ចិន​បង្កើន​ការចំណាយ​យោធា​៦,៦​ភាគរយ​នៅ​ឆ្នាំនេះ ដោយ​ធ្លាក់​ចុះ​ពី​៧,៥​ភាគរយ​កាលពី​ឆ្នាំមុន​

136
ចែករម្លែក

​ចិន​បង្កើន​ចំណាយ​យោធា​៦,៦​ភាគរយ​នៅ​ឆ្នាំនេះ ដល់​ចំនួន​១,២៧​លាន​លាន​យ័ន​(១៧៨,១៦​ពាន់​លាន​ដុល្លារ​) ជា​កំណើន​ទាប​ជាង​ឆ្នាំ​មុន​ដែល​មាន​ចំនួន​៧,៥​ភាគរយ​។​

​ចំណាយ​យោធា​ចិន ដែល​ត្រូវបាន​ប្រកាស​រាល់​ឆ្នាំ​នៅ​ពេល​បើក​សម័យប្រជុំ​សភា​ប្រចាំឆ្នាំ ត្រូវបាន​ពិភព​ខាងក្រៅ​តាមដាន​យ៉ាង​ដិតដល់ ដើម្បី​ជា​ម៉ែត្រ​វាស់​អោយដឹង​ថា​តើ​ចិន​នឹង​ពង្រីក​សមត្ថភាព​​យោធា​របស់​ខ្លួន​ដល់​កំរិត​ណា​។​

​តួលេខ​នេះ​ត្រូវ​បាន​បញ្ចេញ​អោយដឹង​នៅពេល នាយករដ្ឋមន្ត្រី លី ឃឹ​ឈាំ​ង រាយការណ៍​របាយការណ៍​ការងារ​របស់​លោក​ទៅកាន់​ប្រតិភូ​២.៩០០​នាក់​នៅ​មហាសាល​ប្រជាជន​(​សភា​ចិន​)​នៅ​ក្រុង​ប៉េកាំង​​កាលពី​ថ្ងៃ​សុក្រ​ទី​២២​ឧសភា​។​

​ជំនួប​ប្រចាំ​ឆ្នាំ​នេះ ដែល​តាម​ទម្លាប់​ត្រូវធ្វើ​នៅ​ខែ​មីនា ត្រូវ​ពន្យារ​ពេល​មកដល់​ខែ​ឧសភា​ឆ្នាំ​នេះ ដោយសារ​ការ​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​។​

​គណៈប្រតិភូ​យោធា​មកដល់​សភា​ប្រជាជន​ចិន​មុន​សម័យប្រជុំ​ចាប់​ដំណើរការ​កាលពី​ថ្ងៃ​២២​ឧសភា​

​លោក​លី បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង នឹង​បន្ត​ពង្រឹង​កងកម្លាំង​ប្រដាប់អាវុធ «​ដើម្បី​ការពារ​អធិបតេយ្យភាព សន្តិសុខ​និង​ផលប្រយោជន៍​អភិវឌ្ឍន៍​របស់​ចិន​។​យើង​នឹង​បន្ថែម​ការកែ​ទំរង់​​នៅក្នុង​វិស័យ​ការពារជាតិ​និង​យោធា បង្កើន​ឡូ​ជី​ស្ទិក​និង​សមត្ថភាព​គាំទ្រ​គ្រឿង​បរិក្ខា ព្រមទាំង​ជំរុញ​ការអភិវឌ្ឍន៍​នវានុវត្តន៍​នៃ​វិស័យ​យោធា ពាក់ព័ន្ធ​នឹង​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​»​។​

​ទោះជា​រង​ផល​ប៉ះពាល់​ពី​ការ​ផ្ទះ​ជំងឺ​ឆ្លងកូវី​ដ​១៩ ក៏​អ្នកជំនាញ​និយាយថា​ប្រទេស​ចិន​ទំនងជា​នៅ​រក្សា​កំណើនថេរ​ចំពោះ​ការចំណាយ​លើ​វិស័យ​ការពារជាតិ ដោយសារតែ​ខ្លួន​រង​សម្ពាធ​ពី​ខាងក្រៅ ជាពិសេស​​ពី​សហរដ្ឋ​អាម៉េរិក និង​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​ជុំវិញ​សភាពការណ៍​កោះ​តៃវ៉ាន់ សមុទ្រ​ចិន​ខាងត្បូង និង​តំបន់​ស៊ីន​ជាំ​ង មានន័យថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវតែ​ធានា​ថា​យោធា​របស់​ខ្លួន​រឹងមាំ​។​

​និពន្ធ​នាយក​នៃ​កាសែត​Global Times​របស់​ចិន​នៅ​សប្តាហ៍​នេះ​បានសរសេរថា ចិន​ប៉េកាំង​ត្រូវ​តែ​រក្សា​កំណើន​នៃ​ការចំណាយ​យោធា ដើម្បី​រារាំង​ការ​គំរាម​ពី​ខាងក្រៅ រួម​ទាំង​អាម៉េរិក​៕​ប្រែ​សម្រួល​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ