ចែករម្លែក

ភ្នំពេញៈ​ប៉ុន្មាន​ថ្ងៃនេះ​លើ​បណ្តាញ​សង្គម​មានការ​បង្ហោះ​និង​ផ្សាយ​ព័ត៌មាន​ថា​តារា ចម្រៀង​ល្បី​ប្រចាំ​ប្រទេស ឬ ចាស់ព្រឹទ្ធាចារ្យ​ម្នាក់​លោក ណ​យ វ៉ាន់ណេត​សុខៗ​បែរជា​ធ្លាក់ខ្លួន​ក្រ​ទៅធ្វើ​ការសំណង់​។ ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវបាន​សាមីខ្លួន​ចេញមក​បដិសេធ​និង​ទម្លាយ​ការពិត​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​លោក អ៊ឹម ជីវ៉ា កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០​កន្លងមក​ថ្មីៗ​នេះ លោក ណ​យ វ៉ាន់ណេត បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ផ្សព្វផ្សាយ​ថា លោក​បាន​ធ្លាក់ខ្លួន​ក្រ ហើយ​មក​ធ្វើ​ការងារ​សំណង់​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​ខ្លួន​ឱ្យ​រស់​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ជាមួយគ្នា នោះ មាន​មហាជន​ខ្លះ​ដែល​មិនបាន​ដឹង​រឿង​ពិត​របស់លោក​បែរជា​ផ្សព្វផ្សាយ​លោក​ធ្លាក់ខ្លួន ក្រ​ហើយ​គ្មាន​អ្នកណា​ជួយ​ហើយ គ្មាន​សមាគម​សិល្បៈ​ណា ដឹងឮ​ចាប់អារម្មណ៍​ឡើយ​។ ព័ត៌មាន ផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំងនោះ លោក​ពិតជា​មិនបាន​ដឹង​មានរឿង​បែបនេះ​ដែរ​។​

​លោក ណ​យ វ៉ាន់ណេត បាន​បញ្ជាក់ថា រូបថត​ដែល​បង្ហោះ​ថា​លោក​ធ្វើ​ការងារ​សំណង់​នោះ គឺ​លោក​សង់​ជញ្ជាំង​សងខាង​ជាន់​លើដំបូល​ផ្ទះ​ដើម្បី​ការពារ​ភ្លៀង​។ ការដែល​លោក​ធ្វើ​សំណង់ នេះ​ដោយ​ខ្លួន ដោយសារតែ​លោក​ធ្លាប់​សួរ​តម្លៃ​ជាង​ថា គេ​យក​ប្រហែល​៨.០០០​ពាន់​ដុល្លារ​ដើម្បី រៀប​ជញ្ជាំង​នេះ​។ លោក​គិតថា​តម្លៃ​នេះ​ថ្លៃ ។ ដូច្នេះ​លោក​ក៏​សម្រេចចិត្ត​ធ្វើ​ដោយ​ខ្លួន​គ្រាន់តែ ចំណាយ​សម្ភារ​ប្រហែល​អស់​២.០០០​ដុល្លារ​ប៉ុណ្ណោះ​។ លោក​បន្តថា​មួយរយៈ​នេះ​លោក​ឧស្សាហ៍ ធ្វើ​ការងារ​ផ្ទះ​ជាច្រើន​ដោយសារតែ​លោក​មិនមាន​ការងារ​នៅ​ខាងក្រៅ​ហើយ​ចំ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ ទៀត​លោក​ត្រូវតែ​សម្ងំ​នៅផ្ទះ ធ្វើ​ទៅតាម​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល​។​

​ទន្ទឹមនឹង​នោះដែរ លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់ថា លោក​ណ​យ វ៉ាន់ណេត មិនបាន​ធ្លាក់ខ្លួន​ធ្វើ កម្មករសំណង់​ដូច​គេ​យកមក​ផុស​ឬ​យកមក​ផ្សាយ​ឡើយ​។ គឺ​ពេលនេះ​បងប្រុស​ណ​យ វ៉ាន់ណេត កំពុង​រស់នៅ​យ៉ាង​មាន​ក្តី​សុខ ជាមួយ​ក្រុមគ្រួសារ និង​កូន​ដែល​មានផ្ទះ​រហូតដល់​បី​កន្លែង​។ ទីមួយ​វីឡា​កូនកាត់​នៅ​ខាងត្បូង​វត្ត​ចំពុះក្អែក និង​វិឡា​ទី​ពីរ​នៅខាងមុខ​វត្ត​និរោធ និង​ផ្ទះល្វែង​ទី​បី នៅ​វាល​ស្បូវ ។​គាត់​ក៏មាន​ដី​នៅ​ខេត្ត កំពង់ស្ពឺ ។ អ្វីដែល​បងប្អូន​ឃើញ​រូបគាត់​បង្ហោះ​ធ្វើ​សំណង់ នោះ គឺ​គាត់​ជួយ​ធ្វើ​ដំបូលផ្ទះ​ខាងលើ​ឲ្យ​កូន​គាត់​ដោយសារ​គាត់​ខ្ជិល​ជួល​ជាង​នាំ​អស់​លុយ ច្រើន​ព្រោះ​បងប្រុស​ណ​យ​វ៉ាន់ណេត​គាត់​ចេះ​ផ្នែក​សាង់សង់​ដែរ​។​គឺ​គាត់​អាចធ្វើ​បាន ។ ផ្ទះ​ដែល គាត់​ធ្វើ​នោះ​គឺ​ធ្វើ​ទុក​ឲ្យ​កូន​គាត់​រស់នៅ ។​

​លោក អ៊ឹម ជីវ៉ា បាន​ប្រាប់ថា អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ​សូម​បងប្អូន​មេត្តា​ជ្រាប ហើយ​សូម​ច្រានចោល​ព័ត៌មាន​ក្លែងក្លាយ​ហើយ​សូមកុំ​ជឿ​តាម​ការ​បំផុសបំផុល​បំពុលសង្គម​ទៀត​ព្រោះ​ការ​ផុស​នេះ​គឺអាច​ប៉ះពាល់​ដល់​កិត្តិយស​និង​សេចក្តីថ្លៃថ្នូ​របស់​បងប្រុស ណ​យ​វ៉ាន់ណេត ។​

​លោក​ណ​យ​វ៉ាន់ណេត មានកូន​ប្រាំ​នាក់​។ លោក​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នៅ​ឆ្នាំ​១៩៨៦ ហើយ​ល្បីល្បាញ​ក្នុង​ឆ្នាំ​១៩៩០​ជាង​។ ទីលំនៅ​អចិន្ត្រៃយ៍​របស់លោក គឺ​នៅ​ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​៕ ដោយៈ បូ​រិ​ន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ