អាម៉េរិកដាក់ក្រុមហ៊ុនចិនរាប់សិបទៀតចូលក្នុងបញ្ជីខ្មៅ

199
ចែករម្លែក

សហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃសុក្រទី២២ឧសភាថា ខ្លួននឹងបន្ថែមក្រុមហ៊ុន និងស្ថាប័នចិនចំនួន ៣៣ ទៅក្នុងបញ្ជីខ្មៅនៃសេដ្ឋកិច្ចសម្រាប់ការជួយរបបក្រុងប៉េកាំង ស៊ើបការណ៍លើជនជាតិភាគតិចអ៊ុយហ្គួរឬដោយសារតែមានទំនាក់ទំនងជាមួយអាវុធមហាប្រល័យទ្រង់ទ្រាយធំនិងយោធារបស់ចិន។

ចំណាត់ការរបស់ក្រសួងពាណិជ្ជកម្មអាម៉េរិកបានកត់សម្គាល់នូវការខិតខំចុងក្រោយ របស់រដ្ឋបាលត្រាំក្នុងការបង្ក្រាបក្រុមហ៊ុនដែលទំនិញរបស់ខ្លួនអាចគាំទ្រដល់សកម្មភាពយោធាចិននិងដើម្បីដាក់ទណ្ឌកម្មប៉េកាំងចំពោះការប្រព្រឹត្តរបស់ខ្លួនចំពោះជនជាតិ ភាគតិចមូស្លីមនេះ។ រឿងនេះកើតឡើងខណៈពួកមេដឹកនាំបក្សកុម្មុយនីស្តនៅ ទីក្រុងប៉េកាំងកាលពីថ្ងៃសុក្របានបង្ហាញព័ត៌មានលម្អិតនៃផែនការដើម្បីអនុវត្តច្បាប់ សន្តិសុខជាតិលើហុងកុង។

ក្រសួងពាណិជ្ជកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនចំនួន ៧ និងស្ថាប័នចំនួន ២ ត្រូវបានចុះបញ្ជីខ្មៅចំពោះ “ការពាក់ព័ន្ធក្នុងការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពាននានាដែលបានប្រព្រឹត្តនៅក្នុងយុទ្ធនាការរបស់ចិនក្នុងការបង្ក្រាប ការឃុំឃាំងតាមអំពើចិត្ត ការបង្ខំឱ្យធ្វើការ និងការឃ្លាំមើលបច្ចេកវិជ្ជាជាន់ខ្ពស់ប្រឆាំង នឹងជនជាតិអ៊ុយហ្គួរនិងជនជាតិផ្សេងទៀត”។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៀតថាក្រុមហ៊ុន ស្ថាប័នរដ្ឋាភិបាលនិងស្ថាប័នពាណិជ្ជកម្មចំនួន២០ផ្សេងទៀតត្រូវបានបន្ថែមក្នុងបញ្ជី​សម្រាប់ការគាំទ្រដល់លទ្ធកម្មវត្ថុប្រើប្រាស់ផ្សេងសម្រាប់យោធាចិន។

ក្រុមហ៊ុនជាប់ក្នុងបញ្ជីខ្មៅទាំងនោះផ្តោតលើបច្ចេកវិជ្ជា AI និងបច្ចេកវិជ្ជាសម្គាល់មុខ ជាទីផ្សារដែលក្រុមហ៊ុនបន្ទះឈីបរបស់សហរដ្ឋអាម៉េរិកដូចជាក្រុមហ៊ុន Nvidia Corp និងក្រុមហ៊ុន Intel Corp បាននិងកំពុងវិនិយោគយ៉ាងខ្លាំងក្លា។

ក្នុងចំណោមក្រុមហ៊ុនជាប់បញ្ជីខ្មៅទាំងនោះគឺមានក្រុមហ៊ុន NetPosa ដែលជាក្រុមហ៊ុន AI ល្បីល្បាញជាងគេរបស់ចិន ដែលបច្ចេកវិជ្ជាសម្គាល់មុខ​របស់ខ្លួនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឃ្លាំមើលជនជាតិមូស្លីម។

ក្រុមហ៊ុន Qihoo360 ដែលជាក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណេតដ៏ធំមួយ ថ្មីៗនេះបានល្បីលើព័ត៌មានដោយអះអាងថាខ្លួនបានរកឃើញភស្តុតាងថា ឧបករណ៍ចារកម្ម CIA ត្រូវបានប្រើដើម្បីកំណត់ទិសដៅលើវិស័យអាកាសចរណ៍ចិន។

ក្រសួងពាណិជ្ជកម្មបាននិយាយថាខ្លួនកំពុងបន្ថែមក្រុមហ៊ុននិងស្ថាប័នទាំងនោះទៅក្នុង “បញ្ជីឈ្មោះអង្គភាព” របស់ខ្លួនដែលរឹតត្បិតការលក់ទំនិញរបស់សហរដ្ឋអាម៉េរិក​ដែលដឹកជញ្ជូនឱ្យទៅពួកគេនិងទំនិញមានកំណត់មួយចំនួនទៀត ដែលផលិតនៅ​បរទេសជាមួយនឹងវត្ថុធាតុឬបច្ចេកវិជ្ជារបស់អាម៉េរិក។

មេធាវីនៅវ៉ាស៊ីនតោន លោកខេវិន វូហ្វ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាន​និយាយថា ការចុះក្នុងបញ្ជីខ្មៅចុងក្រោយបង្អស់នេះបង្ហាញនូវការបន្តកិច្ចប្រឹងប្រែង​យូរអង្វែងរបស់រដ្ឋាភិបាលអាម៉េរិកក្នុងការហាមឃាត់ការនាំចេញទំនិញទៅក្រុមហ៊ុន​ចិន ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សឬគាំទ្រដល់យោធាចិន៕ ដោយ៖ កញ្ញាដាលីស/Ha

ក្រុមហ៊ុន NetPosa ដែលជំនាញខាងបច្ចេកវិជ្ជាសម្គាល់មុខ ក៏ជាប់ក្នុងបញ្ជីខ្មៅរបស់អាម៉េរិកដែរ