វីដេអូ​ជី​វច​ល​ភាគ​ថ្មី ឈ្មោះថា “​គ្រួសារ​រីករាយ​” បានដាក់​បញ្ចាំង​នៅថ្ងៃនេះ​!

211
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​“​គ្រួសារ​រីករាយ​” ជា​ខ្សែ​វីដេអូ​ជី​វច​ល​ភាគ នឹង​ចាក់ផ្សាយ​នៅ​ស្ថានីយទូរទស្សន៍​មួយចំនួន​រយៈពេល​មួយខែ​ពេញ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា ចាប់ពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០​នេះ​ទៅ​។ ខ្សែ​វីដេអូ​នេះ ផលិត​រួមគ្នា​ដោយ​ក្រសួង​អប់រំ យុវជន​និង​កីឡា យូ​នី​សេ​ហ្វ និង Breakthrough-ACTION តាមរយៈ អង្គការ សង្គ្រោះ​កុមារ​(Save the Children)​។ Breakthrough-ACTION គឺ​កម្មវិធី​របស់​ទីភ្នាក់ងារ​ជំនួយ​អាម៉េរិក​យូ​សេដ​( USAID) ដែល​ផ្តោតលើ​ការផ្លាស់ប្តូរ​ឥរិយាបថ​សង្គម ផ្តល់​សកម្មភាព​ផ្សេងៗ​ហានិភ័យ​នៃ​ការប្រាស្រ័យ​ទាក់ទង​ស្តីពី​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ប្រទេស​កម្ពុជា​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​សង្គ្រោះ​កុមារ​ដែល​ផ្តល់​ដល់​បណ្តាញសារព័ត៌មាន​បានបញ្ជាក់​ថា​ដោយ​ទទួល​ថវិកា​ពី​ទីភ្នាក់ងា​ជំនួយ​អាម៉េរិក​យូ​សេដ​តាមរយៈ​គម្រោង Breakthrough ACTION ខ្សែ​វីដេអូ​នេះ ផ្តល់​ជំនាញ​ពេញ​មួយជីវិត​ដល់​កុមារ​និង​អ្នក​ថែទាំ​អំពី​វិធី​ការពារ​ខ្លួន​ពី​វី​រ៉ុ​ស​កូ​វីដ​១៩​ក៏ដូចជា​វិធី​ទប់ទល់​ជាមួយ​រោគរាតត្បាត និង​បញ្ឈប់​ការ​រាតត្បាត​របស់​វា​។​

ដោយសារ​ការ​រារ​ត្បា​ត​ដោយ​ជំងឺ​កូ​វីដ​១៩​សិស្សានុសិស្ស​កម្ពុជា​ត្រូវបាន​ស្វ័យ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​(​រូបថត​អង្គការ​សង្គ្រោះ​កុមារ​)


​ខ្សែ​វីដេអូ​ភាគ​ដែលមាន​លក្ខណៈ​សប្បាយ​ក្នុងន័យ​អប់រំ​នេះ ផលិតឡើង​សម្រាប់​កុមារ​ដែលមាន​អាយុ​ចាប់ពី​៥ ដល់​១០​ឆ្នាំ ហើយ​មានគ្រួសារ​ទន្សាយ​ជា​តួអង្គ ។ ដំណើររឿង និង​សារ​មានដូចជា ការ​លាងដៃ ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម ស្វ័យ​សិក្សា​នៅផ្ទះ សុខមាលភាព​ផ្លូវចិត្ត​និង​ផ្លូវកាយ និង​ការរើសអើង​។ វគ្គ​នីមួយៗ គឺមាន​លក្ខណៈ​ប្លែកៗ​ពីគ្នា និង​ទាក់ទាញ​សម្រាប់​ឪពុកម្តាយ និ​អ្នក​ថែទាំ​កុមារ​ផ្សេងទៀត ដែល​នឹង​រៀន​ជាមួយ​កូនៗ​ផងដែរ ពី​វិធី​អនុវត្ត​វិធានការ​ការពារ​ពី​ជំងឺ​កូ​វីដ​១៩​។


​សារសំខាន់ៗ​ត្រូវបាន​បញ្ចូល​តាមរ​យៈ​ស្ថានភាព​និង​ការពន្យល់​ដែលមាន​លក្ខណៈ​កុមារ​មេត្រី រីករាយ និង​ចូលរួម​។ ទាំងអស់នេះ​បង្កើន​ឱកាស​ដែល​កុមារ​អាចអនុវត្ត​សកម្មភាព​សំខាន់ៗ​ក្នុង​ការជួយ​ពួកគេ​ការពារ​ពី​ការរីក​រាលដាល​នៃ​វី​រ៉ុ​ស​។
​លោកស្រី អេ​លីហ្សា​ប៊ែ​ត ភៀស (Elizabeth Pearce) នាយិកា​អង្គការ Save the Children ប្រចាំ​ប្រទេស​កម្ពុជា បាន​ពន្យល់ថា​“​ភាពស៊ាំ​របស់​កុមារ​ទៅនឹង​ជំងឺ​កូ​វីដ​១៩​មិនទាន់​រឹងមាំ​ទេ​ហើយ​កុមារ​អាច​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​កាត់បន្ថយ​ការឆ្លង​រាលដាល មិន​ត្រឹមតែ​ក្នុងចំណោម​ពួកគេ​ទេ ប៉ុន្តែ​ផ្តល់ព័ត៌មាន​ដល់​ឪពុកម្តាយ និង​កុមារ​តូចៗ​ផងដែរ​។ ជាទូទៅ​ការឆ្លង​ជំងឺ​នេះ​បាន​រាលដាល​យ៉ាង​ឆាប់រហ័ស​ក្នុងចំណោម​កុមារ​ដែល​មិនបាន​យល់ដឹង​ពី​ការ​អនាម័យ​ខ្លួនប្រាណ​។​យើង​មិនសូវមាន​ព័ត៌មាន​ដែល​អាច​ជឿជាក់​និង​ដែលមាន​លក្ខណៈ​កុមារ​មេត្រី​ពី​វិធានការ​ការពារ​ពី​ជំងឺ​កូ​វីដ​១៩​សម្រាប់​កុមារ​អាយុ​ពី​៥​ទៅ​១០​ឆ្នាំ​និង​មិនសូវមាន​លំហូរ​ព័ត៌មាន​ពី​ការការពារ​ពី​ជំងឺ​កូ​វីដ​១៩​ដល់​ក្រុម​ដែល​ងាយ​រងគ្រោះ​ដូចជា លោកតា​លោកយាយ​ជាពិសេស​លោកយាយ​និង​មីង​ដែលជា​អ្នក​មើលថែ​កុមារ​ផ្ទាល់​ដោយសារ​សាលា​ត្រូវ​ផ្អាក​ការសិក្សា​។ វិធាន​ការដែល​សាមញ្ញ និង​ព័ត៌មាន​ដែល​សមស្រប​នឹង​អាយុ​កុមារ​អាចជួយ​ការពារ​កុមារ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​បាន​។​”

ដោយសារ​ការ​រារ​ត្បា​ត​ដោយ​ជំងឺ​កូ​វីដ​១៩​សិស្សានុសិស្ស​កម្ពុជា​ត្រូវបាន​ស្វ័យ​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​(​រូបថត​អង្គការ​សង្គ្រោះ​កុមារ​)


​សេចក្តីប្រកាស​បន្តថា​ដោយសារតែ​ប្រទេស​មួយចំនួន​បាន​បិទ​ការធ្វើដំណើរ​សិស្សានុសិស្ស​ប្រមាណ​ជា​១,៥​ប៊ី​លាន​នាក់​មិនបាន​ទៅ​សាលារៀន និង​មហាវិទ្យាល័យ​។ សម្រាប់​កុមារ​ភាគច្រើន សាលារៀន​ជា​កន្លែង​ដែល​ផ្តល់ព័ត៌មាន​ដែល​អាច​ទុកចិត្តបាន​។ ខ្សែ​វីដេអូ​ភាគ​នេះ ផ្សាយ​នៅក្នុង​កម្មវិធី​កុមារ​នៅ​រៀងរាល់​ចុង​សប្តាហ៍​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន ប៉ុស្តិ៍​លេខ​៥ និង​ភី​អិន​អិន ក៏ដូចជា​នៅតាម​បណ្តាញ​ព័ត៌មាន​សង្គម​។


​លោកស្រី គ្រី​ស្ទៀ​ន ម៉ុ​ន​ឌ័​រ​តេ (Cristian Munduate) នាយិការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា “​យើង​ដឹងថា​នៅពេល​មាន​វិបត្តិ កុមារ​ទទួលរង​គ្រោះ​ខ្លាំង​បំផុត​។ យូ​នី​សេ​ហ្វ​បាន​នឹង​កំពុងធ្វើការ​ជាមួយ​ដៃគូ​ដើម្បី​ធានាថា​កុមារ​អាច​ទទួលបាន​ព័ត៌មាន​ដែលមាន​លក្ខណៈ​កុមារ​មេត្រី និង​បញ្ចូល​គ្នា​ពី​វិធី ការពារ​ខ្លួន​។ ការដឹង​ពី​របៀប​លាងដៃ​ដែល​ត្រឹមត្រូវ ឬ​រក្សា​ចម្ងាយ​ពីគ្នា​អាចជួយ​ជីវិត​ពួកគេ​បាន​។ នៅពេល​សាលា​និង​ព្រឹត្តិការណ៍​សាធារណៈ​មិន​ដំណើរការ យើង​សង្ឃឹមថា​តាមរយៈ​ទូរទស្សន៍​និង​បណ្តាញ​ព័ត៌មាន​សង្គម យើង​អាច​ផ្តល់​ដល់​គ្រួសារ​នៅក្នុង​ប្រទេស​នូវ​ចំណេះដឹង​ដែល​ជួយ​ពួកគេ​ឱ្យមាន​សុខភាព​ល្អ និង​សុវត្ថិភាព​។​”

ក្នុងពេល​មាន​វិបត្តិ​នេះ បុគ្គលិក​អង្គការ Save the Children បានធ្វើ​ការងារ​ជាច្រើន​ដើម្បី​ជួយ​ដល់​សហគមន៍​ដែល​ងាយ​រងគ្រោះ ដើម្បី​បង្កើន​ចំណេះដឹង​ពី​ហានិ​ភ័យ​នៃ​ជំងឺ​កូ​វីដ​១៩ និង​វិធី​ដែល​បន្ថយ​ពី​ការរីក​រាលដាល​របស់​វា​។​យុទ្ធសាស្ត្រ​របស់​យើង​ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩ គឺ​ការពារ​កុមារ​និង​សហគមន៍​ដែល​ងាយ​រងគ្រោះ​ពី​ការឆ្លង​រាលដាល កាត់បន្ថយ​ការឆ្លង និង​ឆ្លើយតប​នឹង​ផលប៉ះពាល់​ទៅលើ​សុខភាព ជីវភាព ការអប់រំ និង​ការការពារ​។ យើង​បាន​កំពុង​រៀបចំ កែសម្រួល និង​ច្នៃប្រឌិត​កម្មវិធី​របស់​យើង ដើម្បី​ធានាថា​កុមារ​មាន​សុវត្ថិ​ភាពមិន​ប៉ះពាល់​ដល់​អាយុជីវិត ទទួលបាន​ការអប់រំ និង​ត្រូវបាន​ការការពារ​ក្នុងពេល​និង​ក្រោយពី​ជំងឺ​កូ​វីដ​១៩៕សរន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ