ទើបតែ​បាន​ជួបជុំ​ឪពុកម្ដាយ​វិញ​ក្រោយ​ត្រូវគេ​ចាប់ពង្រត់​៣២​ឆ្នាំ​

285
ចែករម្លែក

បុរស​ជនជាតិ​ចិន ម្នាក់​ដែល​ត្រូវគេ​ចាប់ពង្រត់​យកទៅ​បាត់​ដំណឹង​សូន្យឈឹង​កាលពី ៣២ ឆ្នាំមុន ពេលនេះ​មានសំណាង​បាន​ជួបជុំ​ឪពុកម្តាយ​បង្កើត​របស់​ខ្លួន​វិញ​គួរឱ្យ​អបអរសាទរ បន្ទាប់ពី ប៉ូលិស​ប្រើ​បច្ចេកវិទ្យា​ចំណាំ​មុខ (Facial Recognition Technology) ដើម្បី​ជួយ​តាម​ស្វែងរក​គាត់​។​

​ការិយាល័យ​សន្តិសុខ​សាធារណៈ​ក្រុង​ស៊ី​អាន (Xi’an) ប្រទេស​ចិន បានចេញ​សេចក្តីថ្លែងការណ៍ ថា លោក ម៉ៅ យ៉ិ​ន (Mao Yin) មាន​អាយុ​ទើបតែ ២ ឆ្នាំ​ប៉ុណ្ណោះ នៅពេល​ត្រូវគេ​ចាប់ពង្រត់​យក ទៅ​នៅ​ខាងក្រៅ​សណ្ឋាគារ​មួយកន្លែង​ក្នុង​ក្រុង​ស៊ី​អាន ខេត្ត​សាន​ស៊ី (Shaanxi) ក្នុង​ឆ្នាំ​១៩៨៨ ហើយ​លក់​ឱ្យទៅ​ពីរ​នាក់​ប្ដី​ប្រពន្ធ​គ្មាន​កូន​នៅ​ខេត្ត​ស៊ី​ឈាន់ (Sichuan) ក្បែរ​ខាង​ដែល​បាន​ចិញ្ចឹម គាត់​ដូច​កូនបង្កើត​។​

​ប៉ូលិស​បាន​យក​រូបថត​មួយ​សន្លឹក​របស់លោក ម៉ៅ យ៉ិ​ន កាលពី​នៅ​តូច​ហើយ​បាន​ស្គែ​ន​វា​បញ្ចូល ក្នុង​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ជាតិ ដើម្បី​ស្វែងរក​អ្នក​ដែល​មានមុខ​ប្រហាក់ប្រហែលគ្នា​។

​ពួកគេ​ធ្វើបែបនេះ​ដោយសារ​ទទួលបាន​ព័ត៌មាន​សម្ងាត់​ថា មនុស្សម្នា​ក់នៅ​តំបន់​មួយ​ក្នុង​ខេត្ត ស៊ី​ឈ័ន បាន​ទិញ​កូន​ម្នាក់​យកទៅ​ចិញ្ចឹម​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ។​

​ជា​លទ្ធផល​នៃ​ការប្រឹងប្រែង​របស់​សម​ត្ថ​កិច្ច កាលពី​ថ្ងៃ​ច័ន្ទ ទី​១៨ ខែ ឧសភា បុរស​អាយុ ៣៤​ឆ្នាំ រូបនេះ​បាន​ជួបជុំ​ឪពុកម្តាយ​បង្កើត​របស់​ខ្លួន​វិញ​ដោយ​ក្ដីរំភើប និង​សម្រក់​ទឹកភ្នែក​រហាម​គួរ ឱ្យ​រំជួលចិត្ត​។​

​គួររំឭកថា ជាច្រើន​ឆ្នាំ​មកនេះ ឪពុកម្ដាយ​របស់គាត់​មិនដែល​បោះបង់​ការព្យាយាម​ស្វែងរក​កូន ប្រុស​ដែល​បាត់​ខ្លួន​រូបនេះ​ឡើយ​។ អ្នកស្រី លី ជី​ង​ជី (Li Jingzhi) ម្ដាយ​របស់គាត់​បាន​ប្រាប់ ស្ថានីយទូរទស្សន៍ CCTV ថា បន្ទាប់ពី​កូនប្រុស​ត្រូវគេ​ចាប់​យកទៅ គាត់​បាន​បោះបង់​ការងារ ហើយ​ដើរ​ចែក​ខិត្តប័ណ្ណ​ជាង ១០០.០០០ សន្លឹក​ដល់​មន្ត្រី​គ្រប់​ទីកន្លែង​និង​បានបង្ហាញ​មុខ​តាម​ប៉ុស្តិ៍ ទូរទស្សន៍​ជាច្រើន​ដើម្បី​អំពាវនាវ​ឱ្យ​កូន​ត្រលប់មក​ផ្ទះ​វិញ​។

​ក្នុង​រយៈពេល​ជាង ៣ ទសវត្សរ៍​មកនេះ អ្នកស្រី លី ទទួលបាន​តម្រុយ​ជាច្រើន​ហើយ​គាត់​តែងតែ ទៅតាម​តម្រុង​ទាំងនោះ​ដើម្បី​ចង់ដឹងថា តើ​ពួកគេ​ជា​កូន​របស់គាត់​ដែល​បាត់ទៅ ឬ​មិនមែន​។ គួរឱ្យ​ខកចិត្ត​ណាស់ គាត់​ទៅតាម​តម្រុយ​គេ​ប្រាប់​ប្រមាណ ៣០០ លើក ប៉ុន្តែ​សុទ្ធតែ​មិនមែនជា កូន​របស់គាត់​។

​ប៉ុន្តែ​នៅ​ចុងខែ​មេសា កន្លងទៅ ប៉ូលិស​ក្រុង​ស៊ី​អាន ទទួលបាន​ព័ត៌មាន​សម្ងាត់​ថា បុរស​ម្នា​ក់នៅ ខេត្ត​ស៊ី​ឈ័ន បាន​ទិញ​កូន​ម្នាក់​ពី​ខេត្ត​សាន​ស៊ី នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ នេះ​បើ​យោងតាម សេចក្តីថ្លែងការណ៍​រប​ស់​មន្ត្រី​ក្រុង​ស៊ី​អាន​។​

​ប៉ូលិស​បាន​តាមរក​លោក ម៉ៅ ហើយ​ក្រោយមក​បាន​បញ្ជាក់ថា គាត់​ពិតជា​កូនប្រុស​របស់​អ្នកស្រី លី ដែល​ត្រូវគេ​ចាប់ពង្រត់​យកទៅ​ប្រាកដ​មែន បន្ទាប់ពី​ការធ្វើ​តេស្ត DNA ដើម្បី​បញ្ជាក់​។​

​ឪពុកម្តាយ​ចិញ្ចឹម​រប​ស់លោក ម៉ៅ បាន​ប្តូរ​ឈ្មោះ​គាត់​ថា គូ នី​ង​នី​ង (Gu Ningning) ហើយ​គាត់ បាន​ធំធាត់​ឡើង​ដោយ​មិនដឹង​សោះ​ថា អ្នកណា​ជា​ឪពុកម្តាយ​បង្កើត​របស់​គាត់ ហើយក៏​មិន ដឹងថា គាត់​ត្រូវគេ​ចាប់ពង្រត់​នោះដែរ​។

​នៅក្នុង​ពិធី​ជួបជុំគ្នា​ដែល​រៀបចំឡើង​ដោយ​ប៉ូលិស​ក្រុង​ស៊ី​អាន លោក ម៉ៅ បាន​ចេញពី​កៀន​ទ្វារ បន្ទប់​សន្និសីទ ហើយ​ស្ទុះ​រត់ទៅរក​ម្ដាយ​ដែល​លាដៃ​ចាំ​ឱប​គាត់​ដោយ​ក្ដី​នឹករឭក​ជា​ពន់ពេក​។​

​កាន់​ដៃ​កូនប្រុស​យ៉ាង​ណែន​មិន​ព្រម​លែង អ្នកស្រី លី និយាយ​ទាំង​ទឹកភ្នែក និង​អារម្មណ៍​ក្ដុកក្ដួល ថា “​ខ្ញុំ​មិន​ចង់​ឱ្យគេ (​កូន​) ទៅ​ចោល​ខ្ញុំ​ទៀតឡើយ​។ ខ្ញុំ​នឹងមិន​អនុញ្ញាត​ឱ្យគេ​ទៅ​ចោល​ពី​ខ្ញុំ ទៀត​ទេ​”​។​

​ចំណែក​លោក ម៉ៅ ដែល​បើក​អាជីវកម្ម​តុបតែង​គេហដ្ឋាន​នៅ​ខេត្ត​ស៊ី​ឈ័ន បាន​ប្រាប់ CCTV ថា គាត់​នឹង​ផ្លាស់​មក​ក្រុង​ស៊ី​អាន ដើម្បី​រស់នៅ​ជុំគ្នា​ជាមួយ​ឪពុកម្តាយ​បង្កើត​របស់​គាត់​។​

​សូមបញ្ជាក់ថា គ្មាន​ស្ថិតិ​ផ្លូវការ​ស្តីពី​ចំនួន​កុមារ​ដែល​បាន​បាត់​ខ្លួន​រាល់​ឆ្នាំ​នៅក្នុង​ប្រទេស​ចិន ឡើយ ប៉ុន្តែ​ប្រព័ន្ធ​មួយ​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៦ ដើម្បី​បញ្ជូន​ដំណឹង​អំពី​កុមារ ដែល​បាត់​ខ្លួន តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម និង​ផ្ញើ​សារ​ជា​អក្សរ​តាម​ទូរស័ព្ទ​ចល័ត​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ិន​ហួ ចុះផ្សាយ​ថា ប៉ូលិស​បាន​ជួយ​កុមារ​រហូតដល់​ទៅ​ជាង ៦.៣០០​នាក់ ដែល​ត្រូវគេ​ចាប់ពង្រត់​យកទៅឱ្យ​បាន​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​វិញ​ក្នុង​រយៈពេល មួយ​ទសវត្សរ៍​កន្លងមកនេះ​តាមរយៈ​ប្រព័ន្ធ​ផ្គូរ​ផ្គង DNA​។​

​ការចាប់​ពង្រត់ និង​ការជួញដូរ​កុមារ​បានកើត​ឡើងជា​ហូរហែ​នៅក្នុង​ប្រទេស​ចិន​ចាប់តាំងពី ទសវត្សរ៍​ឆ្នាំ​១៩៨០ នៅពេល​គោលនយោបាយ​កូន​មួយ​របស់​ចិន ត្រូវបាន​អនុវត្ត​យ៉ាង​តឹងរ៉ឹង ហើយ​ប្រពៃណី​ចង់បាន​កូនប្រុស​ស្នង​ត្រកូល​ក៏​ជា​កត្តា​ជំរុញ​ឱ្យ​អំពើ​ចាប់ពង្រត់​កូនក្មេង​កើនឡើង​ខ្លាំង​ផងដែរ​៕ ប្រែ​សម្រួលៈ ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម