មនុស្សជាង៦៦ម៉ឺននាក់ផ្លាស់ទីលំនៅអំឡុងពេលកំពុងផ្ទុះកូវីដ១៩ ត្បិតមានការអំពាវនាវពីអ.ស.បឱ្យមានបទឈប់បាញ់ជាសកល

176
ចែករម្លែក

ក្រុមផ្តល់ជំនួយអន្តរជាតិកំពូលមួយបាននិយាយកាលពីថ្ងៃសុក្រទី២២ឧសភាថា មនុស្សជាង ៦៦ ម៉ឺននាក់ត្រូវបានផ្លាស់ប្តូរទីលំនៅចេញពីផ្ទះរបស់ពួកគេនៅក្នុងតំបន់ជម្លោះជុំវិញពិភពលោកចាប់តាំងពីខែមីនាទោះបីជាមានការអំពាវនាវរបស់អ.ស.បឱ្យមានបទឈប់បាញ់ជាសកលអំឡុងពេលផ្ទុះកូវីដ១៩ក៏ដោយ។

ក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស (NRC) បាននិយាយថា តួលេខរបស់ខ្លួនបានបង្ហាញថា ជម្លោះប្រដាប់អាវុធនៅជុំវិញពិភពលោកបានបន្តក្នុងអំឡុងពេលមានជំងឺរាតត្បាត សូម្បីប្រទេសជាច្រើននៅលើពិភពលោកបានបិទទ្វារ។

នេះទោះបីមានការអំពាវនាវនៅថ្ងៃទី ២៣ ខែមីនាដោយអគ្គលេខាធិការអ.ស.បលោក អង់តូនីញ៉ូ គូថេរ៉េស សុំឱ្យមានបទឈប់បាញ់ជាសកលសម្រាប់ជំងឺរាតត្បាត។

NRC បាននិយាយថា ប្រជាជនសរុបចំនួន ៦៦១.០០០ នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅនៅក្នុងប្រទេសចំនួន ១៩ ចាប់តាំងពីពេលនោះមក ដែលក្នុងនោះចំនួនខ្ពស់បំផុតគឺនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

អគ្គលេខាធិការ NRC លោក ជែន អេកលែន បាននិយាយថា “នៅគ្រាដែលអ្នកជំនាញផ្នែកសុខភាពប្រាប់យើងឱ្យស្នាក់នៅក្នុងផ្ទះ ជនប្រដាប់អាវុធបានបង្ខំឱ្យមនុស្សរាប់សិបម៉ឺននាក់ចាកចេញពីផ្ទះនិងងាយរងគ្រោះបំផុត។ នេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អ្នកដែលត្រូវបានបង្ខំឱ្យភៀសខ្លួនប៉ុណ្ណោះទេតែវាធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសទៀតផង”។

NRC បានចោទប្រកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថាមិនបានបង្ហាញភាពជាអ្នកដឹកនាំដើម្បីជំរុញកិច្ចចរចាសន្តិភាព។

លោកអេកលែននិយាយថា “ខណៈមនុស្សជាច្រើនកំពុងត្រូវបានផ្លាស់ទីលំនៅនិងសម្លាប់ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអ.ស.បកំពុងឈ្លោះគ្នាដូចកូនក្មេង”។

លោកបានអំពាវនាវដល់មេដឹកនាំពិភពលោក “បង្កើនឱកាស” និងរួមគ្នាជំរុញឱ្យភាគីទាំងអស់ដាក់អាវុធចុះនិងរួបរួមគ្នាដើម្បីការពារសហគមន៍ទាំងអស់ពីកូវីដ១៩។

លោកបានបន្ថែមថា “ឥឡូវនេះមិនមែនជាពេលវេលាសម្រាប់នយោបាយមត្តេយ្យនោះទេ”។

NRC បាននិយាយថា ខ្លួនកំពុងអំពាវនាវដល់សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យដាក់ចេញនូវការអំពាវនាវច្បាស់លាស់ដល់ភាគីជម្លោះទាំងអស់ឱ្យបញ្ឈប់ការប្រទូសរ៉ាយនិងដោះស្រាយជម្លោះរបស់ពួកគេតាមរយៈការចរចានិងអនុញ្ញាតឱ្យមានការឆ្លើយតបជាលក្ខណៈប្រព័ន្ធទៅនឹងជំងឺរាតត្បាតនេះ។

NRC និយាយថា នៅក្នុងប្រទេសកុងហ្គោតែមួយ ការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនិងយោធារបស់ប្រទេសនេះបានបង្ខំឱ្យប្រជាជនចំនួន ៤៨២.០០០ នាក់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។

ទន្ទឹមនឹងនេះការប្រយុទ្ធគ្នាបានបន្តនៅក្នុងប្រទេសយេម៉ែនទោះបីជាមានការសន្យាថានឹងអនុវត្តបទឈប់បាញ់គ្នាដោយអាជ្ញាធរអារ៉ាប៊ីសាអូឌីត ដែលបណ្តាលឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជន ២៤.០០០ នាក់ចាប់តាំងពីថ្ងៃទី ២៣ ខែមីនា។

NRC និយាយថាតំបន់បឹងឆាដនៃទ្វីបអាហ្វ្រិកក៏បានជួបប្រទះការកើនឡើងនៃការផ្លាស់ទីលំនៅផងដែរ ដោយប្រទេសឆាដនិងនីហ្សេរីយ៉ារងផលប៉ះពាល់ខ្លាំងបំផុត។

អង្គការនេះបានបន្ថែមថា អាហ្វហ្គានីស្ថាន សាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ីរី សូម៉ាលី និងមីយ៉ាន់ម៉ាបានឃើញប្រជាជនជាង ១ ម៉ឺននាក់ផ្លាស់ទីលំនៅក្នុងរយៈពេលដូចគ្នា៕ ដោយ៖ កញ្ញាដាលីស

មនុស្សជាង ៦៦ ម៉ឺននាក់ផ្លាស់ទីលំនៅដោយសារជម្លោះប្រដាប់អាវុធលើពិភពលោកអំឡុងកូវីដ១៩

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ