថា “ កិច្ចការ​សំខាន់បំផុត​មួយ​ដែល​កសិករ​ចិញ្ចឹមសត្វ​កម្ពុជា ត្រូវ​ដោះស្រាយ​មិនអាច​ខាន​បាន​គឺ​ត្រូវ​ចងក្រង​គ្នា​ជា​ក្រុម ដើម្បី ពិភាក្សា​ចែករំលែក​ព័ត៌មាន​ទីផ្សារ ចៀសវាង​ការចិញ្ចឹម​មិន​ត្រឹមត្រូវ ឬ មិន​ឆ្លើយតប​តាម​តម្រូវការ ដែលជា​ហេតុ​ដ៏​ចម្បង​បំផុត​មួយ នាំឱ្យ​ហក់​ឡើង ឬ ធ្លាក់ចុះ​តម្លៃ​សត្វ ហើយ​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា នឹង​ផ្តល់នូវ​ការសម្របសម្រួល​នានា​ជូន​កសិករ “​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ កម្ពុជា ( រូបៈ មេសា )


​គប្បី​រំឭកថា ជំងឺ​កូ​វីដ ១៩ មិន​ត្រឹមតែ​មិនបាន​ធ្វើឱ្យប៉ះពាល់​អវិជ្ជមាន​ដល់​ការ​ចិញ្ចឹមសត្វ​នៅ កម្ពុជា ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើឱ្យ​វិស័យ​ចិញ្ចឹមសត្វ​នៅ កម្ពុជា មាន​ភាពល្អប្រសើរ​មួយកម្រិត​ទៀតផង ហើយ​ជា​លទ្ធផល បច្ចុប្បន្ននេះ កម្ពុជា មាន​សត្វ​មាន់​លើសពី​តម្រូវការ ហើយ​ការណ៍​ដែលមាន​មាន់​លើសពី​តម្រូវការ​នេះ មិនមែនជា​រឿង​ល្អ​សម្រាប់​កសិករ​ដែលជា​អ្នក​ចិញ្ចឹម​ឡើយ ព្រោះ​វា​ធ្វើឱ្យ​ពួកគេ​លក់​មិន​ចេញ អាច​នាំឱ្យ​កសិករ​កប់ដើម ឬ អាចឈាន​ដល់​ការខាតបង់​ទៀតផង ហើយ​ប្រការនេះ ត្រូវបាន​លោក ស្រ៊ុន ពៅ អះអាងថា គឺ​ដោយសារតែ​កសិករ​មិនបាន​ចែករំលែក​ព័ត៌មាន​គ្នា ទើប​ពួកគេ​ចិញ្ចឹមសត្វ​មាន់​ដូចគ្នា ធ្វើឱ្យមាន់​ច្រើន​លើស​តម្រូវការ ។


​ទោះយ៉ាងណា​ក្នុង ១ ថ្ងៃ កម្ពុជា នៅ​ខ្វះ​ជ្រូក​ពី​ចន្លោះ ២ ពាន់ ទៅ ៣ ក្បាល ហើយ​លោក ស្រ៊ុន ពៅ បាន​រំឭក​ឡើងវិញ​ថា កសិករ​ចិញ្ចឹមសត្វ កម្ពុជា គប្បី ចូល​ជា​សមាជិកភាព នៃ សមាគម​អ្នក​ចិញ្ចឹមសត្វ កម្ពុជា គឺជា​ចំណុច​គន្លឹះ​មិនអាច​ខ្វះ​បាន ហើយ​ប្រសិនបើ​អ្នក​ចិញ្ចឹមសត្វ កម្ពុជា មិន​ចងក្រង​គ្នា​ជា​ក្រុម​ជាមួយ​សមាគម​ទេ គឺ​នៅតែមាន​បញ្ហា​ខ្វះ​ព័ត៌មាន ហើយ​នៅតែ​អាច​ចិញ្ចឹមសត្វ​លើសពី​តម្រូវការ ក៏​អាច​ខ្វះ ឬ មិន​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់ រីឯ​តម្លៃ នៃ សត្វ​ដែល​ចិញ្ចឹម​បាន​នោះ​ទៀតសោត ក៏​នៅតែ​ហក់​ឡើង និង ដាំ​ក្បាល​ធ្លាក់ចុះ ដោយ​មិនអាច​គ្រប់គ្រង​បាន​តទៅទៀត ហើយ​ជា​លទ្ធផល គឺ​វិស័យ​ចិញ្ចឹមសត្វ​នៅ កម្ពុជា មុខជា​នឹង​នៅតែ​មិនអាច​ពង្រឹងសមត្ថភាព​របស់ខ្លួន​ក្នុងការ​ចាប់យក​ឱកាស​នេះ​បាន ហើយ​ប្រសិនបើ​កសិករ កម្ពុជា មិនអាច​ចាប់យក​ឱកាស​នេះ​ឱ្យ​បានល្អ​ទេនោះ គឺជា​ខាតបង់​ដ៏​គួរឱ្យ​ស្តាយ ៕ Kh

កម្ពុជា មាន​មាន់​លើសពី​តម្រូវការ ប៉ុន្តែ​ខ្វះ​ជ្រូក ២ ទៅ ៣ ពាន់​ក្បាល ក្នុង ១ ថ្ងៃ ដោយសារតែ​ខ្វះ​ការចែករំលែក​ព័ត៌មាន​គ្នា ( រូបៈ ឯកសារ )

ទីតាំងផ្សាយពាណិជ្ជកម្ម