ធនាគារអេស៊ីលីដានឹងចុះបញ្ជី​មូល​បត្រ​កម្មសិទ្ធិជាផ្លូវការនៅ​ក្រុមហ៊ុន​ផ្សារ​មូលបត្រកម្ពុជាថ្ងៃទី២៥ ឧសភា​២០២០

166
ចែករម្លែក

ដោយៈសុផល

        ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ីដែលជាធនាគារពាណិជ្ជឈានមុខគេ​ក្នុងប្រទេស​កម្ពុជា នឹងចុះបញ្ជីមូលបត្រកម្មសិទ្ធិជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារអេស៊ីលីដាភីអិលស៊ីគឺជាការបើកទំព័រ​សក​រា​ជ​ថ្មីនៃប្រវត្តិជោគជ័យរបស់ធនាគារក្នុងនាមជាធនាគារពាណិជ្ជទី១នៅក្នុង​ព្រះរាជាណា​ចក្រ​កម្ពុ​ជា ដែលត្រូវបានចុះបញ្ជីនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

ទោះបីជាស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺរាតត្បាតជាសកលក៏ដោយក៏វិនិយោ​គិន​ចំនួន ២,៤៩៧ នាក់ បានធ្វើបរិវិសកម្ម(ទិញ)មូលបត្រកម្មសិទ្ធិរបស់ធនាគារ​ ហើយចំនួន​នេះ គឺជាចំនួនវិនិយោគិនដែលចូលរួមច្រើនបំផុត សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ​នៅក្នុងព្រះរាជាណាចក្រកម្ពុជាកន្លងមកហើយក៏បង្ហាញពីភាពជឿទុកចិត្តនិងគាំទ្ររបស់​អតិថិ​ជន​ និងសាធារណជន ចំពោះធនាគារអេស៊ីលីដា ភីអិលស៊ីផងដែរ។វិនិយោគិនអាចដាក់​បញ្ជា​ជាទិញ/លក់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ីចាប់ពីម៉ោង០៨:០០ ព្រឹក នៅ​ថ្ងៃ​ចុះ​បញ្ជី។

បណ្ឌិត In Channy ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានមានប្រសា​សន៍ ថា “យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមជូនដំណឹងដល់សាធារណជនទាំងអស់ថា ធនា​គារ អេស៊ីលីដា ភីអិលស៊ី នឹងចុះបញ្ជីជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃ ចន្ទ​ទី២៥ ខែឧសភាឆ្នាំ២០២០នេះ​។តាមរយៈការចូលរួមក្នុងដំណាក់​កាលបោះផ្សាយ​លក់មូល​បត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី  វិនិយោគិនរូបវន្តបុគ្គល និងនីតិ​បុគ្គលមានឱកាសវិនិយោគជាលើកដំបូងនៅក្នុងធនាគារពាណិជ្ជ​ដែលបានចុះបញ្ជី​នៅក្នុង​ព្រះ​រា​ជា​ណាចក្រកម្ពុជា។ភាគហ៊ុនិកសាធា​រណៈថ្មីរបស់ធនាគារនឹងទទួលបានអត្ថប្រយោជន៍ពី​ការរីក​ចម្រើនរបស់ធនាគារ តាមរយៈភាគលាភនិងចំណេញមូលធន។ ការបោះផ្សាយលក់មូល​បត្រ​កម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ីបានទាក់ទាញ​វិនិយោគិនរូបវន្ត​បុគ្គល​សញ្ជាតិខ្មែរជាច្រើនចូលរួមវិនិយោគនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងបន្តរួមចំណែក​អភិ​វឌ្ឍផ្សារមូលធនកម្ពុជា”។

បណ្ឌិត In Channy ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បាន​មានប្រសាសន៍ថា “ជាមួយនឹងការចុះបញ្ជីភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុង​ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមូលធនូបនីយកម្មទីផ្សារសរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងកើន​ឡើង៣(បី)ដង។យើងខ្ញុំមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយ​ដែលបានចូលរួម​នៅក្នុងគម្រោង​ដ៏សំខាន់មួយនេះក្នុងនាមជាទីប្រឹក្សាហិរញ្ញវត្ថុតែមួយគត់​របស់​ធនាគារនិង​ដែល​បានចូលរួមចំណែក​ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា។យើងខ្ញុំជឿជាក់ថាធនាគារអេស៊ី​លី​ដា ភីអិលស៊ី បានបោះ​ជំហានដំបូងដ៏សំខាន់ ដើម្បីក្លាយជាប្រជាធនាគារដ៏ពិតប្រាកដ តាមរយៈការ​បោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈនេះ។

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី

លោកបានបន្ថែមថា៖ ក្នុងនាមជា ក្រុមហ៊ុនដឹកនាំគម្រោងដ៏សំខាន់នេះក្រុមហ៊ុនយាន់តានឹង​បន្ត​ជួយ​ដល់ក្រុមហ៊ុនបោះផ្សាយនិងវិនិយោគិនសាធារណៈទាំងអស់តាមរយៈការបង្កើនសន្ទនីយ​ភាព​​ភាគហ៊ុន​ធនាគារនៅក្នុងទីផ្សារបន្ទាប់។ យើងខ្ញុំជឿជាក់ថាការជួយដល់ក្រុមហ៊ុនបោះ​ផ្សាយ​ក្នុង​ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាបន្តបន្ទាប់និងការប្រើប្រាស់វិធីសាស្រ្តជួញដូរ​តាម​ការ​ចរចានាពេលអនាគតនឹងជួយបង្កើនសន្ទនីយភាពនិងទាក់ទាញវិនិយោគិនបរទេសបានកាន់តែ​ច្រើនមិនត្រឹមតែសម្រាប់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះទេ ថែមទាំង​សម្រាប់​​ទីផ្សារមូលធននៅកម្ពុជាផងដែរ” ៕

ទីតាំងផ្សាយពាណិជ្ជកម្ម