គាំ កៃ អតីត​ប្រធានភូមិ​នៅ​ស្រុក​កំចាយមារ​

299
ចែករម្លែក
លោក ឆូវ ដុំ មេឃុំ​ទឹកថ្លា ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ផ្តល់ព័ត៌មាន​ទាក់ទង​នឹង​ប្រជាជន​ដែល​ធ្លាប់បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​នៅក្នុង​ឃុំ​របស់លោក និង​ប្រជាជន​ដែលមាន​បញ្ហា​សុខភាព​ប្រាប់​ដល់​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា អ៊ុន សុដាវី ។ (​លី កុក​ឆាយ​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​គាំ កៃ មិនអាច​ដើរ​រួច​អស់​រយៈពេល​ប្រហែល​ពីរ​ខែ​កន្លងមកហើយ ព្រោះ​គាត់​ឈឺក្បាល​ជង្គង់​។ កៃ និយាយប្រាប់​ខ្ញុំ​ថា ជំងឺ​របស់គាត់​គឺជា​ជំងឺ​ដែលជា​ទូទៅ​កើតឡើង​ចំពោះ​មនុស្ស​ចាស់ជរា​។ កៃ ជ្រើស​រើសយក​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​របស់គាត់​តាមរយៈ​មន្ទីរពេទ្យ​រដ្ឋ​ដែល​ស្ថិត​នៅក្បែរ​ផ្ទះ​។ គាត់​ពិតជា​រីករាយ​ប្រសិនបើ​មានការ​ពិនិត្យ​សុខភាព​ជូន​គាត់​។​


​សព្វថ្ងៃ កៃ មាន​អាយុ​៨៣​ឆ្នាំ រស់នៅ​ភូមិ​ដូន​ដោក ឃុំ​ជា​ច ស្រុក​កំចាយមារ ខេត្តព្រៃវែង ជាមួយ​កូនៗ​ដែល​ប្រកបមុខរបរ​ធ្វើស្រែ​ចម្ការ​។ ទោះបី​គាត់​មាន​វ័យ​ចំណាស់ ប៉ុន្តែ​គាត់​នៅ​ចងចាំ​រឿងរ៉ាវ​បាន​ខ្លះ​ពេលដែល​គាត់​ឆ្លងកាត់​របប​ខ្មែរក្រហម​។​
​កៃ រំឭកថា នៅក្នុង​របប​ខ្មែរក្រហម​គ្មាន​នរណាម្នាក់​ខ្វាយខ្វល់​ពី​អនាម័យ និង​សុខភាព​ឡើយ​។ ដូច្នេះ​ទោះបីជា​បច្ចុប្បន្ននេះ​ជំងឺ​កូ​រ៉ូ​ណា​កំពុងតែ​រាតត្បាត​ក្តី ក៏​គាត់​មិនសូវ​ព្រួយបារម្ភ​ខ្លាំង​ដែរ ព្រោះ​គាត់​យល់ឃើញថា​ប្រព័ន្ធ​សុខាភិបាល​សព្វថ្ងៃ​ប្រសើរ​ជាង​នៅ​សម័យ​ខ្មែរក្រហម និង​មានការ​យកចិត្តទុកដាក់​។


​កៃ កើត​នៅក្នុង​គ្រួសារ​កសិករ​ដែលមាន​ម្តាយ​ឪពុក​ប្រក​បរបរ​ធ្វើស្រែ​ចម្ការ ដើម្បី​ចិញ្ចឹមជីវិត​។ នៅក្នុង​របប លន់ នល់ កៃ បាន​រៀនសូត្រ​តិចតួច​ណាស់​នៅ​សាលា​វត្ត​ទួល​សង្កែ​។ កៃ រៀនអក្សរ​ជាមួយ​ព្រះសង្ឃ​ដែល​បួស​នៅក្នុង​វត្ត​ទួល​សង្កែ ព្រោះ​ក្នុងពេលនោះ​គ្មាន​សាលារៀន និង​គ្រូបង្រៀន​នៅក្នុង​ភូមិ​ឡើយ​។ មិនយូរប៉ុន្មាន កៃ បានសម្រេច​ចិត្ត​បួស​ជា​ព្រះសង្ឃ និង​បាន​ស្នាក់នៅ​ក្នុង​វត្ត​ទួល​សង្កែ​អស់​រយៈពេល​ប្រាំ​វស្សា​។

លោក​វេជ្ជបណ្ឌិត ដេ​ម៉ូ​ស​ធី​ន រ៉េ​យស៍ ទីប្រឹក្សា​គម្រោង ប្រមូល និង​ចងក្រង​ការចងចាំ​ប​ពិសោធន៍​ក្នុង​របប​ខ្មែរក្រហម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចុះ​ពិនិត្យ​សុខភាព​ប្រជាជន​នៅក្នុង​ខេត្តព្រៃវែង​។ (​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ខ្មែរក្រហម​បាន​ចូលមក​ដល់​ភូមិ​របស់ កៃ បន្ទាប់ពី​រដ្ឋប្រហារ​ទ​ម្លា​ក់​សម្តេចព្រះ​នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៧០ ហើយ​គាត់​ក៏បាន​សឹក​នៅពេល​នោះដែរ​។ នៅ​អំឡុង​ឆ្នាំ​១៩៧២ កៃ ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​ធ្វើជា​ប្រធានភូមិ ហើយ​នៅក្នុង​ភូមិ​របស់គាត់​ក៏មាន​ប្រជាជន​ថ្មី​ចូលមក​រស់នៅ​ដែរ​។ នៅ​ចុងឆ្នាំ​១៩៧៣ ខ្មែរក្រហម​បាន​ប្រមូល​ភូមិ​នីមួយៗ​បញ្ចូល​គ្នា ដើម្បី​បង្កើត​ទៅជា​សហករណ៍​។ សហករណ៍​រួម​បានចាប់ផ្តើម​ដំណើរការ​ពី​ឆ្នាំ​១៩៧៤ ហើយ​នៅក្នុង​សហករណ៍​ក៏​មិនសូវ​ខ្វះខាត​អាហារ​ដែរ​។ ទោះបី កៃ ធ្វើជា​មេភូមិ ប៉ុន្តែ​គាត់​ត្រូវធ្វើ​ការ​ដូច​ប្រជាជន​ដែរ​។ ចន្លោះ​ពី​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​១៩៧៥ កៃ ដឹក​ត្រយូងចេក ផ្លែ​ចេក និង​បន្លែបង្ការ​ផ្សេងៗ​ទៅ​ផ្គត់ផ្គង់​សហករណ៍ និង​ចែក​ទៅ​ប្រជាជន​ដែល​កំពុងតែ​ជីក​ប្រឡាយ​។ កៃ បា​នប​ររទេះសេះ​ពី​ស្រុក​កំចាយមារ ខេត្តព្រៃវែង ទៅ​ដឹក​បន្លែ​នៅ​ស្រុក​អូ​រាំង​ឪ ដែល​ស្ថិតក្នុង​ខេត្តកំពង់ចាម​។ កៃ ត្រូវ​ចំណាយពេល​ពេញ​មួយថ្ងៃ​ក្នុងការ​ដឹកជញ្ជូន​បន្លែ​ទាំងអស់នោះ ហើយ​ពេលខ្លះ​គាត់​ដេក​នៅតាម​ផ្លូវ​ចំនួន​មួយ​យប់​នៅពេលដែល​ស្ថានភាព​ផ្លូវ​ធ្វើដំណើរ​លំបាក​ខ្លាំង​។ កៃ ប​រទេះសេះ​ចេញពី​ស្រុក​កំចាយមារ​តាំងពី​ព្រលឹម​ម៉ោង​ប្រហែល​៤​ទៀបភ្លឺ និង​ទៅដល់​កំពង់ចាម​ម៉ោង​ប្រហែល​៨​ព្រឹក ហើយ​ត្រឡប់​មកដល់​កំចាយមា​រវិ​ញ​នៅ​ម៉ោង​ប្រហែលជា​៥​រសៀល​។ កៃ ធ្វើ​កិច្ចការ​នេះ​រៀងរាល់ថ្ងៃ​។


​នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​កាប់​អំណាច​ពេញលេញ​ក្នុង​ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បាន​ចាត់តាំង កៃ ឲ្យ​ទៅធ្វើ​ស្រែ​វិញ ដោយ​មិន​ឲ្យ​គាត់​ធ្វើជា​មេភូមិ​ដូច​មុន​ឡើយ​។ ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ថ្មី​ចូលមក​រស់នៅក្នុង​កាន់​តែ​ច្រើន​។ កៃ បានធ្វើការ និង​រស់នៅ​ទីនោះ​ជាមួយ​ប្រជាជន​ថ្មី​ទាំងនោះ​។ រហូតដល់​ឆ្នាំ​១៩៧៨ មេដឹកនាំ​ខ្មែរក្រហម​បាន​ចាប់ សោ ភឹម គឺជា​លេខា​ភូមិភាគ​បូព៌ា ដោយ​ចោទថា​ក្បត់ និង​ចូល​ដៃ​ជាមួយ​វៀតណាម​។ បន្ទាប់មក យោធា​ខ្មែរក្រហម​បានចាប់ផ្តើម​កៀរ​ប្រជាជន​ចេញពី​ភូមិ​។ ប្រជាជន​នៅក្នុង​ភូមិ​បាននាំគ្នា​ប្រឆាំង ដោយ​ប្រជាជន​ខ្លះ​កាន់​កាំបិត ពូថៅ ដំបង ព្រោះ​មិន​ចង់​ចាក​ចេញពី​ភូមិ​ឡើយ​។​ប៉ុន្តែ​យោធា​ខ្មែរក្រហម​មកពី​ភូមិ​និរតី​នៅតែ​បង្ខំ​ឲ្យ​ប្រជាជន​ចាកចេញ​។ យោធា​ខ្មែរក្រហម​ទាំងនោះ បាន​បាញ់​គ្រាប់​បេ​៤០​ដាក់​ប្រជាជន​ដែល​បះបោរ​ប្រឆាំង​ទាំងនោះ​។ ពេលនោះ កៃ ដែល​នៅ​ឈរ​ផ្អែក​សសរផ្ទះ ក៏ត្រូវ​អំបែង​គ្រាប់​ចំ​ខ្ទង់ច្រមុះ និង​ក្បែរ​ភ្នែក​ខាងស្តាំ​។ ប្រជាជន​ជាច្រើន​ត្រូវបាន​សម្លាប់​នៅពេលនោះ​។ នៅវេលា​ម៉ោង​ប្រហែល​៩​ព្រឹក ក្នុង​កក្កដា ឆ្នាំ​១៩៧៨ កៃ និង​ប្រជាជន​ដែល​នៅរស់​ជីវិត ត្រូវបាន​យោធា​ខ្មែរក្រហម​ជម្លៀស​ចេញពី​ភូមិ ក្នុង​គោលបំណង​យកទៅ​សម្លាប់ចោល ប៉ុន្តែ​គណៈ​ស្រុក​បាន​ទៅយក កៃ ត្រឡប់មកវិញ​។ កៃ ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​រស់នៅ​ឃុំ​ត្បែង​។ នៅ​ទីនោះ​ខ្មែរក្រហម​ចាត់តាំង​ឲ្យ​គាត់​ធ្វើស្រែ​ចម្ការ​គ្មាន​ពេលទំនេរ​ឡើយ​។ ចំណែក​របប​អាហារ គាត់​ហូប​តែ​បបរ​រាវ​ប៉ុណ្ណោះ​។ រយៈពេល​ប្រហែល​២​ខែក្រោយ​មក កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​បាន​ចូលមក​ដល់ ដូច្នេះ​យោធា​ខ្មែរក្រហម​ក៏​ចាប់ផ្តើម​កៀរ​អ្នកស្រុក​ចេញពី​ភូមិ​ម្តងទៀត​។ កៃ និង​ក្រុមគ្រួសារ​ត្រូវបាន​យោធា​ខ្មែរក្រហម​កៀរ​ទៅដល់​ទន្លេ​បិត​។ នៅពេលដែល​ខ្មែរក្រហម​រត់​បែកខ្ញែក​គ្នា​អស់ កៃ បាន​នាំ​គ្រូ​សារ​ត្រឡប់មក​រស់នៅក្នុង​ស្រុក​កំចាយមារ​រហូតមក​។​


​បច្ចុប្បន្ន កៃ បាន​ទៅ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​វិធី​ព្យាបាល​ជំងឺ​ឈឺក្បាល​ជង្គង់​របស់គាត់​ដែល​បានកើត​ឡើងជា​ប្រចាំ​។ គ្រូពេទ្យ​បាន​ជ្រើស​យក​វិធី​ចាក់​ថ្នាំ​លើ​ក្បាលជង្គង់​របស់ កៃ នៅពេលដែល​គាត់​ឈឺ​ចុកចាប់​ខ្លាំង​។ កៃ អាច​ដើរ​បាន​ខ្លះ ដោយ​គាត់​ត្រូវ​កាន់​ឈើច្រត់​ដើម្បី​ទប់ខ្លួន​៕សរន

លោក​វេជ្ជបណ្ឌិត ដេ​ម៉ូ​ស​ធី​ន រ៉េ​យស៍ ទីប្រឹក្សា​គម្រោង ប្រមូល និង​ចងក្រង​ការចងចាំ​ប​ពិសោធន៍​ក្នុង​របប​ខ្មែរក្រហម​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា វាស់​សម្ពាធ​ឈាម​ប្រជាជន​នៅក្នុង​ខេត្តព្រៃវែង​។ (​ផេង ពង្ស​រ៉ាស៊ី​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ