មេដឹកនាំអាយស៊ីសក្នុងតំបន់ចំនួន២នាក់ត្រូវបានសម្លាប់នៅស៊ីរី

151
ចែករម្លែក

ទីបញ្ជាការកណ្តាលរបស់អាម៉េរិកបានប្រកាសកាលពីថ្ងៃសុក្រទី២៣ឧសភាថា កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តឃឺដរបស់ពួកគេគឺកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានសម្លាប់មេដឹកនាំក្រុមរដ្ឋអ៊ីស្លាមក្នុងតំបន់ចំនួន ២ នាក់នៅក្នុងការវាយឆ្មក់មួយនៅភាគខាងកើតប្រទេសស៊ីរីនៅសប្តាហ៍នេះ។

ទីបញ្ជាការកណ្តាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក អាម៉ាត អ៊ីសា អ៊ីស្មាអ៊ីល អាល់ហ្សាវី និងលោកអាប់ត្មាន់ មូហាម៉ាត់ ហាសាន អាល់ ជូហ្គាយហ្វី ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់រួមគ្នាកាលពីថ្ងៃទី ១៧ ខែឧសភាលើទីតាំងពួកអាយស៊ីសនៅខេត្តឌាអេសហ្ស័រ។

របាយការណ៍នោះបាននិយាយថា អាល់ហ្សាវី ដែលគេស្គាល់ដែរថា អាប៊ូ អាលីអាល់-បាកដាឌី គឺជាមេដឹកនាំអាយស៊ីសក្នុងតំបន់ នៅខាងជើងទីក្រុងបាកដាដ ហើយទទួលខុសត្រូវក្នុងការផ្សព្វផ្សាយការណែនាំសកម្មភាពភេរវកម្មពីថ្នាក់ដឹកនាំអាយស៊ីសជាន់ខ្ពស់ទៅកាន់ប្រតិបត្តិករនៅភាគខាងជើងទីក្រុងបាដាដ។

លោក អាល់ជូហ្គាយហ្វី ដែលគេស្គាល់ដែរថា អាប៊ូ អាមម៉ា គឺជាមន្រ្តីភស្តុភារនិងផ្គត់ផ្គង់ជាន់ខ្ពស់របស់ក្រុមអាយស៊ីស ដែលទទួលខុសត្រូវចំពោះការទិញនិងការដឹកជញ្ជូនអាវុធ សម្ភារៈ IED និងការឆ្លងកាត់របស់គូកននៅទូទាំងប្រទេសអ៊ីរ៉ាក់និងស៊ីរី។

សេចក្តីថ្លែងការណ៍និយាយថា “ការកម្ចាត់មេដឹកនាំអាយស៊ីសទាំងនេះនឹងរំខានដល់ការវាយប្រហារនាពេលអនាគតប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់និងដៃគូសន្តិសុខរបស់យើងនៅក្នុងតំបន់”។

ទីបញ្ជាការកណ្តាលបានបន្ថែមថា “ដោយសារសម្ពាធឥតឈប់ឈរដែលបន្តដាក់ចេញដោយ SDF ថ្នាក់ដឹកនាំសេសសល់របស់អាយស៊ីសនៅក្នុងតំបន់កំពុងបន្តថយចុះ”។

ចាប់តាំងពីបរាជ័យបាត់បង់ទឹកដីរបស់ខ្លួននៅក្នុងប្រទេសស៊ីរីក្នុងខែមីនាឆ្នាំ ២០១៩ មក ការវាយប្រហាររបស់ពួកអាយស៊ីសត្រូវបានទប់ស្កាត់បានយ៉ាងច្រើន គិតចាប់ពីតំបន់វាលខ្សាច់ដ៏ធំលាតសន្ធឹងពីទីក្រុងឌាអេសហ្ស័ររហូតដល់ទីក្រុងហូមស្ថិតនៅភាគកណ្តាលប្រទេសស៊ីរី។

លោក អាប៊ូ បាក អាល់-បាកដាឌី ដែលដឹកនាំក្រុមអាយស៊ីសតាំងពីឆ្នាំ ២០១៤ និងជាបុរសដែលគេចង់ចាប់ខ្លួនបំផុតនៅលើពិភពលោក ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់របស់កងកម្លាំងពិសេសអាម៉េរិកនៅខេត្តអ៊ីដលីបភាគពាយ័ព្យប្រទេសស៊ីរីកាលពីខែតុលាឆ្នាំ ២០១៩៕ ដោយ៖ កញ្ញាដាលីស

ឧត្តមសេនីយ៍ កេនណេត ម៉ាកឃេនហ្ស៊ី មេបញ្ជាការនៃទីបញ្ជាការកណ្តាលអាម៉េរិក

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ