ចិនសន្យាផ្តល់មូលនិធិជួយជំរុញសេដ្ឋកិច្ច តែមិនព្យាករណ៍អំពីកំណើនសេដ្ឋកិច្ច

239
ចែករម្លែក

មន្ត្រីជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចចិនមួយរូបនៅថ្ងៃសុក្រទី២២ឧសភានេះបានសន្យាថានឹងចំណាយខ្ពស់ជាងមុនដើម្បីជំរុញសេដ្ឋកិច្ចដែលរងគ្រោះដោយកូវីដ១៩និងទប់ស្កាត់ការបាត់បង់ការងារ ហើយនិយាយថារបបក្រុងប៉េកាំងនឹងមិនធ្វើការព្យាករណ៍អំពីគោលដៅកំណើនសេដ្ឋកិច្ចទេ ដើម្បីងាកមកផ្តោតលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

លោកនាយករដ្ឋមន្រ្តីលីកេឈាំងបានព្រមាននៅក្នុងរបាយការណ៍មួយទៅកាន់អង្គនីតិប្បញ្ញត្តិចិនថា ការប្រយុទ្ធប្រឆាំងនឹងវីរុស “មិនទាន់ឈានដល់ទីបញ្ចប់នៅឡើយទេ”។ លោកបានអំពាវនាវឱ្យប្រទេសបង្កើនការខិតខំប្រឹងប្រែងទ្វេដងដើម្បីស្តារសេដ្ឋកិច្ច ដែលកំពុងជួបការលំបាក។

ចិន ដែលជាកន្លែងផ្ទុះជំងឺរាតត្បាតដំបូងគេនៅចុងខែធ្នូ គឺជាសេដ្ឋកិច្ចដំបូងគេ ដែលបានបើកដំណើរការឡើងវិញ ប៉ុន្តែកំពុងជួបការលំបាកដើម្បីឱ្យសកម្មភាពសេដ្ឋកិច្ចដំណើរការឡើងវិញដូចពីមុន។ ក្រុមអ្នកវិភាគក្នុងវិស័យឯកជននិយាយថា កម្មករនិយោជិតប្រមាណ ៣០ ភាគរយនៅទីក្រុងចំនួន ៤៤២ នៅក្នុងប្រទេសចិន ឬ ជាង ១៣០ លាននាក់បានបាត់បង់ការងារយ៉ាងហោចណាស់បណ្តោះអាសន្ន នៅពេលបិទទ្វារសេដ្ឋកិច្ចដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ហើយការងារប្រហែលជា ២៥ លានអាចនឹងបាត់បង់ជារៀងរហូត។

លោកលីនិយាយថា ឱនភាពថវិការបស់រដ្ឋាភិបាលនឹងឡើងដល់ ១ លានលានយ័ន (១៤០ ពាន់លានដុល្លារ) នៅឆ្នាំនេះដើម្បីជួយបំពេញគោលដៅនានា រួមទាំងការបង្កើតការងារថ្មីចំនួន ៩ លាននៅតាមទីក្រុង។ នោះគឺស្មើនឹងការចំណាយមួយចំណែកប៉ុណ្ណោះនៃកញ្ចប់ជំនួយសង្គ្រោះសេដ្ឋកិច្ច ១ លានលានដុល្លារ ដែលបានដាក់ចេញដោយដោយសហរដ្ឋអាម៉េរិក ជប៉ុន និងអឺរ៉ុប។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិថា “ទាំងនេះគឺជាវិធានការវិសាមញ្ញាសម្រាប់គ្រាខុសប្លែកពីធម្មតា”។

លោកលីនិយាយថាគណបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចមិនបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចទេ ដែលជាធម្មតាវាជាផែនការរដ្ឋាភិបាលដែលទាមទារការឃ្លាំមើលយ៉ាងដិតដល់ ដោយសារតែភាពមិនប្រាកដប្រជាដ៏ធំធេងនៃជំងឺរាតត្បាត៕ ដោយ៖ កញ្ញាដាលីស

លោកលីកេឈាំងនិយាយថា ឱនភាពថវិការបស់រដ្ឋាភិបាលនឹងឡើងដល់ ១ លានលានយ័ននៅឆ្នាំនេះ

ទីតាំងផ្សាយពាណិជ្ជកម្ម