រដ្ឋមន្ត្រី​មហាផ្ទៃ​បញ្ចប់​តំណែង​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ធំ​ដែល​ស្រវឹង​បើកឡាន​បុក​ខឿន​សួនច្បារ​និង​ជេរ​ចៅហ្វាយខេត្ត​

296
ចែករម្លែក
សម្តេចក្រឡាហោមសខេង

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នៅ​ទីបំផុត​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ​ង​មហាផ្ទៃ បានសម្រេច​បញ្ចប់​មុខតំណែង​លោក​វរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​និង​ឲ្យ​មក​បង្ហាញ​មុខ​នៅ​នាយកដ្ឋាន​បុគ្គលិក​រៀងរាល់​ម៉ោង​ធ្វើការ​រហូត​មានការ​សម្រេច​ថ្មី​។ នេះ​បើ​យោងតាម​ប្រកាស​ស្តីពី​ការអនុវត្ត​ន៍វិន័យ​មន្ត្រី​នគរបាលជាតិ កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០​។​


ការសម្រេច​បញ្ចប់​មុខតំណែង​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​១៨ ខែឧសភា បានដាក់​ធ្វើសំណើ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ដក​ឋានៈ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ចោល​តែម្តង និង​ផ្ទេរ​មក​ប្រចាំ​នៅ នាយកដ្ឋាន​បុគ្គលិក​។ ហើយ​កាលពី​ថ្ងៃទី​១៦ ខែឧសភា អគ្គស្នងការ​នគរបាល​ជាតិ​បានសម្រេច​ផ្អាក​ការងារ​របស់លោក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។​

លោក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​(រូបឯកសារ)


​ការសម្រេច​ផ្អាក​ការងារ​បន្ទាន់​របស់លោក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​បានធ្វើ​ឡើង​បន្ទាប់ពី​បុគ្គល​រូបនេះ កាលពី​យប់​ថ្ងៃទី​១៥ ខែឧសភា បាន​ផឹកស្រា​ស្រ​រឹង​ ​រួច​បើករថយន្ត​ទៅបុក​រនាំង​បរិវេណ​រូបសំណាក​លោកតា​អាចារ្យ​លាក់ បណ្តាលឱ្យ​ខូចខាត និង​បាន​ស្រែកជេរ និង​ប្រមាថ​យ៉ាង​ធ្ងន់ៗ​ទៅ​អភិបាល​ខេត្តកំពង់ធំ​ថែមទៀតផង​។​


​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១៦ ខែឧសភា ថា ទាក់ទង​ករណីនេះ វិធានការ​ទី​១. លោក​បាន​ចុះហត្ថលេខា (១៦ ឧសភា​) ដើម្បី​ផ្អាក​ការងារ​បន្ទាន់ និង​ទី​២. នៅ​ថ្ងៃទី​១៨ ខែឧសភា លោក​ធ្វើសំណើ​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ដក​ឋានៈ​នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ចោល​តែម្តង និង​ផ្ទេរ​មក​ប្រចាំ​នៅនាយកដ្ឋាន​បុគ្គលិក​។ ពីព្រោះ​បុគ្គល​នេះ​ធ្លាប់ធ្វើ​ខុស និង​ត្រូវ​ក្រសួងមហាផ្ទៃ​ធ្វើលិខិត​ព្រមាន​ម្តងរួចមកហើយ និង​មិន​គោរព​ទៅ​នឹង​គោលការណ៍ និង​បទបញ្ជា​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ក្នុងពេលដែល​ពង្រឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គឺ​លោក​បានដាក់​បទបញ្ជា និង​អំពាវនាវ​ឲ្យ​កងកម្លាំង​នគរបាល​ទាំងអស់ ធ្វើ​គំរូ​ក្នុង​ការគោរព​ច្បាប់ ប៉ុន្តែ​បុគ្គល​នេះ​បែរជា​ប្រព្រឹត្តល្មើស​យ៉ាងគឃ្លើន​ដូចនេះគឺ​មិនអាច​អត់ឱន​ឲ្យ​បានទេ​។ ទាំង​សម្តេច​ក្រឡាហោម ទាំង​រូបលោក​គឺ​ដាច់ខាត​ហើយ យើង​ត្រូវ​វះកាត់​ចំពោះ​បុគ្គល​ដែល​ធ្វើ​ខុស បុគ្គល​ដែល​មិន​គោរព​ច្បាប់ និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ឥទ្ធិពល​កងកម្លាំង​នគរបាល​”​។​


​សូមជម្រាបថា កាលពី​វេលា​ម៉ោង ៩:១២​យប់ ថ្ងៃទី​១៥ ខែឧសភា លោក រុំ សុវិជ្ជា បាន​ផឹកស្រា​ស្រ​រឹង​បើករថយន្ត​ទៅបុក​រនាំង​បរិវេណ​រូបសំណាក​លោកតា​អាចារ្យ​លាក់ បណ្តាលឱ្យ​ខូចខាត និង​បានស្រែកជេរ និង​ប្រមាថ​ទៅ​អភិបាល​ខេត្តកំពង់ធំ​ថា នៅ​ទីតាំង​កើតហេតុ​មិនមាន​ដាក់​ភ្លើង​បំភ្លឺ និង​ដាក់​ចំណាំងផ្លាត ទើប​ឱ្យ​គាត់​ជួប​គ្រោះថ្នាក់​បែបនេះ​។ ប៉ុន្តែ​តាម​ការពិត​នៅ​ទីតាំង​កើតហេតុ មាន​ភ្លើង​បំភ្លឺ​គ្រប់គ្រាន់ និង​មាន​ចំណាំងផ្លាត​។​


​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​ព្រមាន​លើក​ទី​១ លើ​លោក រុំ សុវិជ្ជា នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដោយសារតែ​ធ្វេសប្រហែស​ក្នុងការ​អនុវត្ត​ន៍ភារកិច្ច​របស់ខ្លួន​។ សម្តេច​ក្រឡាហោម បាន​សង្កត់ធ្ងន់ថា បើ​នៅតែ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការណែនាំ​នេះ នឹង​ចាត់វិធានការ​តាម​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ ជាក់​ជាពុំខាន​៕សរន/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម