ប្រគល់​ផ្ទះ និង​ផ្តល់​អំណោយ ជូន​ជនពិការ ចាស់ជរា​ក្រីក្រ ២១ គ្រួសារ​

174
ចែករម្លែក

ដោយ​៖ វ៉ៃ​កូ​ /
​ស្វាយរៀង​៖
នៅ​ព្រឹក​ថ្ងៃទី​២១ ឧសភា ២០២០ មូលនិធិ​ជនពិការ បានប្រគល់​ផ្ទះ​ថ្មី ១ ខ្នង ទំហំ ៤x៦ ម៉ែត្រ សង់​អំពី​ថ្ម ប្រក់​ស័ង្កសី ដោយមាន​បំពាក់​ភ្លើងអគ្គិសនីប្រើ​ដោយ​ ឋា​ម​ពលព្រះ​អាទិត្យ ជូន​លោក ខ្វាន់ សារឿន អាយុ​៤៥​ឆ្នាំ ជា​ជនពិការ​ជើង ទាំងពីរ ដែលមាន​ប្រពន្ធ កូន និង​ចៅ មាន​ជីវភាព​ក្រីក្រ គ្មាន​ផ្ទះ​រស់នៅ មានតែ​ខ្ទម​តូច​ទ្រុឌទ្រោម នៅ​ភូមិ​សង្គ្រោះ ឃុំ​សំបួរ ស្រុក​ស្វាយទាប​។

​លោក សៅ ឡែ​ន ប្រធាន​ក្រុមប្រឹក្សា​មូលនិធិ​ជនពិការ បាន​បញ្ជាក់ថា ផ្ទះ​១​ខ្នង​នេះ ចំណាយ​អស់​ថវិកា ១៦.០០៨.០០០ រៀល ជា​អំណោយ​របស់ សប្បុរសជន​នានា ដែល​បាន​បរិច្ចាគ ចូល​ហិប​ប្រាក់​វិភាគទាន​សប្បុរសធម៌ របស់​មូលនិធិ​ជនពិការ​។​

​លោក​បាន​បន្តទៀតថា ហិប​នេះ បានដាក់​នៅតាម​វត្ត​អារាម កន្លែង​ទេសចរណ៍ ក្រុមហ៊ុន រោងចក្រ ធនាគារ សណ្ឋាគារ ។​ល​។ កន្លងមក មូលនិធិ​ជនពិការ បានប្រគល់​ផ្ទះ ជូនទៅ​ជនពិការ​ក្រីក្រ នៅ​ខេត្តបាត់ដំបង ខេត្តតាកែវ និង​ខេត្តសៀមរាប នេះ​ជា​ផ្ទះ​ទី​៤ ហើយ ដែល​មូលនិធិ​ជនពិការ បានប្រគល់​ជូន​ជនពិការ​។

មូលនិធិ​ជនពិការ នឹង​ផ្តល់ជូន​ជា​បន្តទៀត នៅ​ខេត្ត​ផ្សេងៗ​ទៀត ដែល​ខេត្ត​ខ្លះ សាងសង់​រួច ៩០ % និង​ខេត្ត​ខ្លះ បាន​សង់​រួច​ជា​ស្ថាពរ​។ ការផ្តល់​ផ្ទះ មូលនិធិបាន​ប្រជុំ ពិនិត្យ​វាយតម្លៃ កំណត់​លក្ខណៈសម្បត្តិ ជនពិការ​ក្រីក្រ តាម​សហគមន៍​។​

​ក្នុង​ពិធី​នេះដែរ លោក ជូ រតនៈ នាយក​មូលនិធិ​ជនពិការ បាន​នាំ​អំណោយ​សប្បុរសធម៌ សម្រាប់​ផ្តល់ជូន ដល់​គ្រួសារ​លោក ខ្វាន់ សារឿន រួមមាន​៖ ថវិកា ១០ម៉ឺន​រៀល អង្ករ​២៥​គីឡូក្រាម ត្រីខ​២​យូ ទឹកស៊ីអ៊ីវ​១​យួ ទឹកត្រី​១​យួ អំបិល ២ កញ្ចប់ មី​១​កេះ ។

ក្នុងនោះដែរ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តនិង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង ជួយឧបត្ថម្ភ​គ្រួសារ​លោក ខ្វាន់ សារឿន បន្ថែម និង​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ២០ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម សារុង​១ មុង​១ ភួយ​១ ក្រមា​១ និង​ថវិកា​មួយចំនួន ពី​មូលនិធិ​ជនពិការ ផងដែរ​៕​v

ទីតាំងផ្សាយពាណិជ្ជកម្ម