ត្រាំដកអាម៉េរិកចេញពីសន្ធិសញ្ញា “បើកចំហជើងមេឃ” ក្រោយ អះអាងថារុស្ស៊ីរំលោភកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនេះ

230
ចែករម្លែក

ប្រធានាធិបតីដូណាល់ត្រាំ បានសម្រេចដកអាម៉េរិកចេញពីសន្ធិសញ្ញា “បើកជើង មេឃ” ដែលជាសន្ធិសញ្ញាមួយដើម្បីគ្រប់គ្រងអាវុធដែលបង្កើតឡើងដើម្បី លើកកម្ពស់តម្លាភាពរវាងអាម៉េរិកនិងរុស្ស៊ី ដោយអះអាងថារុស្ស៊ីបានរំលោភសន្ធិសញ្ញា នេះ។

លោកត្រាំបានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ឧសភា ថា “រុស្ស៊ីមិនគោរពតាមសន្ធិសញ្ញានេះទេ។ ទាល់តែពួកគេប្រកាន់ខ្ជាប់សិន មិនអ៊ីចឹងយើងនឹងដកខ្លួនចេញហើយ”។

រដ្ឋមន្រ្តីក្រសួងការបរទេស លោក ម៉ៃ ផមផេវ បាននិយាយថា សហរដ្ឋអាម៉េរិកនឹង ជូនដំណឹងជាផ្លូវការដល់រុស្ស៊ីនៅថ្ងៃសុក្រនេះថា សហរដ្ឋអាម៉េរិកគ្រោងនឹងចាកចេញពី កិច្ចព្រមព្រៀងដែលមាន ៣៥ ប្រទេសនេះ ដែលផ្តល់សិទ្ធិដល់ប្រជាជាតិនានាឆ្លងកាត់ ដែនអាកាសរបស់គ្នាទៅវិញទៅមកដើម្បីប្រមូលព័ត៌មានស្តីពីសកម្មភាពយោធា។

លោកផមផេវនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការនេះនឹងចូល ជាធរមានក្នុងរយៈពេល ៦ ខែទៀត ដោយបន្ថែមថាសហរដ្ឋអាម៉េរិកអាច “ពិចារណា ឡើងវិញនូវការដកខ្លួនរបស់យើង ប្រសិនបើរុស្ស៊ីគោរពតាមសន្ធិសញ្ញានេះ ពេញលេញ”។

លោកត្រាំនិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីអាម៉េរិកដកខ្លួនចេញ រុស្ស៊ីនឹងចង់ ចរចា។

លោកប្រធានាធិបតីបាននិយាយថា “ខ្ញុំគិតថាអ្វីដែលនឹងកើតឡើងគឺយើងនឹងដកខ្លួន ចេញ ហើយពួកគេនឹងចង់ធ្វើកិច្ចចរចា”។

ការដកខ្លួនចេញពីសន្ធិសញ្ញានេះគឺធ្វើឱ្យនៅសល់តែសន្ធិសញ្ញាត្រួតពិនិត្យអាវុធមួយ ប៉ុណ្ណោះរវាងអាម៉េរិកនិងរុស្ស៊ី ឈ្មោះថា New START ដែលរឹតត្បិតចំនួនកាំជ្រួច នុយក្លេអ៊ែរដែលប្រទេសនីមួយៗអាចដាក់ពង្រាយបាន។ សន្ធិសញ្ញានេះនឹងផុតកំណត់ នៅខែកុម្ភៈឆ្នាំ ២០២១ ។

ការសម្រេចចិត្តរបស់លោកត្រាំក្នុងការចាកចេញពីសន្ធិសញ្ញាបើកចំហជើងមេឃ បានបង្ហាញថា គាត់អាចធ្វើការសម្រេចចិត្តស្រដៀងគ្នាលើសន្ធិសញ្ញា New START ដើម្បីជាគំនាស់មួយជួយសម្រួលដល់កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធថ្មីមួយ។ ប្រធានាធិបតីត្រាំនិយាយថា គោលនយោបាយរបស់គាត់គឺចាកចេញពី កិច្ចព្រមព្រៀងណាដែលភាគីម្ខាងទៀតមិនអនុវត្តតាម៕ ដោយ៖ កញ្ញាដាលីស/Ha

លោកត្រាំដកអាម៉េរិកចេញពីសន្ធិសញ្ញាបើកចំហជើងមេឃ ដែលនឹងចូលជាធរមាននៅ៦ខែទៀត

ទីតាំងផ្សាយពាណិជ្ជកម្ម