រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ហាណូយ​សន្យា​រក្សា​សន្តិភាព​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​

1332
ចែករម្លែក

​ចិន​និង​វៀតណាម​កាលពី​ថ្ងៃអាទិត្យ​ទី​០១​មេសា បាន​ប្តេជា​រក្សា​សន្តិភាព​នៅក្នុងស​មុទ្រ​ចិន​ខាងត្បូង​ដែល​ជា​ផ្លូវទឹក​ដ៏​សំបូរ​ធនធាន​តែ​ជា​ប្រភព​នៃ​ភាព​តានតឹង​ដោយ​​សារ​តែ​ការអះអាង​អធិបតេយ្យភាព​ត្រួត​គ្នារ​វាង​ចិន​និង​ប្រទេសជិតខាង​មួយចំនួន​។​

លោកវ៉ាង យី (ឆ្វេង) និងលោក ផាំ ប៊ី​ញមិញ រដ្ឋមន្រ្តីការបរទេសចិននិងវៀតណាម

​ចិន​អះអាង​ជា​កម្មសិទ្ធិ​លើ​សមុទ្រ​នេះ​ស្ទើរ​ទាំងអស់ និង​នៅ​ប៉ុន្មាន​ឆ្នាំ​មកនេះ​បាន​សង់​បណ្តា​កោះ​សិប្បនិម្ម​តដែល​អាច​ដាក់​ទីតាំង​យោធា​ជា​ហេតុ​បង្ក​កំហឹង​ក្នុងចំណោម​​អ្នកអះអាង​កម្មសិទ្ធិ​ផ្សេង​ទៀត​ជា​ពិសេស​វៀតណាម ដែលជា​អ្នក​ប្រឆាំង​បញ្ចេញ​សម្លេង​ខ្លាំងជាងគេ​។​

​ទោះជា​យ៉ាងណា រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ហាណូយ​ក្នុង​អំឡុងពេល​ធ្វើ​ទស្សនកិច្ច​នៅ​វៀតណាម​ថា​«​ភាគី​ទាំង​២​គួរ​គោរព​តាម​គោលការណ៍​គ្រប់គ្រង​ជា​មូលដ្ឋាន​ស្តីពី​ដំណោះស្រាយ​បញ្ហា​សមុទ្រ​។​ភាគី​ទាំង​២​មិនគួរ​អនុវត្ត​វិធានការ​ឯ​តោ​ភាគី​ដែល​នឹង​ធ្វើអោយ​សភាពការណ៍​ស្មុគ​​ស្មា​ញ​»​។​

​ចំណែក​សម​ភាគី​របស់​លោក បាន​បន្ទរ​ការអំពាវនាវ​អោយ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​។​រដ្ឋមន្ត្រីការបរទេស ផាំ ប៊ី​ញមិញ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​យើង​ត្រៀម​​ធ្វើការ​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​បញ្ហា​។​ភាគី​ទាំង​២​គួរ​ចាត់ចែង​ការខ្វែងគំនិត​គ្នា​អោយបាន​ត្រឹមត្រូវ កុំ​ពង្រីក​ជម្លោះ​និង​គោរព​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​​ផង​គ្នា​ដោយ​អនុលោម​ទៅតាម​ច្បាប់​អន្តរជាតិ​»​។​

​ភាព​តានតឹង​របស់​វៀតណាម​ជាមួយ​ចិន​អំពី​ផ្លូវទឹក​នេះ​ស្តែងឡើង​តាម​ការទូត តែ​ការតវ៉ា​ហិង្សា​នៅ​វៀតណាម​បាន​ផ្ទុះឡើង​នៅ​ឆ្នាំ​២០១៤​ក្រោយ​ចិន​បញ្ជូន​ទម្រ​ជីក​​រក​ប្រេង​មួយ​ចូល​ក្នុង​ដែនទឹក​ដែល​វៀតណាម​អះអាងថា​ជា​របស់​ខ្លួន​។​

​ដោយ​ជួប​ភាព​តានតឹង​ជាមួយ​ចិន​ឥតឈប់ឈរ វៀតណាម​បាន​ជំរុញ​ទំនាក់ទំនង​សន្តិសុខ​ជាមួយ​អាមេរិក​ដោយ​ចំហ​។​កាលពី​ខែ​មុន នាវា​ផ្ទុក​យន្តហោះ​អា​មរិ​កមួយ​​បាន​ចូល​ទស្សនកិច្ច​វៀតណាម​ជា​ប្រវត្តិសាស្ត្រ និង​ជា​លើកដំបូង​ចាប់តាំងពី​បញ្ចប់សង្គ្រាម​ឆ្នាំ​១៩៧៥ ហើយ​កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​បាន​ប្រគល់​​ទូក​ល្បាត​៦​គ្រឿង​ព្រមទាំង​គ្រឿង​បរិក្ខារ​តំលៃ​២០​លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​ក្រុង​ហាណូយ​។​

​លោក​វ៉ាង យី ដែល​ទើប​ត្រូវបាន​ដំឡើង​ជា​ក្រុមប្រឹក្សារដ្ឋ នឹង​ចាកចេញ​ពី​ក្រុង​ហាណូយ​នៅ​ថ្ងៃ​ចន្ទ បន្ទាប់ពី​ជួប​ប្រជុំ​ជាមួយ​ប្រធាន​បក្ស​វៀតណាម​លោក ង្វៀន ភូ ទ្រុង​៕ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម