ត្រាំ​បន្ទោស​ចិន​ថា «​សម្លាប់​មនុស្ស​រង្គាល​នៅ​ទូទាំង​ពិភពលោក​»នៅពេលមន្ត្រី​ជំនាញ​អាម៉េរិក​ថា​…

473
ចែករម្លែក

​ជាថ្មីទៀត ប្រធានាធិបតី​អាម៉េរិក​លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​ទី​២០​ឧសភា បាន​វាយប្រហារ​ចិន​អំពី​រឿងកូ​វីដ​១៩ ដោយ​បន្ទោស​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​«​សម្លាប់​រង្គាល​នៅ​ទូទាំង​ពិភពលោក​»​។​

​លោក​ត្រាំ​បាន​សរសេរ​បង្ហោះ​ថា «​វា​ជា​អមត្ថភាពរ​បស់​ចិន ហើយ​វា​គ្មាន​អ្វី​ផ្សេង​ទេ គឺ​អសមត្ថភាព​ណឹង​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​រង្គាល​នៅលើ​លោក​»​។​

​ទោះជា​យ៉ាងណា ពួក​មន្ត្រី​នៅ​មជ្ឍមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​អាម៉េរិក​(CDC)​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២០​ឧសភា​ថា​«​អាយុជីវិត​មនុស្ស​និង​លុយកាក់​»​ត្រូវ​បាត់បង់​ដោយសារ​តែ​ចម្លើយ​តប​​ដ៏​យឺតយ៉ាវ​របស់​សេត​វិមាន​ចំពោះ​ជំងឺ​ឆ្លងកូវី​ដ​១៩ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​ស្ពុត​និក​។​

​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​CNN មន្ត្រី​CDC​ជាច្រើន​នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ពួក​គេ​ជឿ​ថា សេត​វិមាន​(​រដ្ឋាភិបាល​អាម៉េរិក​)​បាន​ផ្តល់​អាទិភាព​លើ​នយោបាយ​​ជាង​វិទ្យាសាស្ត្រ​នៅក្នុង​ការដោះស្រាយ​បញ្ហា​កូវី​ដ​១៩​ពេលនេះ​។​

​មន្ត្រី​ម្នាក់​បាន​អោយដឹងថា​«​ពួក​យើង​ត្រូវ​បាន​គេ​ចុកមាត់​មិន​អោយ​និយាយ​។​បើសិន​យើង​ចាត់ការ​លឿន​បន្តិច​ចំពោះ​អ្វី​ដែល​យើង​បាន​ដឹង​និង​ជូនដំណឹង នោះ​ម្ល៉េះ​សម​យើង​អាច​សង្គ្រោះ​អាយុជីវិត​និង​​លុយកាក់​បាន​ច្រើន​»​។​

​ពួក​មន្ត្រី​ក៏​បាន​និយាយថា​CDC​មាន​ផែនការ​ចេញផ្សាយ​ការព្រមាន​អំពី​ការធ្វើដំណើរ​សកល​មួយ​នៅ​ថ្ងៃ​០៥​មីនា តែ​វា​ត្រូវបាន​ផ្អិប​ទុក​រហូត​ដល់​ថ្ងៃ​១១​មីនា ជា​ថ្ងៃ​ដែល​ប្រធានាធិបតី​ត្រាំ ប្រកាស​ថា​ការធ្វើ​​ដំណើរ​នឹងត្រូវ​រឹតត្បិត​សំរាប់​ប្រទេស​ជាង​ម្ភៃ​មកពី​អឺរ៉ុប​។​

​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ទៀត​នៅ​CDC​ថែមទាំង​បាន​អោយដឹងថា ទោះ​ជា​ទី​ភ្នាក់ងារ​របស់​លោក​បាន​ព្រមាន​សេត​វិមាន​អំពី​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩​យ៉ាង​លឿន​នៅ​ពាសពេញ​អឺរ៉ុប​ក៏​សេត​វិមាន​ផ្តោត​ជា​​សំខាន់​លើ​ចិន​និង​មិន​ចង់អោយ​អឺរ៉ុប​ខឹង​…​ទោះ​ជា​ករណី​ឆ្លង​វីរុស​នៅ​អាម៉េរិក ភាគច្រើន​ចេញមក​ពី​អឺរ៉ុប​ក្តី​»​។​

​មន្ត្រី​ម្នាក់​ទៀត​បាន​សម្តែង​ការព្រួយបារម្ភ​ថា ការងារ​វិទ្យាសាស្ត្រ​របស់​ទីភ្នាក់ងា​រនេះ​ត្រូវ​គ្រប​លើ​ដោយ​នយោបាយ​។​

​សូមបញ្ជាក់​ថា វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវី​ដ​១៩​នេះ​ត្រូវបាន​គេ​ដឹងឮ​ជាទូទៅ​ថា​បាន​ផ្ទុះ​ឡើង​ដំបូង​នៅ​ក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ​មុន និង​បាន​ឆ្លង​រាលដាល​ទៅ​ទូទាំង​ពិភពលោក​ដោយ​ពេល​​នេះ​វា​សម្លាប់​មនុស្ស​ជាង​៣២៣.០០០​នាក់ និង​ឆ្លង​ជាង​៥.០០០.០០០(៥​លាន​នាក់​)​ហើយ​។​

​ដោយសារ​តែ​វា​បង្ហាញ​ខ្លួន​ដំបូង​នៅ​ចិន​អាម៉េរិក​គិតតែ​ចោទ​ចិន​ថា​ជា​អ្នកបង្ក​ជំងឺឆ្លង​និង​ជំរុញ​អោយ​មាន​ការស៊ើបអង្កេត​ទៅលើ​ការអះអាង​គ្មាន​ភស្តុតាង​ដែល​ថា​វីរុស​កូរ៉ូណា​លេច​ធ្លាយ​វីរុស​ចេញពី​​កន្លែង​ពិសោធន៍​របស់​ចិន​មួយ​តែ​ចិន​បាន​បដិសេធ​និង​ថា វា​អាច​ទាហាន​អាម៉េរិក​នាំយក​វីរុស​មក​ចម្លង​នៅ​ចិន​។​

​ចិន​ថា​រដ្ឋការ​អាម៉េរិក​ចង់​គេចវេស​ពី​ការទទួលខុសត្រូវ​ចំពោះ​ការដឹកនាំ​ដ៏​អន់​របស់ខ្លួន​ក្នុង​ការទប់ស្កាត់​និង​គ្រប់គ្រង​ជំងឺ​នេះ ហើយ​បង្វែរ​ការចាប់អារម្មណ៍​របស់​ពលរដ្ឋ​អាម៉េរិក​តាមរយៈ​បង្កើត​​លេស​នានា​ប្រឆាំង​ចិន​៕​ប្រែ​សម្រួល​៖​វាសនា​

ប្រធានាធិបតី​អាម៉េរិក យក​បញ្ហា​ជំងឺ​ឆ្លងកូវី​ដ​១៩​វាយប្រហារ​ចិន​នៅពេល​ចម្លើយ​តប​របស់​លោក​ចំពោះ​ជំងឺ​នេះ​កាន់តែ​ផ្តេសផ្តាស ដូចជា​ជំរុញ​អោយ​ប្រើ​ថ្នាំ​គ្រុនចាញ់​សំរាប់​កូវី​ដ​១៩ និង​ថា «​វា​ជា​កិត្ត​យស​​ដែល​អាម៉េរិក​មាន​អ្នក​កើត​ជំងឺ​នេះ​ច្រើនជាងគេ​» ខណៈ​ប្រធានាធិបតី​ចិន​សន្យា​ជួយ​២​ពាន់​លាន​ដុល្លារ​សំរាប់​ប្រយុទ្ធ​នឹង​ជំងឺ​នេះ និង​សន្យា​ចែកចាយ​វ៉ាក់សាំង​ដល់​ពិភពលោក​បើសិន​រកឃើញ​វ៉ាក់សាំង​​មាន​ប្រសិទ្ធភាព​

ទីតាំងផ្សាយពាណិជ្ជកម្ម