​ក្រសួង​ធនធានទឹក​ពិនិត្យ​លទ្ធភាព​សង់​សំណង់​ស្ទាក់​ទឹក​ទី​៦​លើ​ដងស្ទឹង​មង្គល​បូរី​

232
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចាត់​ក្រុមមន្ត្រី​បច្ចេកទេស​ចុះ​ធ្វើការ​សិក្សា​រក​លទ្ធភាព​សាងសង់​សំណង់​ស្ទាក់​ទឹក​ទី​៦​នៅលើ​ក្បាល​ស្ទឹង​មង្គល​បូរី​ដើម្បី​ទាញយក​ទឹក​ស្រោចស្រព​លើ​ផ្ទៃដី​ស្រែ​ជាង​៦.០០០​ហិកតា​។​ជាមួយ​នោះ​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជ​ពលរដ្ឋ​ជាង​២.០០០​គ្រួសារ​នៅក្នុង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​តាម​ការស្នើ​របស់​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​និង​ជា រដ្ឋ មន្ត្រី​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​នេះ​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២០​ខែឧសភា​ឆ្នាំ​២០២០​ថា ក្រោយ ពី​បាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ដោយ​មន្ត្រី​បច្ចេកទេស រួមជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​រួចមក​ឃើញថា​លទ្ធភាព​សាងសង់​សំណង់​ស្ទាក់​ទឹក​នៅ​ក្បាល​ស្ទឹង​មង្គល​បូរី​អាចធ្វើ​បាន​។​

សម្រាប់​ទាញយក​ទឹក​ទៅ​ស្រោចស្រព​ផ្ទៃដី​បង្កបង្កើនផល​ប្រមាណ​ជាង​៦.០០០​ហិកតា​និង​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ជាង​២.០០០​គ្រួសារ​នៅក្នុង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​និង​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​

លោក​ចាន់​យុ​ត្ថា​រដ្ឋលេខាធិការ​និង​ជា​ប្រធាន​មុខព្រួញ​ខេត្តបាត់ដំបង​បាន​និយាយ​ឱ្យដឹងទៀតថា​ស្រុក​កំរៀង​ជា​តំបន់​មិនទាន់មាន​ការអភិវឌ្ឍ​វិស័យ​ធនធានទឹក​នៅឡើយ​ទេ​ដោយសារ​ជា​តំបន់​ចប់​សង្គ្រាម​ក្រោយ​គេ​សម្បូរ​ទៅដោយ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​។​ការងារ​បង្កបង្កើនផល​នៅ​តំបន់​នេះ​ពឹង​ផ្អែកលើ​របប​ទឹកភ្លៀង មិន​ទៀងទាត់ នៅ​រដូវប្រាំង​មានទឹក​ប្រើប្រាស់​មិន​គ្រប់គ្រាន់ ដោយសា​ស្ទឹង មាន ទឹកតែ​ក្នុង​រដូវ វស្សា​។​

អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​បាន​បញ្ជាក់ថា​ទីតាំង​ស្ទឹង​ដែល​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​រក​លទ្ធភាព​សាងសង់​សំណង់​ស្ទាក់​ទឹក​នេះ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​តា​ក្រី​ស្រុក​កំរៀង​ខេត្តបាត់ដំបង​។​ក្រៅពី​ធ្វើការ​សិក្សា​សាងសង់​សំណង់​កាត់​ស្ទឹង​ក៏បាន​ធ្វើការ​សិក្សា​ប្រព័ន្ធ​ប្រឡាយ​ផងដែរ​។​សំណង់​ស្ទាក់​ទឹក​ទាញ​ទឹក​ពី​ក្នុង​ស្ទឹង​ដាក់ចូល​ទៅតាម​ប្រឡាយ​សម្រាប់​ស្រោចស្រព​នៅក្នុង​រដូវវស្សា​និង​តម្កល់​ទឹក​ទុក​ក្នុង​ស្ទឹង​បាន​ប្រមាណ​ជា​៥​លាន​ម៉ែត្រគូប សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅ ក្នុង រដូវប្រាំង​។​

​លោក​ចាន់​យុ​ត្ថា​និយាយ​ឱ្យដឹងទៀតថា​ស្ទឹង​មង្គលបុរី​មាន​ផ្ទៃ​រងទឹក​ភ្លៀង​ទំហំ​ប្រមាណ​ជា​៤.៤៤៤​គីឡូម៉ែត្រ​ឡា​នៅតាម​បន្ទាត់​ព្រំដែន​និង​មួយផ្នែក​នៅក្នុង​ទឹកដី​ប្រទេស​ថៃ​។​ក្រោយពេល​សាងសង់​រួច​សំណង់​នេះ​មិន​ត្រឹមតែ​ផ្តល់​ទឹក​ប្រើប្រាស់​និង​ស្រោចស្រព​នៅ​ស្រុក​កំរៀង​ទេ​គឺ​មានទឹក​ប្រើប្រាស់​ទៅដល់​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​ថែមទៀត​។​ស្ទឹង​មង្គល​បូរី​តាំង​ពីលើ​រហូតដល់​បឹង​ទន្លេសាប​មាន​សំណង់​ស្ទាក់​ទឹក​ចំនួន​៥​កន្លែង​រួចហើយ​សម្រាប់​ទាញយក​ទឹក​ទៅ​ស្រោចស្រព​លើ​ផ្ទៃដី​បង្ក​បង្កើនបាន​រហូតដល់​ជាង​២០​ម៉ឺន​ហិកតា​។​

គម្រោង​ដែល​កំពុង​សិក្សា​នេះ​គឺជា​សំណង់​ទី​៦​ជា​សំណង់​កាត់​ស្ទឹង​ចុងក្រោយ​គេ​លើ​ដងស្ទឹង​នេះ​។​សំណង់​កាត់​លើ​ដងស្ទឹង​មង្គល​បូរី​ដែល​បាន​សាងសង់​រួច​កន្លងមក​មាន​ប្រព័ន្ធ​តា​ហែ​ន​ប្រព័ន្ធ​ប​វេ​ប្រព័ន្ធ​ព្រៃ​ខ្ពស់ ប្រព័ន្ធ​ពោធិ៍​ពីរ​ដើម និង​ប្រព័ន្ធ​សិរី​មង្គល​។​

​លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ចាត់តាំង​រដ្ឋលេខាធិការ​ចំនួន​២​រូប​និង​ក្រុមមន្ត្រី​បច្ចេកទេស​ចុះ​ពិនិត្យ​ទីតាំង​ជាក់​ស្តែ ង ក្នុងភូមិ សាស្ត្រ​ឃុំ​តា​ក្រី​ស្រុក​កំរៀង​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​១៨​ខែឧសភា​ឆ្នាំ​២០២០​តាម​សំណើ​របស់​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង មហា ផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបាត់ដំបង​។

​ដែល​បាន​ស្នើឱ្យ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ពិនិត្យ​លទ្ធភាព​ក្នុងការ​សាងសង់​សំណង់​កាត់​ស្ទឹង​មង្គល​បូរី​ចំនួន​មួយកន្លែង​បន្ថែមទៀត​នៅ​តំបន់​ក្បាល​ស្ទឹង​មង្គល​បូរី​ត្រង់ចំណុច​ប្រសព្វ​រវាង​ស្ទឹង​ម្ចាស់​កល្ប​និង​ស្ទឹង​កុយ​។​ដើម្បី​ទាញ​ទឹក​ទៅ​បម្រើ​ឲ្យ​ការធ្វើ​កសិកម្ម​និង​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ក្នុងស្រុក កំរៀង ខេត្ត​បាត់ ដំបង​៕S/

​ក្រុមការងារ​របស់​ក្រសួង​ធនធានទឹក​ពិនិត្យ​ទីតាំង​សាងសង់​សំណង់​ស្ទាក់​ទឹកស្ទឹង​មង្គល​បូរី​ទី​៦​នៅក្នុង​ស្រុក​កំរៀង (​ធនធានទឹក​)
​ឥ​ស្ទឹង​មង្គល​បូរី​ក្នុងស្រុក​កំរៀង​

ទីតាំងផ្សាយពាណិជ្ជកម្ម