រចនា​, រម្លើង​, រម្លឹក​, រម្លាយ​, មាឃបូជា​, មារយាទ​, មាត្រា​, មហោស្រព

275
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​រចនា រៈ​ចៈ​ន៉ា សំ​. បា​. ( ន​. ) ការតាក់តែង​; ការធ្វើ​ឲ្យ​វិចិត្រ​ផ្សេងៗ​; ការរៀប​រៀង​ឲ្យ​ត្រូវ របៀប​បែបយ៉ាង​; ការ​តែងសេចក្ដី​ឲ្យ​ចុះ​របៀប​; … ។ ខ្មែរ​ប្រើពាក្យ​នេះ​ជា កិ​. ក៏បាន : រចនា​ឲ្យ ល្អ​ប្លែក ។ ប្រើ​ជា គុ​. ក៏បាន : ការ​រចនា​, ក្បាច់រចនា ។ សាលា​រចនា សាលា​ដែលមាន​ពួក​គ្រូ បង្រៀន​ខាង​ការ​រចនា​ផ្សេងៗ (​ឈ្មោះ​សាលារៀន​មួយ​នៅ​ក្រុងភ្នំពេញ ក្នុង​សម័យមុន​, សម័យ​តម​ក​ហៅ សាលា​វិចិត្រសិល្ប​) ។

​រម្លើង ( កិ​. ) ធ្វើ​ឲ្យ​រលើង : រម្លើង​គល់ឈើ ។ ព​. ប្រ​. រំលើង​ឫសគល់ ឬ រំលើង​ឫស​រំលើង​គល់ សើរើ​-​សកេរ្តិ៍ សគល់​គេ​មិន​ឲ្យ​មាន​សល់​ឬ​ផ្តន្ទា​ព្យាបាទ​បំផ្លាញ​គេ​ឲ្យ​រលើង​រលំ ។ គាស់​រម្លើង បង្ខូច​បង្ខុស​ឲ្យ​គេ​ចេញ​ឃ្លាត​ផុតពី​មុខការ​ឬ​ឲ្យ​គេ​ថ្លោះ​ធ្លាក់​យសស័ក្តិ ។

​រម្លឹក ( កិ​. ) ធ្វើ​ឲ្យ​រឭក​ឃើញ គឺ​ឲ្យ​នឹកឃើញ​, ឲ្យ​ភ្ញាក់ស្មារតី​, ឲ្យ​ចាំ​ឡើងវិញ : រម្លឹកស្មារតី​, រំលឹក​គ្នា​, រំឭក​មេ​ទន្ទេញ (​បុ​. សរ​. រំលឹក ក៏បាន​; សម័យ​ឥឡូវ​ក៏​សរសេរ រំឭក ឬ រំលឹក ឬ រម្លឹក នេះ ប្រើ​ជា​ជំនួស​គ្នា​បាន​តាម​ត្រូវការ​) ។

​រម្លាយ ( កិ​. ) ធ្វើ​ឲ្យ​រលាយ : រម្លាយក្រមួន​, រំលាយ​សំណ ។ ធ្វើ​ឲ្យ​ខូច​, ឲ្យ​វិនាស​, បំបាត់​បំបង់ : រម្លាយ​ប្រយោជន៍​គេ​, រំលាយ​ពុតត្បុត ។

​មាឃបូជា មា​ឃៈ​– សំ​. បា​. ( ន​. ) (​មាឃ + បូជា​) ការធ្វើ​បូជា​ក្នុង​ខែមាឃ ។ ឈ្មោះ​បុណ្យ​មួយ សម្រាប់​ពុទ្ធសាសនា ធ្វើ​ក្នុង​ថ្ងៃពេញបូណ៌មី​ខែមាឃ រំ​ឮ​ក​ដល់ សាវក​សន្និបាត “​ការប្រជុំ​សាវ័ក​” នៃ​ព្រះ​សម្ពុទ្ធ​ដែល​ហៅថា ចាតុរង្គសន្និបាត “​ការប្រជុំ​មាន​អង្គ​បួន​” គឺ ១-​ថ្ងៃនោះ​ព្រះចន្ទ្រ​ចរ ចូលដល់​មាឃនក្សត្រ (​ថ្ងៃពេញបូណ៌មី​ខែមាឃ​); ២- ព្រះ​ភិក្ខុសង្ឃ​ចំនួន ១.២៥០ រូប​ឥត​បាន​មត់ កំណត់ពេល​គ្នា​ជាមុន​សោះ ក៏​ស្រាប់តែ​មក​ប្រជុំ​ព្រម​គ្នា ក្នុង​សំណាក់​ព្រះ​បរម​សាស្តា​; ៣- ព្រះ​ភិក្ខុសង្ឃ​ទាំង​អម្បាល​នោះ​សុទ្ធតែជា ឯ​ហិ​ភិក្ខុ​ដូចគ្នា​ទាំងអស់​; ៤-​ព្រះ​ភិក្ខុសង្ឃ​ទាំងនោះ សុទ្ធតែជា​ព្រះអរហន្ត ។ ការប្រជុំ​មាន​អង្គ ៤ ដូច្នេះ ក្នុង​ពុទ្ធសម័យ​មានតែ​ម្ដងគត់​; ក្នុង​វេលា​នោះ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ឱវាទបាតិមោក្ខ …​។ ពួក​ពុទ្ធមាមកជន​គ្រប់​ប្រទេស​ក្នុង សាសនកាល​រៀងមក កំណត់​យក​ថ្ងៃពេញបូណ៌មី​ខែមាឃ​រាល់​ឆ្នាំ​ថា​ជា​ថ្ងៃ​សំខាន់​មួយ​ក្នុងការ ធ្វើ​បូជា : ថ្ងៃ​មាឃបូជា​, ធ្វើ​មាឃបូជា​, បុណ្យមាឃបូជា ។

​មារយាទ មារៈយាត ឬ មាយា​ត បា​.; សំ​. ( ន​. ) (​ម​រិ​យា​ទា​; ម​យ៌ា​ទា​) ខេត្ត​, ដែន​; ព្រំដែន​; ភ្លឺ (​ភ្លឺស្រែ​ជាដើម​); … ។ អាចារៈ​, សណ្ដាប់ធ្នាប់​, របៀប​, របប​, ឫក​, ឫកពា : មារយាទថោក​, មារយាទថ្លៃ​, មានមារយាទ​, ឥត​មារយាទ … ។

​មាត្រា សំ​.; បា​. ( ន​. ) (​ម​ត្តា​) ការរាប់​; ការ​ថ្លឹង​, ស្ទង់​; ការ​វាស់​; ខ្នាត​រង្វាស់ យ៉ាងដូច​ឈើ​រង្វាស់​, ម៉ែត្រ​ជាដើម ។ ខ្នាត​សំឡេង​អក្សរ : ស្គាល់​មាត្រា​អក្សរ ។ ប្រភេទ​សេចក្ដី​ដែល​បែង​ចេញពី​ចំពូក​, ពី​មាតិកា : ចាំ​មាត្រា​ច្បាប់​, កាត់សេចក្ដី​អាង​ដល់​មាត្រា​ច្បាប់ ។

​មហោស្រព មៈហោស្រប់ សំ​.; បា​. ( ន​. ) (​ម​ហោ​ត្ស​វ < មហា + ឧ​ត្ស​វ​; ម​ហុ​ស្សវ < មហា + ឧស្សវ​) របាំ​យ៉ាង​ធំ​, ការលេង​ល្បែង​របាំ​គគ្រឹកគគ្រេង​; ការរីករាយ​សប្បាយ​ខ្លាំង​ដោយ​ល្បែង​របាំ​; ការបញ្ចេញ​របស់​ប្លែកៗ​ដាក់តាំង​ជា​របៀប​យ៉ាង​ធំ​ឲ្យ​មហាជន​មើល​; ពិធី​សម្ភោទ្យ​យ៉ាង​ធំ : លេង​មហោស្រព​, មើល​មហោស្រព​, រៀប​ពិធី​មហោស្រព (​ប្រើ​ក្លាយជា មហោរស្រព ក៏មាន ប៉ុន្តែ​គួរ​លែង​ប្រើ​) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ