អនុវត្ត​ច្បាប់​ចរាចរណ៍​២០​ថ្ងៃៈ ប៉ូលិស​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​ជាង​បី​ម៉ឺន​គ្រឿង​

269
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ យានយន្ត​ប្រមាណ​ជាង​បី​ម៉ឺន​គ្រឿង ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រួតពិនិត្យ និង​ផាកពិន័យ នៅក្នុង​ការអនុវត្ត​ន៍ការ​រឹតបន្តឹង​ច្បាប់​​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស​រយៈពេល ២០​ថ្ងៃ​។ គឺ​គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២០ ខែឧសភា​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា សរុប​លទ្ធផល​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​​ចរាចរណ៍​ផ្លូវគោក តាម​អនុក្រឹត្យ​លេខ​៣៩ រយៈពេល​២០​ថ្ងៃ គិតពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២០ ខែឧសភា យានយន្ត​ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ៣០.៦៥៨​គ្រឿង ក្នុងនោះ​ម៉ូតូ​មាន​ចំនួន ២២.៥៦០​គ្រឿង និង​រថយន្ត​មាន​ចំនួន ៨.០៩៨​គ្រឿង​។ បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​មិន​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា អត់​ផ្លាក​លេខ​និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ សម្រាប់​រថយន្ត​ភាគច្រើន គឺ​ល្មើស​ល្បឿន អត់​ខ្សែក្រវាត់ ល្មើស​សញ្ញា និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថា សម្រាប់​ការអនុវត្ត​ន៍ការ​រឹតបន្តឹង​ការអនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ និង​ផាកពិន័យ​យានយន្ត​ល្មើស​ចំនួន ១៣៥២​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ៩៨១​គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន ៣៧១​គ្រឿង​។ បទល្មើស​ភាគច្រើន​សម្រាប់​ម៉ូតូ គឺ​មិន​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា អត់​ផ្លា​លេខ​និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។ សម្រាប់​រថយន្ត​ភាគច្រើន គឺ​ល្មើស​ល្បឿន អត់​ខ្សែក្រវាត់ ល្មើស​សញ្ញា និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​។​


​លោក​បាន​បន្តទៀតថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២០ ខែឧសភា កើតឡើង​ចំនួន​៧​លើក ស្លាប់​ចំនួន ៤​នាក់ និង​របួស​ចំនួន ១១​នាក់ ក្នុងនោះ​របួសធ្ងន់ ៨​នាក់​៕សរន/Ha

អនុវត្ត​ច្បាប់​ចរាចរណ៍​២០​ថ្ងៃៈ ប៉ូលិស​ផាកពិន័យ​យានយន្ត​ល្មើសច្បាប់​ជាង​៣​ម៉ឺន​គ្រឿង​


ទីតាំងផ្សាយពាណិជ្ជកម្ម