ទិវា​ជាតិ​យេ​ម៉ែន

251
ចែករម្លែក

ភ្នំពេញៈ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ យេ​ម៉ែន ប្រារព្ធ​ទិវា​ជាតិ​របស់​ពួកគេ​នៅ​ថ្ងៃទី ២២ ខែ​ឩ​សភា ដើម្បី​រំឭក​ដល់​ការរួបរួម​បញ្ចូល​គ្នា រវាង​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត យេ​ម៉ែន (​យេ​ម៉ែន​ខាងត្បូង​) និង​សាធារណរដ្ឋ​យេ​ម៉ែន អារ៉ាប់ (​យេ​ម៉ែន​ខាងជើង​) បង្កើតបានជា សាធារណរដ្ឋ​យេ​ម៉ែន កាលពី​ឆ្នាំ ១៩៩០​។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ​យេ​ម៉ែន គឺជា​រដ្ឋ​អារ៉ាប់​មួយ​ស្ថិតនៅ​អាស៊ី​ខាងលិច មាន​ផ្ទៃដី ៥២៧.៩៧០ គីឡូម៉ែត្រ​ក្រឡា មាន​កោះ​ជាង ២០០ មាន​ឆ្នេរ​សមុទ្ទ​ប្រមាណ​ជា ២.០០០ គីឡូម៉ែត្រ មាន​ព្រំដែន ជាប់​នឹង​សា​អ៊ូ​ឌី​អារ៉ាប់ សមុទ្ទ​ក្រហម ឈូងសមុទ្ទ​អេ​ដែន និង​ប្រទេស​អូ​ម៉​ង់​។ ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​ជាង ២៩ លាន​នាក់ ភាគច្រើន ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម ភាសាផ្លូវការ គឺ​ភាសា​អារ៉ាប់ រដ្ឋធានី គឺ​ទីក្រុង​សា​ណា​។​

​យេ​ម៉ែន​ខាងត្បូង​
​រហូតដល់​ឆ្នាំ​១៩១៨ ទឹកដី​យេ​ម៉ែន​ខាងត្បូង ស្ថិតនៅក្រោម​អាណានិគម​អង់គ្លេស​នៅឡើយ​។ គិត​ត្រឹម​ឆ្នាំ​១៩៦៣ ក្រុម​ឩ​ទ្ទាម​យេ​ម៉ែន ប្រឆាំងនឹង​អាណានិគម​អង់គ្លេស បានរួម​បញ្ចូល​គ្នា​បង្កើត បានជា​ក្រុម​ធំៗ​ពីរ គឺ​ក្រុម​រណសិរ្ស៍​រំដោះជាតិ (NLF) គាំទ្រ​ដោយ​អេ​ហ្ស៊ី​ព និង​ក្រុម​រណសិរ្ស៍ ដើម្បី​រំដោះ​ដែនដី​អាណានិគម (FLOSY) ហើយ​ក្រុម​ទាំងពីរ​នេះ មិនមែន​វាយប្រហារ​ប្រឆាំង តែ​អាណានិគម​អង់គ្លេស​ទេ ក៏​វាយប្រហារ​គ្នាឯង​ទៅវិញទៅមក​ផងដែរ បើទោះជា​គោលបំណង ប្រហាក់ប្រហែលគ្នា​ក៏ដោយ​។​
​ ​
​នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៦៣ ក្រុម NLF បាន​គប់​គ្រាប់បែកដៃ ទៅលើ​ស្នងការ​ជាន់ខ្ពស់​អង់គ្លេស នៅ​ទីក្រុង​កំពង់ផែ​សមុទ្ទ​អេ​ដែន បានសម្លាប់​ស្ត្រី​ម្នាក់ និង​របួស ៥០ នាក់​។ ពេលនោះ ក្រុម FLOSY ក៏​ចាប់ផ្តើម​បើក​យុទ្ធនាការ​វាយប្រហារ ដោយ​គ្រាប់បែកដៃ​ប្រឆាំងនឹង​អាណានិគម អង់គ្លេស​ដែរ បាន​បញ្ឆេះ​ភ្លើង​ហិង្សា​ធំ​ឡើៗ ជា​បន្តបន្ទាប់​។​

​នៅ​ថ្ងៃទី​១៩-២០ ខែមករា ឆ្នាំ​១៩៦៧ ក្រុម NLF បានចេញ​បង្កើត​កុបកម្ម នៅតាម​ដង​វិថី​នានា នៃ​ទីក្រុង​អេ​ដែន រហូតដល់​នគរបាល​ក្រុង​អេ​ដែន បាត់បង់​ការគ្រប់គ្រង​ស្ថានភាព​។ អគ្គស្នងការ អាណានិគម​អង់គ្លេស បានដាក់​ពង្រាយ​កងទ័ព​អង់គ្លេស បង្ក្រាប​ក្រុម​កុប្បកម្ម​នោះ ក៏មាន​ការ​ប៉ះ ទង្គិច​ប្រដាប់អាវុធ រវាង​កងទ័ព​អាណានិគម​អង់គ្លេស និង​ក្រុម​ឩ​ទ្ទាម​យេ​ម៉ែន​ខាងត្បូង​ហើយ​បាន អូសបន្លាយ រហូតដល់​ខែកុម្ភៈ ដោយ​ការប្រយុទ្ធ​គ្នា​នោះ សរុប​ជាង ១០០ លើក​។​

​មេដឹកនាំ​អេ​ហ្ស៊ី​ព លោក​ហ្កា​ម៉ា​ល់​អាប់ ដែល​ណា​ស្សែ​រ៍ បាន​ចោទ​អាណានិគម​អង់គ្លេស​ថា បានធ្វើ​សង្គ្រាម​ប្រឆាំង​ឩ​ទ្ទាម​យេ​ម៉ែន​ខាងត្បូង ដើម្បី​ជួយ​យក​អំណាច​នៅ​ទីនោះ ឱ្យ​អ៊ីស្រាអែល​។ នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៦៧ នោះ អេ​ហ្ស៊ី​ព បាន​បញ្ជូន​កងទ័ព​មួយចំនួន​ទៅ​ជួយ​ក្រុម​ឩ​ទ្ទាម យេ​ម៉ែន ហើយ​ការប្រយុទ្ធ​គ្នា​បានសម្លាប់​កងទ័ព​អាណានិគម​អង់គ្លេស ២២ នាក់​បាញ់​ទម្លាក់ ឩ​ត្ថ​ម្ភា​ក​ចក្រ​ជាច្រើន​គ្រឿង​ហើយ​ទីបំផុត​ក្រុម​ឩ​ទ្ទាម​យេ​ម៉ែន​ខាងត្បូង​ដណ្តើម​គ្រប់គ្រង​បាន​តំបន់​ខា​ទ័​រ​។​

​ការ​វាយ​ប្រយុទ្ធ​គ្នា រវាង​អាណានិគម​អង់គ្លេស និង​ក្រុម​ឩ​ទ្ទាម​យេ​ម៉ែន បាន​ចេះតែ​បន្ត​ចាញ់ឈ្នះ​គ្នា ជា​បន្តបន្ទាប់ លុះដល់​មុន​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​១៩៦៧ នោះ​កងទ័ព​អង់គ្លេស​បាន​ដកថយ​ចេញ ពី​ទីក្រុង​អេ​ដែន​។ ពេលនោះ ក្រុម NLF បាន​ច្បាម​យក​អំណាច នៅ​ដែនដី​អេ​ដែន​នោះ​ហើយ បង្កើតបានជា​សាធារណរដ្ឋ​ប្រជាមានិត​យេ​ម៉ែន​ខាងត្បូង ហើយ​បាន​ប្តូរ​ទៅជា​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត យេ​ម៉ែន នៅ​ឆ្នាំ​១៩៧០​។​

​យេ​ម៉ែន​ខាងជើង​
​ការដួលរលំ​អាណាចក្រ​អូ​តូ​ម៉​ង់ នៅ​ឆ្នាំ​១៩១៨ ទើប​រដ្ឋ​យេ​ម៉ែន (​ខាងជើង​) កើត​ឡើងជា​រូបរាង គ្រប់គ្រង ដោយ​របបរាជានិយម ហើយ​ប្រកាន់​សាសនា​អ៊ិ​ស្លាម តឹងរឹង​។ ភាពម៉ឺងម៉ាត់​នៅក្នុង ការប្រកាន់​សាសនា​នោះ បណ្តាលឱ្យ​ពួក​គ្រិស្ត​សាសនិក នៅលើ​ទឹកដី​នោះ​និង​ជុំវិញ​នោះ បាន​ហៅ​ស្តេច​យេ​ម៉ែន អា​ហ​ម៉ា​ដ់​ប៊ី​ន​យ៉ា​ហ​យ៉ា​ថា “ អា​ហ​ម៉ា​ដ់​បិសាច “ ។ ចាប់តាំងពី​ឆ្នាំ​១៩៥៥ មក​ក៏​ចាប់ផ្តើម​មាន​ចលនា​ប្រឆាំងនឹង​រាជានិយម​។​

​ស្តេច​អា​ហ​ម៉ា​ដ់​ប៊ី​ន​យ៉ា​ហ​យ៉ា បាន​ចូល​ទិវង្គត នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​១៩៦២ ហើយ​បុត្រា​របស់ ព្រះអង្គ គឺ​ព្រះអង្គម្ចាស់​មូ​ហា​ម៉ា​ដ់​អាល​-​បា​ដ្រ បាន​ឡើង​ស្នងរាជ្យ​។ ឡើង​សោយរាជ្យ​ភ្លាម ស្តេច​មូ​ហា​ម៉ា​ដ់​អាល​-​បា​ដ្រ បានតែងតាំង​វរសេនីយឯក អាប់​ឌុល​ឡា​ហ​សាឡា​ល់ ដែល​គេ​ដឹងថា ជា​អ្នក​សង្គមនិយម​ម្នាក់ ឱ្យធ្វើជា​មេកង​អង្គរក្ស​ប្រចាំ​រាជវាំង​។​

​ដោយមាន​ការជួយ​ពី​អេ​ហ្ស៊ី​ព តាំងពី​យូរ​មកហើយ​ស្រាប់​នៅ​ថ្ងៃទី​២៦ ខែ​និង​ឆ្នាំ​ដដែល​នោះ មេកង​អង្គរក្ស​ប្រចាំ​រាជវាំង លោក​អាប់​ឌុល​ឡា​ហ​សាឡា​ល់ បាន​ដឹកនាំ​កងទ័ព ធ្វើ​រដ្ឋប្រហារ ទម្លាក់​ស្តេច​មូ​ហា​ម៉ា​ដ់​អាល​-​បា​ដ្រ ពី​រាជបល្ល័ង្ក​បាន​ដោយ​ជោគជ័យ ហើយ​លោក​អាប់​ឌុល ឡា​ហ​សាឡា​ល់ ក៏បាន​ប្រកាស​ព្រះរាជាណាចក្រ​យេ​ម៉ែន (​ខាងជើង​) ថា​ជា​សាធារណរដ្ឋ​យេ​ម៉ែន ដោយមាន​រូបគាត់​ជា​ប្រធានាធិបតី​។ សង្គ្រាម​នៅ​យេ​ម៉ែន ក៏បាន​ចាប់​ឆាបឆេះ​ឡើង​។​

​ស្តេច មូ​ហា​ម៉ា​ដ់ អាល​-​បា​ដ្រ បាន​ភៀស​ទៅ​ព្រំដែន សា​អ៊ូ​ឌី អារ៉ាប់ ហើយ​ពង្រីក​ប្រជាប្រិយ និង​ទទួលបាន​ការគាំទ្រ​ច្រើន​នៅ​ទីនោះ ។ ខាង​ពួក​អ្នករាជានិយម មាន​ប្រទេស ហ្សុ​ក​ដង់ និង សា​អ៊ូ​ឌី អារ៉ាប់ បាន​ផ្គត់ផ្គង់​ជំនួយ​យោធា ដោយ​ចេញមុខ​ហើយ​អង់គ្លេស​បាន​ជួយ​ផ្គត់ផ្គង់ ដោយ​លួចលាក់ ។​

​ចំណែក​ខាង​ពួក​អ្នក​សាធារណរដ្ឋ គាំទ្រ​ដោយ អេ​ហ្ស៊ី​ព ត្រូវបាន​គេ​ដឹងថា​ទទួល​យន្តហោះ ចម្បាំង​ពី​សហភាពសូវៀត ។ ទាំង​ខាង​ភាគី​រាជានិយម និង ខាង​សាធារណ​រដ្ឋនិយម​សុទ្ធ​តែ ទទួលបាន កងទ័ព ពី​ប្រទេស​ដែល​គាំទ្រ​ខ្លួន​រាប់ម៉ឺន​នាក់​រៀងៗ​ខ្លួន​សម្រាប់​ប្រើប្រាស់​ក្នុង សង្គ្រាម​នោះ ។​

​នៅ​ទីបំផុត ភាគី​ពាក់ព័ន្ធ​បាន​ព្រមព្រៀងគ្នា​បញ្ចប់សង្គ្រាម​នោះ​នៅ​ឆ្នាំ ១៩៦៧​ហើយ​បង្កើតបានជា រដ្ឋាភិបាល​សាធារណរដ្ឋ យេ​ម៉ែន ខាងជើង ដោយ​រួមបញ្ចូល​ទាំង​ពួក​សាធារណរដ្ឋ​និង​ពួក​អ្នក គាំទ្រ​រាជានិយម ប៉ុន្តែ​ពុំមាន​សមាជិក​រាជវង្ស​នៅក្នុង​រដ្ឋាភិបាល​នោះឡើយ ។​

សង្គ្រាម យេ​ម៉ែន ជើង​-​ត្បូង​
​នៅ​ខែតុលា ឆ្នាំ​១៩៧២ មានការ​ប្រយុទ្ធ​គ្នា រវាង យេ​ម៉ែន​ខាងត្បូង និង យេ​ម៉ែន ខាងជើង ។ យេ​ម៉ែន​ខាងជើង ទទួលបាន​ការផ្គត់ផ្គង់​ពី សា​អ៊ូ​ឌី អារ៉ាប់ ចំណែក យេ​ម៉ែន​ខាងត្បូង​ទទួល​ជំនួយ ពី សហភាពសូវៀត ។ ប៉ុន្តែ​សង្គ្រាម​នេះ​កើតឡើង​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ហើយ​ទីបំផុត​ក៏ មាន​កិច្ច​ព្រមព្រៀងគ្នា​មួយ​នៅ​ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ១៩៧២ នោះ នាទី​ក្រុង កាយ​រ៉ូ ប្រទេស អេ​ហ្ស៊ី​ព គឺ​កិច្ចព្រមព្រៀង​នោះ​ហើយ​ដែល​បានរៀបចំ​ផែនការ “ រួបរួម យេ​ម៉ែន ទាំងពីរ​បញ្ចូល​គ្នា “ ។

​មិនទាន់​បង្រួបបង្រួម​គ្នា​ផង យេ​ម៉ែន ខាងជើង​បាន​ចោទ យេ​ម៉ែន ខាងត្បូង​ថា​បាន​ជួយ​ផ្តល់ជំនួយ ដល់​ក្រុម​ឩ​ទ្ទាម យេ​ម៉ែន ខាងជើង​តាមរយៈ​រណៈសិរ្ស៍ ជាតិ​ប្រជាធិបតេយ្យ និង ការបំពាន​ព្រំដែន នាំឱ្យ​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង យេ​ម៉ែន ទាំងពីរ​ផ្ទុះឡើង​ម្តងទៀត​នៅ​ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ។ ប៉ុន្តែ​ការប្រយុទ្ធ​គ្នា​នោះ ក៏មាន​រយៈពេល​មិនយូរ​ដែរ ។​

ការរួបរួម យេ​ម៉ែន​
​នៅ​ចុង​ទសវត្សរ៍ ១៩៨០ ការរុករក​ប្រេង​នៅ​ជិត​តំបន់​ព្រំដែន នៃ យេ​ម៉ែន ទាំងពីរ​បានធ្វើ​ឱ្យមាន ចំណាប់អារម្មណ៍ ក្នុងការ​បង្កើត​កិច្ច​ព្រមព្រៀងគ្នា ដើម្បី​ទាញយក​ប្រយោជន៍​ពី​ធនធាន​នោះ សម្រាប់​កសាង​សេដ្ឋកិច្ច នៃ យេ​ម៉ែន ទាំងពីរ ។​

​នៅ​ឆ្នាំ ១៩៨៨ រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​មួយ​ដើម្បី​បន្ថយ​ភាព​តានតឹង​នានា រួមទាំង​កិច្ចព្រមព្រៀង​នានា ក្នុងការ​ពិភាក្សា​ជាថ្មី ចំពោះ​ការរួបរួម​បញ្ចូល​គ្នា​ដ៏​កំពុងមាន​កង្វល់ ដើម្បី​បង្កើត​តំបន់​រុករក​ប្រេង រួមគ្នា តាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ ដែលមាន​ឈ្មោះថា តំបន់​អភិវឌ្ឍន៍​រួម ។ នៅក្នុង​ខែ​ដដែល​នោះ ពួកគេ​បាន​បង្កើត ក្រុមហ៊ុន យេ​ម៉ែន សម្រាប់​វិនិយោគ ក្នុង​វិស័យ ធនធាន រ៉ែ និង ប្រេងកាត ។

​នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៨៩ លោក អា​លី អាប់​ឌុល​ឡា​ហ សា​ឡេ​ហ​ប្រធានាធិបតី យេ​ម៉ែន ខាងជើង និង​ប្រធានាធិបតី យេ​ម៉ែន​ខាងត្បូង លោក អា​លី សា​លីម អាល់​-​បេ​ដ បាន​ព្រមព្រៀង​ជា​ឯកច្ឆន្ទ លើ​សេចក្តីព្រាង​ធម្មនុញ្ញ សម្រាប់​ការរួបរួម​ប្រទេស​ទាំងពីរ ដែល​បាន​ព្រាង​ដំបូង​នៅ​ឆ្នាំ ១៩៨១ ។

សាធារណរដ្ឋ យេ​ម៉ែន -​ប្រេះស្រាំ​
​សាធារណរដ្ឋ​យេ​ម៉ែន គឺជា​ឈ្មោះ​ថ្មី​មួយ ដែល​កើតចេញពី​ការរួបរួម​បញ្ចូល​គ្នា​រវាង យេ​ម៉ែន​ខាង ជើង និង យេ​ម៉ែន​ខាងត្បូង ហើយ​ការបង្កើត សាធារណរដ្ឋ យេ​ម៉ែន នោះ ត្រូវបាន​ប្រកាស​ជា ផ្លូវការ នៅ​ថ្ងៃទី​២២ ខែ​ឩ​សភា ឆ្នាំ​១៩៩០ ដោយ​លោក អាប់​ឌុល​ឡា​ហ សា​ឡេ​ហ​នៃ យេ​ម៉ែន ខាងជើង គឺជា​ប្រមុខរដ្ឋ ចំណែក លោក សា​លីម អាល់​-​បេ​ដ នៃ យេ​ម៉ែន ខាងត្បូង គឺជា​ប្រុ​មុខ រដ្ឋាភិបាល ។ គឺ​ព្រឹត្តិការណ៍​នា​ថ្ងៃ​នោះឯង​ហើយ ដែល​ក្រោយមក​បានក្លាយ​ជា ទិវា​ជាតិ យេ​ម៉ែន រហូតមកដល់​សព្វថ្ងៃ ។​

​ផែនការ​អន្តរកាល​មួយ ដែលមាន​រយៈពេល ៣០ ខែ ក្នុងការ​បង្រួបបង្រួម​បញ្ចូល​គ្នា នូវ ប្រព័ន្ធ សេដ្ឋកិច្ច និង​នយោបាយ នៃ​យេ​ម៉ែន ទាំងពីរ ត្រូវបាន​បង្កើតឡើង ។ ក្រុមប្រឹក្សា​ប្រធានាធិបតី ត្រូវបាន​បោះឆ្នោត​រួម ដោយ​សមាជិក ២៦ រូប និង​១៧ នៃ យេ​ម៉ែន ទាំងពីរ ហើយ​ក្រុមប្រឹក្សា​នេះ ជា​អ្នក​តែងតាំង នាយករដ្ឋមន្ត្រី រីឯ​នាយករដ្ឋមន្ត្រី​បង្កើត​ខុទ្ទកាល័យ ។​

​ធម្មនុញ្ញ នៃ​ការរួបរួម​ប្រទេស​ទាំងពីរ ត្រូវបាន​ព្រមព្រៀង​ដំបូង នៅ​ខែ​ឩ​សភា ឆ្នាំ ១៩៩០ ហើយ ត្រូវបានធ្វើ​ប្រជាមតិ​ព្រមព្រៀង នៅ​ខែ​ឩ​សភា ឆ្នាំ ១៩៩១ ។ ក្នុង​ធម្មនុញ្ញ​នោះ បាន​ចែងថា យេ​ម៉ែន នឹង​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី ប្រកាន់​ប្រព័ន្ធ​នយោបាយ​ពុ​ហប​ក្ស អធិបតេយ្យភាព​ស្មើភាព ចំពោះមុខ​ច្បាប់ និង​គោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​។ ដូច្នោះ ទើប​ការបោះឆ្នោត​ជ្រើសរើស សមាជិកសភា ត្រូវបាន​ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​១៩៩៣ ។​

​នៅពេលដែល​វិស័យ​ប្រេងកាត​ត្រូវបាន​បូម នៅក្នុង​តំបន់​អតីត​យេ​ម៉ែន​ខាងត្បូង ពួក​មនុស្ស​ដែល ជា​អតីត​យេ​ម៉ែន​ខាងត្បូង បានចាប់ផ្តើម​មាន​អារម្មណ៍​ថា ទឹកដី​របស់​ពួកគេ​គឺជា​កន្លែង​ដែល មាន​ប្រេង​ភាគច្រើន​របស់​ប្រទេស បែរជា​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​មនុស្ស​អតីត​យេ​ម៉ែន ខាងជើង​ទៅវិញ ។

​នៅ​ទីបំផុត ជាតិ​យេ​ម៉ែន​មួយ ដែល​ទើបបាន​រួបរួមគ្នា​ថ្មីៗ ក៏បាន​ពើបប្រទះ​នឹង​វិបត្តិ​នយោបាយ នៅពេលដែល បុគ្គលិក​កម្មករ ជនជាតិ យេ​ម៉ែន ប្រមាណ​ជា ៨០០.០០០ នាក់ ត្រូវបាន សា​អ៊ូ​ឌី អារ៉ាប់ បញ្ជូន​ឱ្យ​ត្រលប់​ទៅ យេ​ម៉ែន វិញ ដោយសារតែ យេ​ម៉ែន មិន​គាំទ្រ កងកម្លាំង​ចម្រុះ នៅក្នុង​សង្គ្រាម​ឈូងសមុទ្ទ ។​

សង្គ្រាម ស៊ីវិល
​ទំនាស់​នៅក្នុង​រដ្ឋាភិបាលចម្រុះ នាំឱ្យ​អនុ​ប្រធានាធិបតី អា​លី សា​លីម អាល់​-​បេ​ដ ភៀសខ្លួន​ទៅ ទីក្រុង​អេ​ដែន ដោយបាន​ចាប់ផ្តើម​នៅ​ឆ្នាំ​១៩៩៣ នាំឱ្យមាន​វិបត្តិ​ទាំង​នយោបាយ និង​សន្តិសុខ សង្គម ។ ការពិភាក្សាគ្នា​ជា​បន្តបន្ទាប់ នៃ​មេដឹកនាំ​យេ​ម៉ែន​ទាំងពីរ នាំឱ្យមាន​ការចុះហត្ថលេខា នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​១៩៩៤​។ ប៉ុន្តែ​ក៏​នៅ​ទប់​មិនបាន ទីបំផុត​សង្គ្រាមស៊ីវិល​មួយ​បាន​ផ្ទុះឡើង នៅ​ដើមខែ​ឩ​សភា ឆ្នាំ ១៩៩៤​។​

​នៅ​ថ្ងៃទី​២១ ខែ​ឩ​សភា ឆ្នាំ​១៩៩៤ មេដឹកនាំ​ភាគខាងត្បូង បង្កើត​រដ្ឋាភិបាល​មួយ​ឈ្មោះថា សាធារណរដ្ឋ​ប្រជា​ធិ​បប​តេ​យ្យ យេ​ម៉ែន ប៉ុន្តែ​ពុំ​ត្រូវបាន​ទទួលស្គាល់​ពី​សហ​គម​ន៍​អន្តរជាតិ​ឡើយ ។​

​ទីក្រុង​អេ​ដែន ត្រូវបាន កងទ័ព​អតីត យេ​ម៉ែន ខាងជើង​ដណ្តើម​កាន់កាប់​បា​នៅ​ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ​១៩៩៤ ។ ក្រុម​តស៊ូ​ផ្សេងៗ​ក៏បាន​បែក​ខ្ចាត់ខ្ចាយ ហើយ​មេដឹកនាំ និង ទា​ហ៊ាន​ភាគខាងត្បូង រាប់ពាន់នាក់​បាន​និរទេស​ខ្លួន ។​

​នៅ​ឆ្នាំ​១៩៩៤ ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ នៃ ការរួបរួម​គ្នា បាន​លុប​បំ​បាត​ចោល​នូវ​ក្រុម ប្រឹក្សា​ប្រធានាធិបតី ។ លោក​ប្រធានាធិបតី អា​លី អាប់​ឌុល​ឡា​ហ សា​ឡេ​ហ​ត្រូវបាន​បោះឆ្នោត ដោយ​សភា នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​១៩៩៤ ឱ្យធ្វើជា​ប្រធានាធិបតី​រយៈពេល ៥​ឆ្នាំ ។​

​យេ​ម៉ែន បានរៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​លើកដំបូង នៅ​ខែកញ្ញា ឆ្នាំ​១៩៩៩ ដែល​ពេលនោះ​លោក អា​លី អាប់​ឌុល​ឡា​ហ សាលី​ហ បាន​ជាប់​ជា​ប្រធានាធិបតី​ក្នុង​អាណត្តិ ៥ ឆ្នាំ គឺជា​ការបោះឆ្នោត​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​សេរី និង យុត្តិធម៌ ។​

​រហូតដល់​ឆ្នាំ ២០១០ ការ​រង្កៀស​ចិត្ត និង កង្វល់​នៅតែមាន ហើយ​បញ្ហា​ជា​ស្នូល​នោះ​គឺ អ្នក​ភាគ ខាងត្បូង​នៅតែមាន​អារម្មណ៍​ថា​ពួកគេ​ត្រូវបាន​ប្រព្រឹត្ត​ដោយ​មិន​ស្មើភាព​គ្នា​ពី​សំណាក់​អ្នក​ភាគ​ខាងជើង ។ ប្រការនេះ​នាំឱ្យមាន​ចលនា​ប្រជាពលរដ្ឋ​មួយ​ដែលមាន​ឈ្មោះថា “ ចលនា យេ​ម៉ែន ខាងត្បូង “ ដែល​អំពាវនាវ​ឱ្យ​ត្រលប់​ទៅរក យេ​ម៉ែន ខាងត្បូង ជា​រដ្ឋ​ឯករាជ្យ​ដូចដើម​វិញ​៕

ក្បួន​ព្យុហយោធា នៃ ប្រទេស យេ​ម៉ែន
ក្បួន​ព្យុហយោធា នៃ ប្រទេស យេ​ម៉ែន
ទីក្រុង សា​ណា នៃ ប្រទេស យេ​ម៉ែន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ