បង្កើន​ចំណេះដឹង​និង​ការ​ផ្សេ​ព្វ​ផ្សាយ​ព័ត៌មាន​បរិស្ថាន​តាម​ប្រព័ន្ធ​អន​ឡាញ​

242
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: លោក ជួប ប៉ារីស៍ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន​នា​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០ បាន​ប្រជុំ ទៅលើ​ការពង្រឹង​សមត្ថភាព​ការផ្សព្វផ្សាយ និង​បញ្ជ្រាប​ចំណេះដឹង​បរិស្ថាន តាមរយៈ​ប្រព័ន្ធ​អន​ឡាញ (ZOOM Meeting) ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​បរិស្ថាន​រាជធានី និង​ខេត្ត​នានា​ជុំវិញ​ប្រទេស​កម្ពុជា​។​

​លោក​អគ្គនាយក បាន​ចែករំលែក​ចំណេះដឹង​ទាក់ទង​នឹង​ព្រៃឈើ និង​ថាមពល ការហូរ​ច្រោះ​ដី និង​វិធីសាស្ដ្រ​ទប់ស្កាត់​ការហូរ​ច្រោះ​នៃ​ដី​។ លោក​ក៏បាន​ណែនាំ​ថា មន្ត្រី​ការិយាល័យ​ផ្សេងៗ​នៃ​មន្ទីរ​បរិស្ថាន​រាជធានី​ខេត្ត អាច​ចូលរួម​វគ្គប​ណ្ដុះ បណ្ដាល​ជាមួយ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន តាមរយៈ​អន​ឡាញ​រៀងរាល់​សប្ដាហ៍​បាន តាមរយៈ​ប្រព័ន្ធ ZOOM Meeting​។ ជាមួយគ្នានេះ ក្រុមការងារ​នៃ​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ព័ត៌មាន​បរិស្ថាន បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ការសរសេរ​សេចក្តីរាយការណ៍​ព័ត៌មាន បន្ថែមទៀត​។

​លោក ខ្វៃ អាទិ​ត្យា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន បានឱ្យដឹងថា​ការផ្សព្វផ្សាយ​មាន​សារៈសំខាន់ ជាពិសេស​ការផ្សព្វផ្សាយ​ព័ត៌មាន​បរិស្ថាន ដែលជា​មធ្យោបាយ​ផ្តល់នូវ​ព័ត៌មាន និង​បង្កើន​ចំណេះដឹង​បរិស្ថាន​ដល់​សាធារណជន ឱ្យមាន​ការគិតគូរ​ខ្ពស់​ក្នុង​សកម្មភាព​មេត្រី​បរិស្ថាន​។

​លោក ខ្វៃ អាទិ​ត្យា បានលើកឡើង​ពី​ចំណុច​សំខាន់​នៃ​តួនាទី​នៃ​ជន​បង្គោល​ព័ត៌មាន និង​របៀប​ធ្វើការ​អត្ថ​ធិ​ប្បាយ​លើ​សេចក្តី​រាយ​ការ​ព័ត៌មាន ដើម្បី​ពង្រឹង​ការផ្សព្វផ្សាយ​ព័ត៌មាន​បរិស្ថាន ឱ្យបាន​កាន់តែ​ទូលំទូលាយ ធ្វើឱ្យមាន​ការផ្លាស់ប្តូរ​ទម្លាប់​វិជ្ជមាន​ចំពោះ​កិច្ច​គាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ដោយ​ចីរភាព​។

​សូមបញ្ជាក់ថា​នៅក្នុង​កិច្ចប្រជុំ​នេះ បន្ទាប់ពី​មាន​បទ​បង្ហាញ​នីមួយៗ​”​មាន​សំណួរ​-​ចម្លើយ រវាង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ព័ត៌មាន និង​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត​ទាំ​២៥ បន្ថែមទៀត ទាក់ទង​នឹង​ចំណេះដឹង​នៃ​ការរាយការណ៍​ព័ត៌មាន និង​ការងារ​ប្រតិបត្តិ​បង្កើន​ចំនេះដឹង និង​ផ្សព្វផ្សាយ​ព័ត៌មាន​បរិស្ថាន​ផងដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម