រដ្ឋមន្ត្រី​ព័ត៌មានៈ បោះពុម្ព​សៀវភៅ​ជា​ភាសាជាតិ និង ភាសារ​បរទេស គឺជា​ការប្រសើរ​ណាស់

178
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​សរសើរ​ដល់​ការបោះពុម្ព​សៀវភៅ​មួយ​ចំណងជើងលើសពី​មួយ​ភាសា​ថា “ ការបោះពុម្ព​សៀវភៅ​ជា​ភាសាជាតិ និង ភាសាបរទេស ជាពិសេស​សៀវភៅ​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ ប្រពៃណី វប្បធម៌ ឯកសារ​ស្រាវជ្រាវ និង ប្រវត្តិ​ថ្នាក់ដឹកនាំ ជាតិ គឺជា​រឿង​ដ៏​ល្អប្រសើរ​ណាស់ ដោយហេតុថា កន្លងមក​ទាំង​ខ្មែរ ទាំង​បរទេស ដែល​សិក្សា​អំពី​ប្រទេស និង ថ្នាក់ដឹកនាំ​របស់កម្ពុជា សុទ្ធតែ​សិក្សា​តាម​ឯកសារ​ដែល​សរសេរ​ចងក្រង​ដោយ​ជនបរទេស​ទាំងអស់ ដែលជា​ញឹកញាប់ គឺ​មិន​ងាយស្រួល​យល់​ដូច​ខ្មែរ​សរសេរ​ដោយ​ខ្លួនឯង​ទេ ហើយ​នេះ​មិនទាន់​គិតដល់​ថា ជនបរទេស​ទាំងនោះ​ស្គាល់​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ប្រពៃណី​វប្បធម៌​ខ្មែរ​កម្រិតណា​នៅឡើយ​ផង ។ វា​ក៏​ជា​មធ្យោបាយ​ដ៏​សំខាន់​មួយ ដើម្បីឱ្យ​ទាំង​ខ្មែរ ទាំង​បរទេស​ស្គាល់ខ្មែរ កាន់តែច្បាស់ និង ទូលំទូលាយ ។ ម្យ៉ាងទៀត ក៏​ជា​កិ្ត​យស​របស់​ជាតិខ្មែរ​ដែរ ដែល​បង្ហាញថា ខ្មែរមាន​សមត្ថភាព​អាច​សរសេរ​ចងក្រង​ប្រវត្តិសាស្ត្រ និង ឯកសារ​ផ្សេង​ដោយ​ឯង “ ។

លោក ខៀវ កាញារីទ្ធ ( ស្តាំ ) និង លោក​សាស្ត្រាចារ្យ ឆាយ សុផល ( ឆ្វេង ) ( រូបៈ មេសា )


​លោក ខៀវ កាញារីទ្ធ លើកឡើង​យ៉ាង​ក្បោះក្បាយ​បែបនេះ កាលពី​ថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២០ នៅឯ​ក្រសួង​ព័ត៌មាន នាឱកាស​ទទួល​សៀវភៅ​ដែលមាន​ចំណងជើង​ថា “ ប៊ុន រ៉ានី ភរិយា​បុរស​ខ្លាំង នៃកម្ពុជា “ ពី​លោក សាស្ត្រាចារ្យ ឆាយ សុផល ដែល​សៀវភៅ​នេះ បោះពុម្ព ជា ២ ភាសា គឺ​ភាសា​ខ្មែរ និងភាសា​អង់គ្លេស ។​
​ជាការ​កត់សម្គាល់ ប៉ុន្មាន​ឆ្នាំ​មកនេះ វិស័យ​សៀវភៅ​នៅ​កម្ពុជា ត្រូវបាន​មើលឃើញថា​មាន​សម្ទុះ​ខ្លាំងក្លា​គួរឱ្យកត់សម្គាល់​ក៏ពិតមែន ប៉ុន្តែ​ការធ្វើ​អាជីវកម្ម​បោះពុម្ព​សៀវភៅ ត្រូវបាន​ទទួលស្គាល់ថា កុំថាឡើយ​បោះពុម្ព​ជា​ភាសាបរទេស សូម្បីតែ​បោះពុម្ព​ជា​ភាសាជាតិ នៅតែ​តឹងតែង​នៅឡើយ​ដែរ ។


​នៅពេល​សួរថា ហេតុអ្វី​បានជា​លោក​បោះពុម្ព​សៀវភៅ “ ប៊ុន រ៉ានី ភរិយា​បុរស​ខ្លាំង នៃ កម្ពុជា “ នេះ​ជា ២ ភាសា លោក សាស្ត្រាចារ្យ ឆាយ សុផល ដែល​ក៏​ជា​អ្នកនិពន្ធ​សៀវភៅ​នេះ​ផង បាន​ឆ្លើយថា “ ជា​ការពិតណាស់​បើ​យើង​និយាយ​អំពី​ផលចំណេញ​ខាង​លុយកាក់ ប្រហែលជាធ្វើទៅ​មិន​រួច​ទេ ! ប៉ុន្តែ​ខ្ញុំ​យល់ស្រប​នឹង​ទស្សនៈ​របស់​ឯកឧត្តម រដ្ឋមន្ត្រី ( ខៀវ កាញារីទ្ធ ) គឺថា​កន្លង ជនបរទេស អាន​ឯកសារ សៀវភៅ ឬ ឯកសារ​នានា​ដូចជា​ប្រវត្តិសាស្ត្រ សង្គម នយោបាយ ឬ ប្រវត្តិ​មេដឹកនាំ​ណាមួយ របស់ កម្ពុជា ប៉ុន្តែ​សុទ្ធតែ​អាន​ឯកសារ​ដែល​និពន្ធ​ចងក្រង​ដោយ​ជនបរទេស ។ ដូច្នេះ វា​ដល់ពេល​ហើយ ដែល​យើង​ត្រូវ​ផលិត​ឯកសារ​ខ្មែរ​ដោយ​ខ្មែរ​ខ្លួនឯង ដើម្បី ឱ្យ​ជនបរទេស​ដែល​សិក្សា​អំពី​ខ្មែរ ក៏​គួរតែមាន​យោង​ឯកសារ​ដែល​សរសេរ​ដោយ​ខ្មែរ​ដែរ មិនមែន​សិក្សា​តាមតែ​ឯកសារ​និពន្ធ​ដោយ​ជនបរទេស​សុទ្ធសាធ​ទេ “ ។​

លោក សាស្ត្រាចារ្យ ឆាយ សុផល ផ្តល់បទសម្ភាសខ្លីមួយដល់អ្នកសារព័ត៌មាន (រូបៈ មេសា )


​លោក​សាស្ត្រាចារ្យ ឆាយ សុផល បន្ថែមថា រហូតមកដល់​ពេលនេះ ឯកសារ​ប្រវត្តិ​ថ្នាក់ដឹកនាំ​របស់​ប្រទេសកម្ពុជា មាន​ជា​ភាសាជាតិ ដ៏​ច្រើន​គួរសម​ដែរ​ហើយ ប៉ុន្តែ​មាន​ជា​ភាសាបរទេស​តិចតួច​ណាស់​នៅឡើយ គឺ​វា​អាចជា​ការពិបាក​សម្រាប់​ជនបរទេស​ក្នុង​ការសិក្សា​ស្រាវជ្រាវ អំពីកម្ពុជា ហេតុនេះ​ទើប​លោក​បោះពុម្ព​ជា​ភាសាបរទេស​បែបនេះ គឺ​ក៏ដើម្បី ផ្តល់​ភាពងាយស្រួល​ដល់​ការសិក្សា​ស្រាវជ្រាវ​របស់​ជនបរទេស​ផងដែរ ។


​គប្បី​រំឭកថា ប៉ុន្មាន​ឆ្នាំ​មកនេះ​លោក សាស្ត្រាចារ្យ ឆាយ សុផល បាន​ស្រាវជ្រាវ​និពន្ធ​ចងក្រង និងបោះពុម្ព​សៀវភៅ​មួយចំនួន​ដូចជា សត្រូវ​មិត្តភក្តិ​ឯង ផែនដី និង ផែនទី កម្ពុជា វៀតណាម​, នាយករដ្ឋមន្ត្រី​ខ្មែរ​ទាំង ៣៦ រូប​ជា​នរណា ? អំណាច និង រាជបល្ល័ង្ក នៃ មហាក្សត្រ​ខ្មែរ , បងប្អូន​ប្រុស​ទាំង ៣ ឈាម​អ្នក​បន្តវេន និង ហ៊ុន សែន នយោបាយ និង អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង ៤០ ឆ្នាំ ជាដើម ។ ចំពោះ​សៀវភៅ​ដែលមាន​ចំណងជើង​ថា បងប្អូន​ប្រុស​ទាំង ៣ ឈាម​អ្នក​បន្តវេន កំពុង​ត្រូវបាន​ឯកឧត្តម សាស្ត្រាចារ្យ ឆាយ សុផល បោះពុម្ព​ជា ៣ ភាសា គឺ​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង ភាសា ចិន ចំណែកសៀវភៅ ហ៊ុន សែន នយោបាយ និង អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង ៤០ ឆ្នាំ កំពុង​ចាត់ចែង​បោះពុម្ព​ជា ២ ភាសា គឺ​ភាសា​ខ្មែរ និង ភាសា​អង់គ្លេស ។​


​ប្រការ​គួរឱ្យកត់សម្គាល់​បំផុត​មួយ គឺ​តាមរយៈ​សៀវភៅ​ដែលមាន​ចំណងជើង​ថា “ ប៊ុន រ៉ានី ភរិយា​បុរស​ខ្លាំង នៃកម្ពុជា “ នេះ គឺថា​ភរិយា​របស់​មេដឹកនាំ​កំពូល​នៅក្នុង​ពិភពលោក នា​សម័យ​ទំនើប​នេះ ប្រហែលជា​មានតែ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទេ​ដែល​ចេះ​បាញ់បោះ បោក​គ្រាប់បែក និងប្រើប្រាស់​អាវុធ​ស្ទើរតែ​គ្រប់​ប្រភេទ ហើយ​ចេះ​ជីក​លេណដ្ឋាន ( ត្រង់​សេ ) លូន​ក្រាប វាយឆ្មក់​ប​ច្ចា​មិត្រ​ក្នុង​សង្គ្រាម និង កាន់កាំភ្លើង​យាមល្បាត​ជាដើម ព្រោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចូល​បម្រើកងទ័ព ( ចូល​ព្រៃម៉ាគី ) តាម​ការអំពាវនាវរ​ប​ស់ម្តេច នរោត្តម សីហនុ ( អតីត​ព្រះមហាវរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ) នៅក្នុង​ឆ្នាំ ១៩៧០ ។ នេះ​មិនទាន់​គិតពី​ប្រវត្តិ​ល្វីង​ជូរចត់​ក្នុង​របប ប៉ុល ពត ជាដើម​ផង​ទេ ៕ Kh/Ha

​ពិធីប្រគល់ និង ទទួល​សៀវភៅ ប៊ុន រ៉ានី ភរិយា​បុរស​ខ្លាំង នៃ កម្ពុជា ( រូបៈ មេសា )

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ