ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ស្ថាបនាបាន៧៤ភាគរយ គ្រោង បញ្ចប់មុនកាលកំណត់៩ខែ

184
ចែករម្លែក

ដោយៈសុផល

        ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន បានឱ្យដឹងថា៖ វឌ្ឍនភាពនៃការស្ថាបនាផ្លូវជាតិលេខ៣ ភ្នំពេញ- កំពត ស្ថាបនា​បាន​៧៤ភាគរយហើយគិតមកទល់នឹងខែឧសភានេះ។គម្រោងស្ថាបនាផ្លូវជាតិលេខ៣នេះ គ្រោង​នឹងបញ្ចប់មុនកាលកំណត់៩ខែ ដោយសារការដំណើរការបានរលូននិងលឿន តាមលក្ខណៈ​ស្តង់ដារ និងដោះស្រាយបញ្ហាផលប៉ះពាល់បានលឿន។ដំបូងគម្រោងនឹងបញ្ចប់នៅឆ្នាំ២០២២ តែ ដោយមានវឌ្ឍនភាពលឿន នឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។

លោកទេសរដ្ឋមន្ត្រីពិនិត្យគុណភាពនៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ពីចោមចៅទៅក្រុងកំពត និង ​ពិនិ​ត្យការដាក់ស្លាកសញ្ញាការដ្ឋាន ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់​បងប្អូន​ប្រជាពល​រដ្ឋ

          លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ឱ្យដឹងដូច្នេះកាលពីថ្ងៃទី២១ខែឧសភាក្នុងពេលលោកចុះពិនិត្យគុណភាពនៃការសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៣ពីចោមចៅទៅក្រុងកំពត និង ​ពិនិ​ត្យការដាក់ស្លាកសញ្ញាការដ្ឋាន ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើររបស់​បងប្អូន​ប្រជាពល​រដ្ឋ។ការចុះពិនិត្យផ្លូវនេះមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាង​ក្រុមហ៊ុន ត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពនៃការសាងសង់ថាតើស្រ​ប​តាមបទ​ដ្ឋានបច្ចេកទេសនិងសៀវភៅបន្ទុកដែលបានកំណត់ដែរឬយ៉ាងណាដើម្បីធានា​ដល់ការប្រើប្រាស់​បានយូរអង្វែងតាមរយៈការប្រើប្រាស់ម៉ាស៊ីនខួងពិនិត្យមើលស្រទាប់គ្រឹះនិងការពិនិត្យមើល​ការ​បំពាក់ភ្លើងស្តុប និងស្លាកសញ្ញាចរាចរណ៍ ដើម្បីធានាសុវត្ថិភាពនៃការធ្វើដំណើរ​របស់បងប្អូន​ប្រជា​ពលរដ្ឋផងដែរ។

សូមជម្រាបជូនថា៖ គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត ដែល​មានប្រវែងសរុប១៣៤,៨២៦គីឡូម៉ែត្រនេះត្រូវបានចែកជាពីរដំណាក់កាល៖ដំណាក់​កាល​ទី១​ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស ប្រវែង៦៩,៩០ គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC) កម្រាស់៩សង់ទីម៉ែត្រ ចែកចេញជា៤គន្លង (២​គន្លងទៅ២គន្លងមក)។ ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពតប្រវែង៦៤,៩២៦គីឡូម៉ែត្រ ជាប្រភេទផ្លូវACកម្រាស់៧សង់ទីម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់១២ម៉ែត្រចែកជា​២​គន្លង។

គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ២១៩,៩១១លានដុល្លារអាមេរិកជាហិរញ្ញប្ប​ទាន​សម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ។

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣នេះមានរយៈពេល៤៨ខែ តាមគម្រោងត្រូវ​បញ្ចប់​នៅឆ្នាំ ២០២២ ប៉ុន្តែដោយសារវឌ្ឍនភាពនៃការសាងសង់បានដំណើរការដោយភាពរលូន ការ​សាងសង់អាចនឹង ត្រូវបញ្ចប់មុនគម្រោងរយៈពេល៩ខែ ពោលគឺនៅចុងឆ្នាំ២០២១ខាងមុខនេះ ហើយគិតរហូតមកទល់ពេលនេះការសាងសង់សម្រេចបាន៧៤%ហើយ។

នៅក្នុងដំណើរបេសកកម្មចុះពិនិត្យគុណភាពផ្លូវនេះ លោកទេសរដ្ឋមន្ត្រីបានអញ្ជើញពិនិត្យ​ការ​បំពាក់ស្លាកសញ្ញាសុវត្ថិភាពតាមការដ្ឋាននីមួយៗ គម្រោងសាងសង់ស្ពានរំលងនៅផ្សារត្រាំ​ខ្នារ​ថ្មី ទីតាំងត្រូវបំពាក់ភ្លើងស្តុបនៅផ្សារត្រាំខ្នារ ផ្សារអង្គតាសោម ផ្សារឈូកនិងទីតាំង​ដែលចាំបាច់​ត្រូវបើករបាំងចែកផ្លូវ ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពនៃការ​ធ្វើដំណើររបស់​បងប្អូន​ប្រជា​ពលរដ្ឋកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលជាកត្តាធ្វើឱ្យខាតបង់ថវិកា​ជាតិប្រមាណ​៣៥០​លាន​ដុល្លារ/ឆ្នាំ និងមានអត្រាអ្នកស្លាប់ ប្រមាណ៥នាក់/ថ្ងៃ។

លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យក្រុមការងារបច្ចេកទេសខួង​ស្រទាប់​គ្រឹះ​ទីមួយ ស្រទាប់គ្រឹះទីពីរ ខួងបេតុងកៅស៊ូ(AC)ស្រទាប់ទីមួយ ធ្វើតេស្តFWD និងពិនិត្យ​ផ្លូវ​ក្នុង​ក្រុងកំពត ដែលប្ដូរពីផ្លូវAC ទៅផ្លូវបេតុងផងដែរ។ក្រោយពីការចុះត្រួតពិនិត្យ​ការដ្ឋានសាង​សង់​ផ្លូវជាតិលេខ៣ចំនួនបីកន្លែង ដោយមិនបានជូនដំណឹងជាមុន (Spot check) លទ្ធផលបាន​បង្ហាញថា៖ គុណភាពសំណង់ឋិតក្នុងកម្រិតស្តង់ដារមួយល្អ អាចទទួលយកបាន ធានាបាននូវ​ការប្រើប្រាស់ជាប់បានយូរអង្វែង និងឈានទៅកាត់បន្ថយការខ្ជះខ្ជាយ​ថវិកាជាតិក្នុងការថែ​ទាំ​ជួសជួល។

ជាមួយគ្នានោះផងដែរលោកទេសរដ្ឋមន្ត្រីបានចុះពិនិត្យទីតាំង​ដែលត្រូវបំពាក់កាមេរ៉ា​ចាប់​ល្បឿន​រថយន្តតាមផ្លូវ ដើម្បីចាប់ល្បឿនរថយន្តដែលបើកបរលើសល្បឿនកំណត់ នៅពេលធ្វើ​ដំណើរ​ឆ្លង​​កាត់ក្នុងទីប្រជុំជន ដើម្បីធានាឱ្យអ្នកបើកបរចូលរួមគោរពច្បាប់ចរាចរណ៍ មិនបើកបរ​លើស​ល្បឿនកំណត់ដោយច្បាប់ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរនិងជៀសវាង​ការបង្ក​គ្រោះថ្នាក់ដែលបង្កឱ្យមានការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ ។

លោករដ្ឋមន្ត្រីសាធារណការនិងដឹកជញ្ចូនបានឱ្យដឹងផងដែរថា៖ក្នុងចំងាយ​ផ្លូវជាង១៣៤​គីឡូ​ម៉ែត្រ​ភ្នំពេញកំពតនេះ នឹងបំពាក់កាមេរ៉ាអចល័តចំនួន១០គ្រឿង ហើយក៏មានកាម៉េរ៉ាចល័ត សម្រាប់​ពិនិត្យការបើកបរលើសល្បឿនកំណត់ផងដែរ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ