អនុញ្ញាត​ឲ្យ​បើក​ការប្រកួត​កីឡា​ផ្លូវការ​ដោយ​មិនមាន​អ្នកទស្សនា​ផ្ទាល់​នៅ​ខែក្រោយ​

207
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​-​រ៉ូ​ហ្សា​/​ភ្នំពេញៈ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ បានអនុញ្ញាត​ឲ្យ​បើក​ការប្រកួត​កីឡា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ជាតិ ដោយ​មិនមាន​អ្នកទស្សនា ពោលគឺ​មានតែ​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស​ក្នុង​ចំនួន​មិន​ឲ្យ​លើសពី​១០០​នាក់ ក្រោម​ការគ្រប់គ្រង​ទទួលខុសត្រូវ យ៉ាង​ហ្មត់ចត់​ពី​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​និង​អនុវត្ត​អនាម័យ​តាម​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល​។ ការអនុញ្ញាត​នេះ នឹង​ចាប់ផ្តើម​បណ្តើរៗ​ចាប់ពី​ខែមិថុនា ឆ្នាំ​២០២០​តទៅ​។​
​ ​ការអនុញ្ញាត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​២១​ខែឧសភា​ឆ្នាំ​២០២០ បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​រដ្ឋមន្ត្រីក្រសួង អប់រំ​យុវជន​និង​កីឡា ធ្វើការ​ពិភាក្សាគ្នា​ដើម្បី​បើក​ឱ្យមាន​ការប្រកួត​កីឡា​មួយចំនួន​ឡើងវិញ​។​
​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩​កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២០ បាន​ជម្រាប​ទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ថា យោងតាម​ចំណារ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២១​ខែឧសភា​លើ​របាយការណ៍​សង្ខេប​ស្តីពី​លទ្ធ​ផ​ប្រជុំ​រវាង​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃទី​២១ ខែឧសភា ដើម្បី​ពិនិត្យមើល​ការបើក​ឡើងវិញ នៃ​វិស័យ​កីឡា​ជា​ជំហាន​ដំបូង​វិស័យ​កីឡា​ត្រូវបាន​អនុញ្ញាត​ឲ្យ​មាន​វិធានការ​កែតម្រូវ​សម្រាប់​ការបើក​ដំណើរការ​ឡើងវិញ​នូវ​វិស័យ​ក​កីឡា ដោយ​ត្រូវគោរព​តាម​លក្ខខណ្ឌ​មួយចំនួន​(​សូម​អាន​ប្រកាស​)​។​

សកម្មភាព​កីឡា​របស់​កម្ពុជា​នាពេល​កន្លងទៅ​(​រូប​ឯកសារ​សហព័ន្ធ​កីឡា​កម្ពុជា​)

​សូមជម្រាបថា​នៅក្នុង​សារ​ជា​សំឡេង​ដើម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​២១ ខែឧសភា ទៅកាន់ លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង អប់រំ​យុវជន​និង​កីឡា សម្តេច​តេ​ជោ​បានលើកឡើង​ដា​គប្បី​ធ្វើការ​ពិ​ភា ក្សា​គ្នា​ដើម្បី​បើក​ឱ្យមាន​ការប្រកួត​កីឡា​មួយចំនួន​ឡើងវិញ​។​
​សម្ដេច​តេ​ជោ​មានប្រសាសន៍ថា កន្លងមក​ទាក់ទង​វិស័យ​កីឡា គឺ​យើង​បានអនុញ្ញាត​ឲ្យ​តែ​កីឡាប្រដាល់​ធ្វើការ​ប្រកួត​ដោយ​បិទទ្វារ ។​ឯ​កីឡា​ដទៃទៀត​គឺ​ស្ងប់ស្ងាត់ ។ សម្រាប់​ពេលនេះ យើង​ពិនិត្យឃើញថា​យើង​គួរ​ចាប់ផ្ដើម​ឲ្យ​មាន​សកម្មភាព​កីឡា​គ្រប់​ប្រភេទ​គ្រប់​ទម្រង់​ទាំង​បាល់ទាត់​បាល់ ទះ​បាល់បោះ​និង​កីឡា​ប្រភេទ​ដទៃទៀត​ប៉ុន្តែ​ប្រសិនជា​មានការ​ប្រកួត ក៏​ប្រកួត​បិទ ទ្វារ​ដដែល​។ សម្ដេច​យល់ថា ហានិភ័យ​នៅ​កន្លែង​ការប្រកួត​កីឡា​មិនជា​មាន​ច្រើន​ប៉ុន្មាន​ទេ ដោយ​យើង​កំណត់​ទាក់ទិន​នឹង​ការប្រកួត​ដូចជា​បាល់ទាត់​យើង​មិនត្រូវ​ឲ្យ​មាន​អ្នក​ដែល​ត្រូវ​ចូលទៅ​មើល​ទេ គឺ​ក្នុង​១​កន្លែង​ប្រកួត​ហ្នឹង យ៉ាងច្រើន​ប្រើប្រាស់​បើ​ថា​បាល់ទាត់​វា​អាច​ថា​៥០​ឬ​៦០ នាក់​ប៉ុណ្ណោះ ទាំង​គ្រូបង្វឹក​ទាំង​កីឡាករ​ហើយ​ទីធ្លា​ក៏​ធំ​ដែរ ហើយ​បាល់ទះ​ក៏​ដូច្នេះ​ដែរ​គឺ​វា​មិន​ច្រើន​ទេ​បាល់ទះ បាល់បោះ​ហើយ​ប្រភេទ​កីឡា​ផ្សេងៗ​ទៀត​ក៏​ដូចគ្នា​ដែរ​។​ដូច្នេះ​ហានិភ័យ​វា​មិនជា​ខ្ពស់​ទេ​ហើយ​ប្រយ័ត្ន​ទៀត​យើង​ប្រគល់​ឲ្យ​សហព័ន្ធ​នីមួយៗ​ជាមួយ​ក្លិប​ជា​អ្នកទទួលខុសត្រូវ​ដែល​កន្លែង​ប្រកួត យើង​ក៏​ត្រូវមាន​វិធាន ការ​ម៉ឺងម៉ាត់​ទៅលើ​បញ្ហា​ការត្រួតពិនិត្យ​កម្ដៅ ការត្រួតពិនិត្យ​ផ្សេងៗ​មុននឹង​ឲ្យ​ចូលទៅ​ធ្វើការ​ប្រកួត​។​ដូច្នេះ​ស្នើ​ឲ្យ​ឱ្យ​ឯកឧត្តម​រដ្ឋមន្ត្រី​ទាំងបី​ពិនិត្យមើល​ដោយ​យើង​បើក​ជា​ជំ​ហ៊ានៗ​ប៉ុន្តែ​នៅ​ក្លិប​ហាត់ប្រាណ​មិនទាន់​ឲ្យ​បើក​ទេ​វិស័យ​ឯកជន​ដែល​ប្រមូលផ្ដុំ​កកកុញ​ដោយ​មនុស្ស​ទៅ​ហាត់ប្រាណ ហើយ​កន្លែង​ក្លឹប​ម៉ាស្សា​ខា​រ៉ា អូ​ខេ​ក៏​មិនទាន់​ឲ្យ​បើក​ដែរ​។​

សកម្មភាព​កីឡា​របស់​កម្ពុជា​នាពេល​កន្លងទៅ​(​រូប​ឯកសារ​សហព័ន្ធ​កីឡា​កម្ពុជា​)


​សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​ចង់​ជំរុញ​វិស័យ​កីឡា​ឲ្យ​ចេញមុខ ដោយសារ​ហានិភ័យ​ហាក់ដូចជា​ទាប​បើ​ប្រៀបធៀប​នឹង​សកម្មភាព​ទេសចរណ៍​ដែល​កំពុងមាន​សព្វថ្ងៃ ហើយ​ម្យ៉ាងទៀត​វិធានការ​ការការពារ​គឺ​ត្រូវតែមាន​គ្រប់​ទីកន្លែង​ទាំងអស់​។ ដូច្នេះ​គួរ​ពិចារណា​ឲ្យ​មានការ​ប្រកួត​ដោយសារតែ​ដោយសារតែ​យើង​មាន​វគ្គ​ប្រកួត​នេះ​វគ្គ​ប្រកួត​នោះ​ឬ​កម្មវិធី​ប្រកួត​ផ្សេងៗ ហើយ​ម្យ៉ាងទៀត​ធនធាន​ធនធាន​កីឡា​របស់​យើង​បើសិន​យើង​ពន្យារ​ចោល​យូរពេក​គឺ​ការហ្វឹកហាត់​ក៏​មិនបាន​ធ្វើការ​ប្រកួត​ក៏​មិនបាន​ធ្វើ​និង​ធ្វើ​ឲ្យ​ផ្នែក​កីឡា​របស់​យើង​ចុះខ្សោយ​ដែរ​។​ដូច្នេះ​សូម​ពិចារណា​លើ​រឿងនេះ​ហើយ​បើ​ឯកភាពគ្នា​ហើយ​សូម​ផ្ដល់​មតិយោបល់​មក​សម្ដេច​វិញ ដើម្បី​នឹង​ប្រកាស​បើក​ឲ្យ​មានការ​ប្រកួត​តែម្ដង​។​សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា គឺ​វា​ល្មម​ដល់ពេល​វេលា​ហើយ​។​
​គួររំលឹកថា​កម្ពុជា​បានបញ្ចប់​អ្នក​ឆ្លង​វីរុស​កូ​វីដ​សូន្យ​កាលពី​ថ្ងៃទី​១៦​ខែឧសភា​កន្លងទៅនេះ​។​ប៉ុន្តែ​កាលពី​ថ្ងៃទី​២១​ខែឧសភា​បានប្រកាស​ពី​ការរកឃើញ​វិជ្ជមាន​កូ​វីដ​១៩​មួយ​ករណី​ថ្មី​លើ​បុរស​ខ្មែរ​ម្នាក់​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ហ្វីលីពីន​៕​សរន

សកម្មភាព​កីឡា​របស់​កម្ពុជា​នាពេល​កន្លងទៅ​(​រូប​ឯកសារ​សហព័ន្ធ​កីឡា​កម្ពុជា​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ