ក្រសួងសុខាភិបាល ប្រកាសពីករណីវិជ្ជមាន វីរុសកូវីដ-១៩ ថ្មីមួយនាក់ នៅថ្ងៃទី២១ ខែឧសភា នេះ

362
ចែករម្លែក

ដោយៈមុនីរ័ត្ន,បូព៌ព្រឹក្ស/ភ្នំពេញៈក្រសួងសុខាភិបាលបានប្រកាសពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីមួយនាក់ នៅថ្ងៃទី២១ ខែឧសភានេះ។

ការរកឃើញវិជ្ជមានកូវីដ១៩ថ្មីនៅថ្ងៃទី២១ខែឧសភានេះជាបុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ ដែលបុរសនេះជាអ្នកដំណើរទើបនឹងវិលត្រឡប់មកពីហ្វីលីពីន បន្តជើងហោះហើរពីសាធារណរដ្ឋកូរ៉េមកដល់កម្ពុជា។ បុរសរូបនេះ មានទីលំនៅនៅស្រុកកំពង់ត្រាច ខេត្តកំពត។ ចំណែកមនុស្សចម្រុះជាតិសាសន៍ចំនួន ៦២នាក់ បន្តធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាលបានឲ្យដឹងថាគិតត្រឹមម៉ោង១៨:០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០លទ្ធផលតេស្តសំណាកអ្នកដំណើរទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្ហាញថា អ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន ១នាក់ ជាបុរសជនជាតិខ្មែរអាយុ 26ឆ្នាំមានទីលំនៅនៅឃុំកំពង់ត្រាចស្រុកកំពង់ត្រាចខេត្តកំពត។ បុរសនេះជាអ្នកដំណើរវិលត្រឡប់ មកពីប្រទេសហ្វីលីពីន បន្តជើងហោះហើរពីសាធារណរដ្ឋកូរ៉េ បានមកដល់កម្ពុជានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០វេលា ម៉ោង២២:០០នាទី ។ 

ក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកដំណើរសរុបចូលមកកម្ពុជាមាន ៦៣នាក់ (ស្រី ១៤នាក់ប្រុស ៤៩នាក់) ដែលមានជនជាតិកូរ៉េ ២៣នាក់ ប៊ែលហ្សិក ១នាក់ តៃវ៉ាន់ ១នាក់ ហូឡង់ ១នាក់ជប៉ុន ៣នាក់ និងជនជាតិខ្មែរ ៣៤នាក់។ មានការត្រួតពិនិត្យដែលក្រុមគ្រូពេទ្យនិងបានដាក់ឱ្យនៅរង់ចាំកន្លែងធ្វើចត្តាឡីស័កនៃជាតិអាកាសយាន្តស្ថានអន្តរជាតិភ្នំពេញនៅពេលមកដល់រាជធានីភ្នំពេញភ្លាម។ ហើយបានយកវត្ថុសំណាកទៅធ្វើវិភាគទាំងអស់ដែលជាលទ្ធផលបង្ហាញថា មានវិជ្ជមានកូវីដ ១៩ លើបុរសជនជាតិខ្មែរម្នាក់ខាងលើនេះ។ ក្រសួងសុខាភិបាលបានបញ្ជូនបុរសម្នាក់នេះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត រួចហើយ។ ចំណែកអ្នកដំណើរទាំង ៦២នាក់ទៀតត្រូវបន្តធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញដើម្បីតាមដានសុខភាពតាមវិធាន វិធានការសុខាភិបាលជាចាំបាច់៕សរន

សូមអានសេចក្តីប្រកាស

ទីតាំងផ្សាយពាណិជ្ជកម្ម