រកឃើញសាកសព​៨០នាក់បន្ទាប់​ពី​យន្តហោះ​ធ្លាក់​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​

156
ចែករម្លែក

​មន្ត្រី​សុខាភិបាល​ខេត្ត​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សាកសព​សរុប​៨០ នាក់​ត្រូវបាន​រកឃើញ​​ បន្ទាប់​ពី​យន្តហោះ​ប៉ា​គី​ស្ថាន​មួយ​គ្រឿង​ដែល​មាន​អ្នក​ជិះ​ជិត​១០០​នាក់​បាន​ធ្លាក់​នៅ​ទីក្រុង​​កា​រ៉ា​ជី ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​រសៀល​ថ្ងៃ​សុក្រ​ទី​២២​ឧសភា ។​

​តាម​សេចក្តីរាយការណ៍​ថា​ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​ប៉ា​គី​ស្ថាន (PIA) នេះ​បាន​បម្រុង​ចុះចត​ជាច្រើន​លើក​នៅ​អាកាសយានដ្ឋាន​នៃ​ទីក្រុង​នេះ មុន​ពេល​វា​បាន​ធ្លាក់ចំ​តំបន់​ផ្ទះ​​ប្រជាជន​រស់នៅ​ច្រើន ដោយ​បំផ្លាញ​អគារ​ជាច្រើន និង សម្លាប់​មនុស្ស​ជាច្រើន​នៅលើ​ដី​។​

​សេចក្តីថ្លែងការណ៍​ជា​ផ្លូវការ​បាន​បញ្ជាក់ថា ​មាន​អ្នក​នៅ​រស់រាន​មានជីវិត​ចំនួន​២​នាក់​ហើយ​រហូត​មកដល់ពេលនេះ សា​កសាព​៨០​នាក់​ត្រូវបាន​រកឃើញ​ពី​គំនរ​បាក់បែក​នៅ​កន្លែង​យន្តហោះ​ធ្លាក់​។​

​ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​និយាយថា យន្តហោះ​នេះ​បាន​បាត់​ការទាក់ទង​ជាមួយ​នឹង​អ្នកគ្រប់គ្រង​ការហោះហើរ​នៅ​ម៉ោង​២:៣០​ល្ងាច ដោយ​ធ្វើដំណើរ​ចេញពី​​ទីក្រុង​ឡាហ័​រ ទៅ​ទីក្រុង​កា​រ៉ា​ជី​។​

​គេ​មិន​ទាន់​ដឹង​មូលហេតុ​នៃ​ការធ្លាក់​យន្តហោះ​នេះ ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​បាន​និយាយថា ការស៊ើបអង្កេត​បាន​កំពុងដំណើរការ​៕​ប្រែ​សម្រួល​៖សុខា/sn/Ha

ក្រុម​អ្នក​សង្គ្រោះ​និង​អ្នកស្រុក​ជួយ​ប្រមូល​យក​សាកស​ពី​គំនរ​បាក់បែក​នៅ​កន្លែង​ធ្លាក់​យន្តហោះ​នៅ​ទីក្រុង​កា​រ៉ា​ជី​ប្រទេស​ប៉ា​គី​ស្ថាន កាលពី​ថ្ងៃ​សុក្រ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ