នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​ធ្វើដំណើរ​ចូល​ដែនទឹក​វេនេ​ស៊ុយអេ​ឡា ដោយ​មិន​ឃើញ​សញ្ញា​រារាំង​ពី​អាម៉េរិក​

158
ចែករម្លែក

​នាវា​ដំបូង​ក្នុងចំណោម​នាវា​ដឹក​ប្រេង​៥​គ្រឿង​របស់​អ៊ីរ៉ង់ បាន​ចូល​ក្នុង​ដែនទឹក​វេនេ​ស៊ុយអេ​ឡា​កាលពី​យប់​ថ្ងៃ​សៅរ៍ ដើម្បី​នាំ​ប្រេង​ទៅអោយ​វេនេ​ស៊ុយអេ​ឡា ដែល​កំពុង​ខ្វះខាត​ប្រេង​ខ្លាំង​ដោយ​ផ្គើន​​នឹង​ទណ្ឌកម្ម​របស់​រដ្ឋាភិបាល​អាម៉េរិក ដែល​ផ្តោត​លើ​សត្រូវ​ទាំងពីរ​។​

​នាវា​ដឹក​ប្រេង Fortune​បាន​ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​វេនេ​ស៊ុយអេ​ឡា តែ​មិន​មាន​សញ្ញា​អន្តរាគមន៍​ពី​អាម៉េរិក​ទេ

​រដ្ឋមន្ត្រីការបរទេស​វេនេ​ស៊ុយអេ​ឡា បាន​និយាយថា «​អ៊ីរ៉ង់​និង​វេនេ​ស៊ុយអេ​ឡា តែង​គាំទ្រ​គ្នា​ក្នុងពេល​លំបាក​។​ថ្ងៃនេះ នាវា​ដឹក​ប្រេងសាំង​ដំបូង បាន​មក​ដល់​សំរាប់​ប្រជាជន​យើង​»​។​

​នាវា​នេះ​ស្ថិត​ចំណោម​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​៥​គ្រឿង​ដែល​កំពុង​ដឹក​ប្រេង​ទៅអោយ​វេនេ​ស៊ុយអេ​ឡា​។​

​មុន​នេះ​ក្នុង​ថ្ងៃ​សៅរ៍​ដដែល ប្រធានាធិបតី​អ៊ីរ៉ង បាន​ព្រមាន​អាម៉េរិក​កុំអោយ​ជ្រៀតជ្រែក​លូកដៃ​ក្នុង​ការដឹក​ប្រេង​ទៅអោយ​វេនេ​ស៊ុយអេ​ឡា បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស​ប្រកាសថា​ខ្លួន​ត្រៀម​នាវា​​ចម្បាំង​និង​យន្តហោះ​ប្រយុទ្ធ​ទៅ​អម​ការពារ​នាវា​ដឹក​ប្រេង​មក​ពី​អ៊ីរ៉ង់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បង្ហោះ​ក្នុង​គេហទំព័រ​របស់លោក ប្រធានាធិបតី ហាស​សាន់ រ៉ូ​ហានី បាន​និយាយថា អាម៉េរិក​បាន​បង្កើត​«​លក្ខខណ្ឌ​មិន​អាច​ទទួលយកបាន​»​នៅ​ផ្នែក​ផ្សេងៗ​នៃ​ពិភពលោក​​និង​អ៊ីរ៉ង់​មិន​ជា​អ្នក​ផ្តួចផ្តើម​ជម្លោះ​ទេ​។​

​លោក​បាន​សរសេរ​បន្ត​ថា «​ប្រសិនបើ​នាវា​ដឹក​ប្រេង​របស់​យើង​នៅ​សមុទ្រ​កា​រ៉ា​អ៊ី​ប ឬ​នៅ​កន្លែង​ណាមួយ​ក្នុង​លោក ជួប​បញ្ហា​បង្ក​ឡើង​ដោយ​អាម៉េរិក គេ​នឹង​ប្រឈម​បញ្ហា​ផងដែរ​។​យើង​សង្ឃឹមថា អាម៉េរិក​​នឹង​មិន​បង្កកំហុស​»៕​ប្រែ​សម្រួល​៖​វាសនា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ