មន្ទីរផែនការកោះកុងពន្លឿនការកំណត់អត្តញ្ញាណគ្រួសារពលរដ្ឋក្រីក្រអំឡុងជំងឺកូវីដ១៩

250
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ តបតាមការណែនាំដល់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មន្ទីរផែនការខេត្តកោះកុង កំពុងតែពន្លឿនកិច្ចសហការជាមួយអាជ្ញាធរខេត្ត ក្រុងស្រុកឃុំសង្កាត់លើការងារកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រី ដើម្បីឱ្យពួកគាត់ទទួលថវិកាឧបត្ថម្ភក្នុងដំណាក់កាលជំងឺកូវីដ១៩នេះ។

លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្តកោះកុង បានលើកឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះថា មន្ទីររបស់លោក ក៏មិនខុសពីមន្ទីរផែនការរាជធានីខេត្តដ៏ទៃទៀតដែរ ពោលគឺបាននឹងកំពុងរៀបចំនីតិវិធីចុះសម្ភាសន៍ប្រមូលទិន្នន័យកំណត់គ្រួសារពលរដ្ឋក្រីក្រនៅក្នុងទីប្រជុំជន និងជនបទឆ្ងាយដាច់ស្រយោលមានប្រសិទ្ធភាពខ្ពស់ប្រគល់ជូនក្រសួង និងរាជរដ្ឋាភិបាល។

ប្រធានមន្ទីរផែនការខេត្តកោះកុង បន្ថែមថា លោកបានបង្កើតមានជាវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញជាសេនាធិការអំពីរបៀរអនុវត្តប្រកបដោយគុណភាព និងចំទិសដៅ ទោះបីជាលក្ខណៈភូមិសាស្រ្តរស់នៅរបស់ប្រជាពលរដ្ឋមានលក្ខណៈរាយប៉ាយឆ្ងាយលំបាកធ្វើដំណើរក៏ដោយ ក៏នឹងពុះពារសម្រេចជោគជ័យការងារមួយនេះអោយបាន។

រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារៈកិច្ចឱ្យក្រសួងសំខាន់ៗរួមមាន៖ ក្រសួងហិរញ្ញវត្ថុក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកអនុវត្តផ្តល់យន្តការ និង ក្រសួងផែនការតាមរយ:អគ្គនាយកដ្ឋានផែនការមាននាយកដ្ឋានផែនការអត្តសញ្ញាណកម្មគ្រួសារក្រីក្រជាអ្នកកំណត់ទិន្នន័យគ្រួសារក្រីក្រក្នុងកាល:ទេស:ជំងីកូវីដ១៩។

លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ ថ្លែងថា ការងារចុះស្រង់ស្ថិតិកំណត់អត្តសញ្ញាណគ្រួសារពលរដ្ឋក្រីក្រនៅពេលនេះ ចាំបាច់មួយដែលត្រូវប្រើរយៈពេលខ្លី និងឆាប់រហ័សបំផុត ដើម្បីធ្វើយ៉ាងណាទទួលបានទិន្នន័យច្បាស់លាស់មានគុណភាពជូនរាជរដ្ឋាភិបាល មុននឹងបញ្ចេញសាច់ប្រាក់ឧបត្ថម្ភជូនពលរដ្ឋក្រីក្រលំបាក និងរងគ្រោះដោយសារជំងឺកូវីដ។

ទន្ទឹមនោះ លោក បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការ ក៏ជំរុញដល់លោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុង អាជ្ញាធរក្រុងស្រុក ឃុំសង្កាត់ និងភូមិ ចូលរួមសហការតាមដានស្រាវជ្រាវកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រពិតប្រាដកឱ្យចប់សព្វគ្រប់ជាស្ថាពរនៅបំណាច់ខែឧសភា ខាងមុខ។

រីឯលោក ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ ធ្លាប់មានប្រសាសន៍ស្នើមន្រ្តីជំនាញក្រោមឱវាទ អាជ្ញាធររាជធានីខេត្ត មេត្តាសហការ និងតាមដានដំណើរការការងារនេះឱ្យបានជាប់ជាប្រចាំដើម្បីចៀសវាងឱ្យបានប្រតិកម្មពីប្រជាជន នៅពេលរាជរដ្ឋាភិបាលចាប់ផ្តើមអនុវត្តការផ្តល់អន្តរាគមន៍។

តាមលទ្ធភាពអង្កេតជំនឿប្រជាសាស្រ្តកាលពីឆ្នាំ២០១៨ ខេត្តកោះកុង មានប្រជាពលរដ្ឋក្រីក្រប្រមាណ២៣ភាគរយ ក្នុងនោះបែងចែកជាជនក្រីក្រទី១ មានចំនួន១០ភាគរយ និងជនក្រីក្រទី២ មានចំនួន១៣ភាគរយ ខណៈមន្ទីរផែនការកំពុងធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណបន្ថែមទៀតចំពោះអ្នកដែលមិនទាន់បានទទួលបណ្ណក្រីក្រ និងសេវាពិនិត្យព្យាបាលសុខភាពឥតគិតថ្លៃ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម