ប្រជាកសិករ ផ្ទុះកំហឹងជាមួយប្រជា សហគមន៍បឹងពារាំងមួយប្រាវ រឿង ដណ្តើមយកទឹកបញ្ចូលស្រែ

408
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖ ក្រុមប្រជាកសិករ មកពីភូមិចំនួន៣នៃសង្កាត់ជ្រាវ ប្រមាណជា៥០ទៅ៦០នាក់ បានផ្ទុះកំហឹងមួយប្រាវ ជាមួយប្រជាសហគមន៍បឹងពារាំង រឿងដណ្តើមគ្នាយកទឹកបញ្ចូលស្រែ។

ហេតុការណ៍នេះ បានកើតឡើងនាព្រឹកថ្ងៃទី២២ ខែឧសភាឆ្នាំ២០២០ នៅចំណុចប្រឡាយទឹក ផ្លូវទៅកាន់បឹងពារាំង នៃព្រំប្រទល់ភូមិចំនួន៣ក្នុងសង្កាត់ជ្រាវ គឺភូមិវាល ភូមិក្រសាំង និងភូមិបឹង។

ដើមចមដែលនាំអោយមានហេតុការណ៍នេះ ផ្តើមចេញពីប្រជាកសិករ បិទទំនប់ប្រឡាយដើម្បីបង្ហៀរទឹកបញ្ចូលស្រែ សង្គ្រោះស្រូវច្រើនរយហិកតា ដែលកំពុងរងការស្វិតងាប់ជាបណ្តើៗ ដោយសាតែខ្វះទឹក។ ជាមួយគ្នានោះ ក៍ត្រូវបានហាមឃាត់ដោយក្រុមមន្ត្រី​សហគ មន៍​បឹងពារាំង ត្បិតទឹកដែលនាំយកតាមប្រឡាយខាងលើ ត្រូវបានអះអាងថា គឺសម្រាប់បញ្ចូលទៅក្នុងបឹងពារាំង ដើម្បីជួយសង្គ្រោះត្រីមេពូជតែប៉ុណ្ណោះ។

ថ្វីត្បិតតែការផ្ទុះជម្លោះនេះ មិនមានការបង្កហឹង្សាទាំងទ្វេរភាគី ប៉ុន្តែគូភាគី ប្រកាន់ជំហរ ដោយទាមទារយកទឹករៀងៗងខ្លួនអោយខាងតែបាន។

ជួបសម្ភាសន៍ផ្ទាល់ជាមួយកសិករ លោកមួង សាន បានលើកឡើងថា ស្រូវជាច្រើនរយ​ហិកតាក្នុងតំបន់នេះ កំពុងរងការស្វិតងាប់ជាបណ្តើៗ ហេតុដូច្នេះហើយទើបពួកគាត់សម្រេចបិទប្រឡាយបង្ហៀរទឹកបញ្ចូលស្រែបែបនេះ។ លោកបន្តថា ការនាំយកទឹកមកដល់ចំណុចនេះ គឺក្រោមការជួយស្តារប្រឡាយនិងពុះពារគ្រប់យ៉ាងរបស់ប្រជាកសិករ។ ប៉ុន្តែពេលនាំយកទឹកបានហើយ បែជាក្រុមសហគមន៍ ទាមទារបង្ហូរទៅកាន់បងពារាំងទាំងអស់ នេះហើយដែលជាចំណុចនាំអោយពួកគាត់បង្ខំចិត្តបិទប្រឡាយ ដើម្បីយកទឹកបែបនេះ។

ក្នុងពេលតែមួយ មន្ត្រីសហគមន៍បឹងពារាំង លោក ឈឿម សំបូ បានបរិយាយថា ទឹកដែលបង្ហូរមកនេះ គឺខាងសហគមន៍ ជាអ្នកស្នើសុំពីមន្ទីរធន ធានទឹក ដោយនាំយកបញ្ចូលទៅបឹងពារាំង ដើម្បីសង្គ្រោះត្រីមេពូជ ត្បិតរដូវប្រាំងកំពុងគំរាមកំហែងយ៉ាងខ្លាំង ក្នុងការផ្តាច់ជីវិតត្រីមេពូជ និងសត្វស្លាបទឹងរាប់រយប្រភេទ។ហេតុផលនេះហើយ ដែលនាំអោយខាងសហគមន៍ រារាំងក្នុងការបិទផ្លូវទឹករបស់ប្រជាកសិករ។

ជាមួយការលើកហេតុផលអំពីការដណ្តើមគ្នាយកទឹកនេះ មន្ត្រីក្រុមប្រឹក្សាសង្កាត់ជ្រាវ និងនគរបាលមូលដ្ឋាន បានសម្រេចអោយគូភាគី រក្សាភាពស្ងប់ស្ងាត់ ហើយរងចាំដំណោះស្រាយពីអាជ្ញាធរសង្កាត់ នៅរសៀលថ្ងៃដដែល៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម