«​ជីវិត​ក្នុង​ភាព​នឹងថ្កល់​» ​រឿងរ៉ាវ​របស់​ប្រជាជន​ក្រោម​របប​ខ្មែរក្រហម​ ​ណេ​ត ប៊ុន​ធី ៖ ប្រធាន​ក្រុម​កងពល​១៧០

328
ចែករម្លែក
ណេ​ត ប៊ុន​ធី ខាងស្តាំ និង ណេ​ត ផល្លី ខាងឆ្វេង ថត​ឆ្នាំ​១៩៧២​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ​វេ​នី ខក​ហ្កៀ​ល​, ប៊ា​ង ពី​វ័​ន្ត​, ស៊ឹម សុភ័ក្ត្រ និង រ៉ា ឆៃ​រ៉ា​ន់​
​ ​ណេ​ត ផល្លី ត្រូវជា​ប្អូនប្រុស ណេ​ត ប៊ុន​ធី បាន​និយាយ​រៀបរាប់ថា​៖
​ ​បង​ប៊ុន​ធី មាន​រូបរាង​ស្អាត​គួរ​ឲ្យ​ស្រឡាញ់​ណាស់​។ ពេល​គាត់​នៅ​ភូមិ អ្នកភូមិ​គោរព​រាប់អាន​គាត់​ណាស់​។​តែ​ខ្ញុំ​យល់ថា​មួយជីវិត​របស់គាត់ គាត់​មិនដែល​សប្បាយចិត្ត​ម្ដងណា​ទេ​។​
​ ​បង​ប៊ុន​ធី ចូល​បម្រើ​បដិវត្តន៍​នៅ​ឆ្នាំ​១៩៧០ បើ​គិត​ទៅ​ប្រហែលជា​គាត់​អាយុ​១៩​ឆ្នាំ​។ គាត់​បានឮ​សម្ដេចឪ​ប្រកាស​តាម​វិទ្យុ​ឲ្យ​ប្រជាជន​ចូល​ព្រៃ​តស៊ូ ដូច្នេះ​ទើប​បងប្រុស​ខ្ញុំ​និង​ខ្ញុំ​ប្រជាជន​៧០​នាក់​ទៀត​ចេញពី​ភូមិ​។ កាលណោះ​ខ្ញុំ​នៅ​ក្មេង​ទើប​មិនបាន​ចូលរួម​ហ្នឹង​គេ​។ ដល់​ឆ្នាំ​១៩៧៤​ទើប​ខ្ញុំ​បាន​ទៅ​។
​ ​បង​ប៊ុន​ធី ត្រូវ​បញ្ជូនទៅ​សមរភូមិ​ច្រើនណាស់ ដូចជា​នៅ​ស្វាយរៀង ព្រៃវែង និង​កំពង់ឆ្នាំង​។ ក្រោយមក​គាត់​នៅក្នុង​កងពល​១០៧​នៃ​ភូមិភាគ​បូព៌ា​។ រវាង​ឆ្នាំ​១៩៧២​ដល់​៧៥ គាត់​បាន​ផ្ញើ​សំបុត្រ​មក​ផ្ទះ​រាល់ៗ​ឆ្នាំ​ហើយ​គាត់​មកលេង​ផ្ទះ​រៀងរាល់​ពីរ​បី​ខែម្ដង​។ ពេល​គាត់​មកលេង​ផ្ទះ គាត់​ស្លៀកពាក់​ដែល​ឯកសណ្ឋាន​កងទ័ព​ប៉ុណ្ណោះ​។​
​ ​បង​ប៊ុន​ធី ត្រូវរបួស​លើកដំបូង​នៅពេល​គាត់​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម នៅ​ខេត្តព្រៃវែង​។ កាលណោះ​ប្រហែល​មួយខែ​ក្រោយ​របប​លន់ នល់ ដួលរលំ​។ គាត់​របួស​ជើង ហើយ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ព​-២​។​


​ ​ពេល​គាត់​សម្រាក​នៅ​មន្ទីរពេទ្យ​គាត់​សរសេរ​ប្រវត្តិរូប​ទុក​ឲ្យ បង​សៀង ជានា​រី​ដែល​គាត់​ចង់​រៀបការ​ជាមួយ​។ កាលណោះ​ទាំងស្រី​ទាំងប្រុស​ត្រូវតែ​សរសេរ​ប្រវត្តិរូប​របស់ខ្លួន​។ បុរស​ម្នាក់ៗ​ធ្វើ​កងទ័ព ប៉ុន្តែ​នារី​មិនដឹងថា​ខាង​ប្រុស​ធ្វើ​អ្វី​ទេ ដូច្នេះ​ទើប​ខាង​ប្រុស​ផ្ញើ​ប្រវត្តិរូប​ឲ្យ​ខាង​ស្រី​។ ធ្វើ​ដូច្នេះ​ដើម្បី​ខាង​ស្រី​ដឹង​អំពី​តួនាទី​របស់​ខាង​ប្រុស​។​
​ ​នៅ​ឆ្នាំ​១៩៧៨ បង​ប៊ុន​ធី បាន​ផ្ញើ​សំបុត្រ​មួយ​ឲ្យ​ខ្ញុំ​តាមរយៈ​មិត្ត​ភ​ក្កិ​ម្នាក់​នៅក្នុង​កង​ជាមួយ​ខ្ញុំ​។ ក្នុង​សំបុត្រ​នោះ​សរសេរថា​គាត់​ត្រូវរបួស​ស្នាក់នៅ​ពេទ្យ​១៧​មេសា ទីក្រុង​ភ្នំពេញ​។ កន្លែង​នោះ​នៅក្បែរ​កង​ដឹង​ជញ្ជូន​របស់ខ្ញុំ​។ ខ្ញុំ​បាន​សុំ​ការអនុញ្ញាត​ពី​ប្រធាន​កងវរសេនាធំ​ទៅ​ជួប បង​ប៊ុន​ធី តែ​ដល់ពេល​ចូលដល់​បន្ទប់​របស់គាត់ ខ្ញុំ​បែរជា​ចំណាំ​គាត់​មិនបាន​។ ខ្ញុំ​មិនដែល​ឃើញ​គាត់​ទុក​សក់វែង​ដូច​ពេលនោះ​ដែរ​។ ថ្ពាល់​គាត់​ត្រូវរបួស​យ៉ាងដំណំ​។ ចូលដល់​ក្នុង​បន្ទប់​ភ្លាម ខ្ញុំ​ហៅ​គាត់​«​បង​!​បង​!»​គាត់​ខំប្រឹង​ក្រោកឈរ​។ មុខ​គាត់​ហើម​ធំ​។ ខ្ញុំ​អាណិត​គាត់​ណាស់​។ ខ្ញុំ​យំ​អស់​មួយសន្ទុះ​ទើប​យើង​បាន​ជជែក​គ្នា​ប្រហែល​មួយ​ឬ​ពីរ​ម៉ោង​ដែរ​។


​បង​ប៊ុន​ធី ប្រាប់​ខ្ញុំ​ថា​គាត់​ចង់​ឈប់​ធ្វើ​ទ័ព រួច​ត្រឡប់មកផ្ទះ​រៀបការ​។ គាត់​ថា​គាត់​នឹង បង​សៀង​។ ឪពុកម្ដាយ បង​សៀង ក៏បាន​យល់ព្រម​ពី​រឿង​រៀបការ​របស់គាត់​ទាំងពីរ​នាក់​ដែរ​។ ខ្ញុំ​ថា​« បង​ត្រូវរបួស​អញ្ចឹង​បងអាច​សុំ​អង្គការ​ឲ្យ​ដាក់​បង​នៅ​កង​ពិការ​ដើម្បី​គេច​ពី​ការ​ច្បាំង​គ្នា​ក្នុង​សមរភូមិ​។ បើ​បង តស៊ូ​ប្រយុទ្ធ​នៅ​សមរភូមិ​មុខ ខ្ញុំ​ខ្លាច​តែ​បង​ស្លាប់​ទេ​»​។ បង​ប៊ុន​ធី និយាយថា គាត់​នឹង​ឈប់​ពី​ជួរ​កងទ័ព​។​
​ ​ពេទ្យ​ដាក់​សេរ៉ូម​ឲ្យ​គាត់​។ ដូច្នេះ​ខ្ញុំ​ជួយ​កាន់​ប្លោក​សេរ៉ូម​ឲ្យ​គាត់​ពេល​គាត់​ទៅ​បត់ជើង​។ មកដល់​បន្ទប់​សឹងតែ​មិនទាន់​គាត់​ដួល​គ្រឹប ដោយសារ​គាត់​ទន់ខ្សោយ​ពេក​។ ខ្ញុំ​លើក​គាត់​ឡើង​ទ្រ​គាត់​ពីក្រោយ រួច​ស្រែកហៅ​ពេទ្យ​។ ពេទ្យ​មកដល់​ចាក់​ថ្នាំ​ឲ្យ​គាត់​លុះ​គាត់​ដឹងខ្លួន​គាត់​ប្រាប់ថា គាត់​ចង់ទៅ​ដេក​វិញ​ប៉ុន្តែ​ចេះតែ​រំខាន​គាត់​។ ខ្ញុំ​ឆ្លើយថា បើ​ខ្ញុំ​មិន​ជួយ​បង​ប្រហែលជា​បង​ទង្គិច​ក្បាល​ពេល​ដួល​នោះ​ហើយ​។​


​ ​ពេល​អង្គ​ការយក​គាត់​ចេញពី​ពេទ្យ​គាត់​សុំចូល​កង​ពិការ​។ គាត់​និយាយ​លែងកើត ទើប​ខ្ញុំ​ប្រាប់​គាត់​ឲ្យ​ធ្វើ​ពុត​ជាម​នុស្ស​ថ្លង់​។ ប៉ុន្តែ បង​ប៊ុន​ធី ប្រាប់​ខ្ញុំ​ថា​គាត់​ត្រូវ​អង្គការ​បញ្ជូនទៅ​ខេត្ត កំពង់ឆ្នាំង ហើយ​ប្រធាន​កងពល​ឈ្មោះ ឈូក សៅ ក៏ត្រូវ​ចាប់ខ្លួន​បញ្ជូនទៅ​ទីនោះ​ដែរ​។ ខ្មែរក្រហម​ប្រាប់​គាត់​ថា ម្ដងនេះ​អង្គការ​មិនមែន​បញ្ជូន​ឲ្យ​ទៅ​ច្បាំង​ទេ គឺ​ទៅធ្វើ​ព្រលានយន្តហោះ​។ ខ្មែរក្រហម​មិន​ទុកចិត្ត​អ្នក​ដែល​ធ្លាប់​ធ្វើការ​ជាមួយ ឈូក សៅ​។ ឃើញ​គាត់​តែម្ដង​ហ្នឹង​។ ខ្ញុំ​បាត់​គាត់​រហូត​។​
​ ​ពេល​វៀតណាម​កាន់កាប់​ភ្នំពេញ​នៅ​ឆ្នាំ​១៩៧៩ ខ្ញុំរ​ត់ទៅ​ជំរំ​តាម​ព្រំដែន​ថៃ​។ ទៅដល់​សំឡូត ខ្ញុំ​ខំ​ដើររក​គាត់​ដែរ​ព្រោះ​កម្មាភិបាល​ខ្មែរក្រហម នៅ​ភ្នំពេញ​បាន​រត់​ភៀសខ្លួន​ទៅ​ទីនោះ​ច្រើនណាស់​។ ខ្ញុំ​រក​គាត់​មិនឃើញ​ទើប​គិតថា​គាត់​ស្លាប់​ហើយ​។ ដំបូង​ខ្ញុំ​គិតថា ប្រហែលជា​គាត់​ស្លាប់​ពេលដែល​រត់ចេញ​ពី​ភ្នំពេញ​។​
​ពេល​លោកស្រី​(​អ្នកស្រាវជ្រាវ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​) មកដល់​ទើប​ខ្ញុំ​ដឹងថា បង​ប៊ុន​ធី ស្លាប់​នៅ​គុក​ទួលស្លែង​។​


​ ​គ្រាន់តែ​ឃើញ​ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ ម្ដាយ​ខ្ញុំ​យំ​ពេល​ឃើញ ខ្ញុំ​ស្គម​ខ្លាំងពេក​ខ្យល់​បក់​រលំ​។ អ្នកភូមិ​ជាច្រើន​នាក់​នាំគ្នា​មក​មើល​ខ្ញុំ ទើប​គ្រែ​ខ្ញុំ​បាក់​អស់​។​ ​
​ ​សៀង ដែល​បងប្រុស​ខ្ញុំ​ចង់​រៀបការ​ជាមួយ​ឥឡូវនេះ​គឺជា​ប្រពន្ធ​របស់ខ្ញុំ​។ បងប្រុស​ខ្ញុំ​បាត់​ខ្លួន​យូរណាស់ ហើយ​នាង​រង់ចាំ​បង​ខ្ញុំ​រហូត​តាំងពី​ឆ្នាំ​១៩៧៨​ដល់​១៩៨០​។ ក្រោយមក​ឪពុកម្ដាយ​ខ្ញុំ​សម្រេច​ឲ្យ​ខ្ញុំ​រៀបការ​ជាមួយ​នាង​។​
​ ​បង​ប៊ុន​ធី ធ្លាប់បាន​ផ្ញើ​សំបុត្រ​មក​ផ្ទះ​នៅ​ខែមីនា ឆ្នាំ​១៩៧៨ ម្ដង​ដែរ គឺ​មុនពេល​ខ្ញុំ​ទៅ​មើល​គាត់​នៅ​ពេទ្យ​បន្តិច​។ គាត់​ថា​គាត់​ត្រូវរបួស​កំពុង​ត្រឡប់មកផ្ទះ​។ យូរហើយ​ខ្ញុំ​ដែរ​មិនបាន​យក​សំបុត្រ​នោះមក​មើល ម្ដងនេះ​ខ្ញុំ​ឃើញ​មាន​កណ្ដៀវ​កាត់ នេះ​មានន័យថា​រឿង​របស់គាត់​បាន​ចប់​ហើយ​៕សរន

ណេ​ត ប៊ុន​ធី ខាងស្តាំ និង ណេ​ត ផល្លី ខាងឆ្វេង ថត​ឆ្នាំ​១៩៧២​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ