ចិន​ព្រមាន​កុំអោយ​អាម៉េរិក​រុញ​ទំនាក់ទំនង​ទៅកាន់​«​មាត់ច្រាំង​នៃ​សង្គ្រាមត្រជាក់​»

184
ចែករម្លែក

​អាម៉េរិក​កំពុង​រុញ​ទំនាក់ទំនង​ជាមួយ​ចិន​ទៅកាន់​«​មាត់ច្រាំង​នៃ​សង្គ្រាមត្រជាក់​»​មួយ នេះ​បើ​តាម​រដ្ឋមន្ត្រីការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​ឧសភា ដោយ​​លោក​ច្រានចោល​«​ការ​ភូតកុហក​»​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្តីពី​វីរុស​កូរ៉ូណា នៅពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និយាយថា ខ្លួន​បើកចំហ​ចំពោះ​កិច្ចខិតខំ​របស់​អន្តរ​​ជាតិ​ដើម្បី​ស្វែងរក​ប្រភព​របស់​វា​។​

​លោក​រដ្ឋមន្ត្រី​វ៉ាង យី បាន​និយាយថា សហរដ្ឋ​អាម៉េរិក​ឆ្លង​«​វីរុស​នយោបាយ​» ដោយ​បង្ខំ​អោយ​ពួក​មេដឹកនាំ​នៅ​ទីនោះ​វាយប្រហារ​ចិន​ជា​បន្តបន្ទាប់​។​លោក​ថា​«​យើង​​ចាប់អារម្មណ៍​ថា កម្លាំង​នយោបាយ​ខ្លះ​នៅ​អាម៉េរិក​កំពុង​យក​ទំនាក់ទំនង​ចិន​-​អាម៉េរិក ធ្វើជា​ចំណាប់ខ្មាំង​និង​រុញ​ប្រទេស​យើង​ទាំង​ពីរ​ទៅ​កាន់​មាត់ច្រាំង​នៃ​សង្គ្រាម​ត្រ​​ជាក់​ថ្មី​មួយ​»​។​

​សូមបញ្ជាក់​ថា ការ​ប្រេះឆា​រវាង​មហាអំណាច​ទាំងពីរ អំពី​ពាណិជ្ជកម្ម សិទ្ធិមនុស្ស​និង​បញ្ហា​មួយចំនួន​ទៀត ត្រូវ​បាន​រុញ​ទៅ​ដល់​កំរិត​ខ្ពស់​ថ្មី​ចាប់តាំងពី​ការផ្ទុះ​វីរុស​ឆ្លង​នេះ​។​

​លោក​វ៉ាង មិន​បាន​បញ្ជាក់​ថា​អ្វី​ជា​«​កម្លាំង​» ដែល​លោក​ចង់​និយាយ​នោះ​ទេ តែ​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ​បាន​ដឹកនាំ​ការរិះគន់​ចម្លើយ​តប​របស់​ចិន​ចំពោះ​ជំងឺឆ្លង​​ដែល​បាន​បណ្តាលអោយ​ស្លាប់​មនុស្សជាង​៣៤០.០០០​នាក់​នៅ​ទូទាំង​ពិភពលោក​។​

​ដោយ​រិះគន់​ចម្លើយ​តប​របស់​អាម៉េរិក​ចំពោះ​វីរុស​នេះ​ដែល​បាន​ចម្លង​និង​សម្លាប់​មនុស្ស​នៅ​អាម៉េរិក​ច្រើនជាង​ប្រទេស​ណាៗ​ទាំងអស់​នៅក្នុង​លោក លោក​វ៉ាង​បាន​និយាយ​​ថា​«​ខ្ញុំ​អំពាវនាវ​អោយ​អាម៉េរិក​ឈប់​ចំណាយ​ពេល​ឥតប្រយោជន៍​និង​បញ្ឈប់​ចំណាយ​អាយុជីវិត​មាន​តំលៃ​»​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ចិន​បើកចំហ​ចំពោះ​កិច្ចសហការ​វិទ្យាសាស្ត្រ​អន្តរជាតិ ដើម្បី​កំណត់​ប្រភព​នៃ​វីរុស​កូរ៉ូណា​តែ​បាន​បញ្ជាក់ថា ការស៊ើបអង្កេត​ណាមួយ​ត្រូវតែ​«​ផុតពី​អន្តរាគមន៍​នយោបាយ​» ផ្អែក​លើ​វិទ្យាសាស្ត្រ​និង​ដឹកនាំ​ធ្វើ​ដោយ​អង្គការ​សុខភាព​ពិភពលោក​៕​ប្រែ​សម្រួល​៖​វាសនា​

វ៉ាង និយាយថា អាម៉េរិក​ក្រៅពី​ហិនហោច​ដោយសារ​វីរុស​ណូវ៉ែល​កូរ៉ូណា ក៏​មាន​វីរុស​នយោបាយ​រីក​រាលដាល​ពេញ​អាម៉េរិក​ផងដែរ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ