ដំណើរការ​ឡើងវិញ​នូវ​វិស័យ​កីឡា​ក្រោម​វិធាន​ការការពារ និង​ទប់ស្កាត់​កូ​វីដ​១៩

471
ចែករម្លែក

​កាលពី​ថ្ងៃទី​២២​ខែឧសភា​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងសុខាភិបាល បានអនុញ្ញាត ឲ្យ​ដំណើរ ការឡើង​វិញ ជា​ជំហានៗ សម្រាប់​វិស័យ​កីឡា​មួយចំនួន ចាប់ពី​ខែមិថុនា​តទៅ​។ ក៏ប៉ុន្តែ​ការបើក ឲ្យ​មានការ​ប្រកួត​កីឡា​ឡើងវិញ​នេះ ត្រូវអនុវត្ត​តាម​លក្ខ​ខណ្ឌ​មួយចំនួន ដើម្បី​ចូលរួម​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​
​ ​
​តាម​សេចក្តីប្រកាស ការប្រកួត​កីឡា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ជាតិ នឹងត្រូវ​អនុញ្ញាតឱ្យ​បើក​ការ ប្រកួត​ឡើងវិញ តែ​មិនមាន​អ្នកទស្សនា ហើយ​កីឡាករ កីឡាការិនី និង​មន្ត្រី បច្ចេកទេស​ដែល​ចូល រួម​ប្រកួត មិនត្រូវ​មាន​ចំនួន​លើសពី ១០០​នាក់​នោះឡើយ​។

​ការអនុញ្ញាតឱ្យ​បើក​ការប្រកួត​ឡើងវិញ​នូវ​កីឡា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ជាតិ នឹង​ចាប់​អនុវត្ត ជា​បណ្ដើរៗ ចាប់ពី​ខែមិថុនា ឆ្នាំ​២០២០​តទៅ តែ​ដាច់ខាត​ត្រូវ​គ្រប់គ្រង​ទទួលខុសត្រូវ​ឲ្យ​យ៉ាង ហ្មត់ចត់ ពី​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ​ដោយ​អនុវត្ត​អនាម័យ​តាម​វិធានការ​អនាម័យ​របស់​ក្រសួង សុខាភិបាល​។

​ក្រៅពី​អនុញ្ញាត​ឲ្យ​មានការ​ប្រកួត​កីឡា​ផ្លូវការ​របស់​សហព័ន្ធ​កីឡា​ជាតិ គណៈកម្មការ​អន្តរក្រសួង ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីត ១៩ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏បាន​សម្រេច​អនុញ្ញាត ឱ្យមាន​ការប្រមូលផ្ដុំ​ហ្វឹកហាត់​ក្រុម​កីឡាករ​ជម្រើសជាតិ​ឡើងវិញ​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​វិធានការ​ការពារ​កុំឱ្យ​មានការ​ចម្លង​វីរុស កូ​វីដ​-១៩ និង​ការពារ​រលក​ទី​ពីរ​នៃ​ការចម្លង​វីរុស​កូ​វីដ​១៩ របស់​ក្រសួងសុខាភិបាល​។

​ក្នុងពេល​ដំណើរការ​ឡើងវិញ​ជា​ជំហានៗ​នូវ​វិស័យ​កីឡា​មួយចំនួន ចាប់ពី​ខែមិថុនា​តទៅ គឺ​ត្រូវ អនុវត្ត​នូវ​វិធានការ​អនាម័យ រួមមាន ការសម្អាត​ដៃ​ឱ្យបាន​ញឹកញាប់ ដោយ​ប្រើ​ទឹកស្អាត និង​សាប៊ូ ឬ​ទឹក​អាល់កុល ឬ​ទឹក​ជែ​ល​សម្រាប់​លាងដៃ ប្រើប្រាស់​ម៉ាស ឬ​កន្សែង ឬ​ក្រមា ឬ​ក្រដាស​ជូត​មាត់ ក្នុងករណី​ចាំបាច់ ដើម្បី​ខ្ទប់មាត់​ច្រមុះ រាល់ពេល​ក្អក​កណ្ដាស់ រួច​ត្រូវ​បោះចោល​ក្នុង​ធុងសំរាម​ឱ្យ បាន​ត្រឹមត្រូវ អនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​ដោយ​ត្រូវ​នៅ​ឆ្ងាយ​ពីគ្នា យ៉ាងតិច ១ ម៉ែត្រ កន្លះ ឬ ២​ម៉ែត្រ​។

​តាម​សេចក្តីប្រកាស​ដដែល​សហ​ព័ន្ធ​កីឡា​ជាតិ​នីមួយៗ ត្រូវ​ធានា​ជាមុន​ថា ទីកន្លែង​ដែល​បើក ដំណើរការ​កីឡា​ឡើងវិញ មានការ​អនុវត្ត​វិធានការ​ការពារ​ការចម្លង​វីរុស​កូ​វីដ​-១៩ បាន​ត្រឹមត្រូវ និង​ហ្មត់ចត់ និង​មាន​អ្នកត្រួតពិនិត្យ​ត្រឹមត្រូវ ហើយ​មិន​ត្រូវឱ្យ​កន្លែង​ធ្វើ​សកម្មភាព​កីឡា​របស់ខ្លួន ក្លាយទៅជា​កន្លែង​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ នោះឡើយ​។​

​គេ​អាច​នៅចាំ​បាន​ថា​កាលពី​ថ្ងៃទី​២០ ខែឧសភា ក្រសួងសុខាភិបាល ក៏បាន​ប្រកាស​ឲ្យ​ដំណើរ ការឡើង​វិញ​នូវ​សារមន្ទីរ​នានា ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទស្សនា​ឡើងវិញ​ចាប់ពី ខែមិថុនា តទៅ​ដែរ​។ ក៏ប៉ុន្តែ​នៅ​សារមន្ទីរ​ទាំងនោះ ត្រូវអនុវត្ត​វិធានការ​អនាម័យ ដើម្បី​ការពារ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ រួមមាន ការ​វាស់​កម្តៅ​អ្នក​ចូល​ទស្សនា​លាងដៃ​នឹង សាប៊ូ អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ និង​ការរក្សា​គម្លាត ជាដើម​។​

​កាលពី​ថ្ងៃទី​២០ ខែឧសភា ក្រសួងសុខាភិបាល ក៏​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន អនុញ្ញាត​ឲ្យ ជនបរទេស មកពី​ប្រទេស​ចំនួន ៦ រួមមាន អ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង និង​អាមេរិក អាច​ចូលមក​ប្រទេស​កម្ពុជា​ឡើងវិញ​។​

​ការផ្អាក​កីឡា ការបិទ​សារមន្ទីរ​នានា រួមទាំង​ការហាមឃាត់​ជនបរទេស​ទាំង ៦ ប្រទេស​មិន​ឲ្យ ចូល​ប្រទេស​កម្ពុជា ត្រូវបាន​រាជរដ្ឋាភិបាល បានសម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ចាប់តាំងពី​ពាក់ កណ្តាល​ខែមីនា ឆ្នាំ​២០២០ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​នៅពេលនេះ ក៏​មិនមាន​មានន័យថា កម្ពុជា ក៏​ដូច​ពិភពលោក ធូរស្បើយ​នឹង​ការឆ្លង​រាលដាល ជំងឺ​កូ​វីដ​១៩ នោះដែរ​។ ក៏ប៉ុន្តែ​ស្របពេល​ការអនុញ្ញាត​ឲ្យ​ដំណើរការ​ឡើង វិញ នូវ​សារមន្ទីរ ការបើក​ឲ្យ​ដំណើរការ​ឡើងវិញ​នូវ​វិស័យ​កីឡា រួមទាំង​ការអនុញ្ញាត​ឲ្យ​ជនបរទេស មកពី ៦ ប្រទេស ដែលមាន​អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​ច្រើន នាពេលនេះ រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ នូវ​វិធានការ​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ដូចដែល​បាន​រៀប​រាល់​ខាងលើ​។​

​ការបើក​ដំណើរ​ឡើងវិញ​នូវ​វិស័យ​កីឡា នាពេលនេះ ក៏បាន​ធ្វើឡើង ខណៈដែល​យុវជន​អាយុ២៦​ឆ្នាំ​ម្នាក់នៅ​ខេត្តកំពត ត្រូវបាន​រកឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ នៅពេល ​បុរស​នេះ បាន​ជិះ យន្តហោះ វិលត្រឡប់​តាម​ប្រទេស​ហ្វីលីពីន មកដល់​អាកាស យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ក្នុងនោះ អ្នកដំណើរ​លើ​យន្តហោះ​ចម្រុះ​ជាតិ​សាសន៍ ៦២​នាក់​ត្រូវបាន​យកទៅ​ស្នាក់នៅ បណ្តោះអាសន្ន ដើម្បី​តាមដាន​សុខភាព​រយៈពេល ១៤​ថ្ងៃ​។​

​ជាការ​ពិត វិធានការ​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​ក្រសួងសុខាភិបាល គឺអាច​ទុកចិត្ តបាន លើ​កិច្ចការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ នោះ​គឺ​នៅពេល​អ្នកដំណើរ​ទាំង ជនបរទេស ទាំង​ជនជាតិខ្មែរ​យើង នៅមុន​ពេល​ឡើង​យន្តហោះ ចូលមក​កម្ពុជា​ត្រូវមាន​លិខិត បញ្ជាក់ថា មិនមាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ហើយ​នៅពេល​ចុះ​ពីលើ​យន្តហោះ មកដល់​ទឹក​កម្ពុជា ត្រូវបាន​ត្រួតពិនិត្យ​សុខភាព និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​១៩ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ១៤​ថ្ងៃ ដើម្បី​តាមដាន​សុខភាព និង​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ តាម​វិធានការ​ត្រឹមត្រូវ​។​

​ដោយឡែក នៅ​គ្រប់​ទីកន្លែង​សាធារណៈ ទីកន្លែង​ឯកជន តាម​ផ្ទះ ក្រសួង ក្រុមហ៊ុន​ឯកជន​នានា នៅតែ​បន្ត​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល រួមទាំង​ការ​វាស់​កម្តៅ លាងដៃ​នឹង​អាល់កុល ឬ​ជែ​ល ព្រមទាំង​ពាក់​ម៉ាស ក្រមា និង​រក្សា​គម្លាត​សង្គម ក្នុង​កិច្ចប្រជុំ និង​តាម​ហាង​បាយ ជាដើម​។​

​ជាការ​ពិត រឿង​គួរ​ឲ្យ​ភ័យខ្លាច​នូវ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​យើង គឺ​អំឡុងពេល​ចូលឆ្នាំថ្មី ប្រពៃណីជាតិ កាលពី​ពាក់កណ្តាល​ខែមេសា ព្រោះ​កាលណោះ​ប្រជា ពលរដ្ឋ​ខ្មែរ​យើង​ច្រើន​ម៉ឺន​នាក់ ជា​ពលករ​ចំណាកស្រុក ពិសេស​អ្នក​មកពី​ប្រទេស​ថៃ​បានមក លេង​ស្រុក​យ៉ាងច្រើន ខណៈដែល​កាលណោះ ប្រទេស​ថៃ កំពុង​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ប៉ុន្តែ​កម្ពុជា​មិនមាន​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅតាម​សហគមន៍ ស្រុកភូមិ​ឡើយ​ស្របពេល ដែល​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួងសុខាភិបាល បានដាក់​ចេញ​នូវ​វិធានការ​ការពារ​និង​ទប់ ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ រួមទាំង​ការផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​នូវ​សាលារៀន ហាង​ម៉ាស្សា ខារ៉ាអូខេ សារមន្ទីរ និង​ការជួបជុំ ដែល មាន​មនុស្ស​ច្រើន​ហើយ​ត្រូវអនុវត្ត​វិធានការ យ៉ាង​ខ្ជាប់ខ្ជួន ជាដើម​។​

​យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ​យើង​ទាំងអស់ ក៏ត្រូវ​តែ​បន្ត​ចូលរួម​អនុវត្ត​វិធានការ​អនាម័យ លាងដៃ​នឹង​សាប៊ូ ទឹក​អាល់កុល ជែ​ល​សម្លាប់​មេរោគ ពាក់​ម៉ាស់ ប្រើ​ក្រមា​ខ្ទប់មាត់​ពេល​ក្អក កណ្តាស់ និង​បន្ត​រក្សា​គម្លាត​សង្គម តាម​ការណែនាំ​របស់​ក្រសួង សុខាភិបាល​។​

​អនុវត្ត​នូវ​វិធានការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ដោយ​ខ្ជាប់ខ្ជួន ដូច​រាល់ថ្ងៃ ពិតជា​ប្រជាពលរដ្ឋ​យើង ជៀស​ឆ្ងាយ​ពី​ជំងឺ​កូ​វីដ​១៩ ហើយក៏​យើង​មាន​សុខ​ភាពល្អ​តាមរយៈ អនាម័យ​ស្អាត​ជានិច្ច​នេះ​៕ ដោយ​: ម៉េង​ឆៃ​