ស្ត្រី​មេម៉ាយ​កូន​៤​នាក់​ដ​ង្ហើ​យ​រក​សប្បុរសជន ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ជីវភាព​ខ្វះខាត​

177
ចែករម្លែក

ដោយ​: គ្រញូង / ខេត្តបាត់ដំបង​: នៅ​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០២០ អ្នកសារព័ត៌មាន​មួយក្រុម​បាន​ជួប​សម្ភាសន៍​ជាមួយ​ស្ត្រី​មេម៉ាយ​ម្នាក់ ដែលមាន​កូន​៤​នាក់​ក្នុងបន្ទុក ស្ថិតនៅ​ភូមិ​គីឡូ​១៣​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ហើយ​មាន​ជីវភាព​ខ្វះខាត​ប្រចាំថ្ងៃ​បាន​សំណូមពរ​តាមរយៈ​អ្នកសារព័ត៌មាន សុំ​ឲ្យ​សប្បុរសជន និង​អាជ្ញាធរ​ស្រុក ខេត្ត​ជួយឧបត្ថម្ភ​សម្ភារៈប្រើប្រាស់ និង​ថវិកា​មួយចំនួន​ដើម្បី​ចិញ្ចឹម​កូន​ដែល​នៅ​តូចៗ ហើយ​ប្តី​ត្រូវ​សមត្ថកិច្ច​ចាប់​ដាក់គុក​ពាក់ព័ន្ធ​នឹង​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​។​

​ស្ត្រី​មេម៉ាយ​រូបនោះ​មានឈ្មោះ ហ៊ិ​ន ថា អាយុ​៣៥​ឆ្នាំ រស់នៅ​កូនខ្ទម​តូច​មួយ​ទទួលបន្ទុក​ចិញ្ចឹម​កូន​៤​នាក់​(​ស្រី​២​នាក់​)​។​

​ស្ត្រី​រូបនោះ​និយាយថា ក្រោយពី​ប្តី​គាត់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​យកទៅដាក់​ពន្ធនាគារ​ពា​ក់​ព័ន្ធ​ទៅនឹង​ការប្រើប្រាស់​ជួញដូរ​ថ្នាំញៀន ធ្វើឱ្យ​គាត់​មានការ​ពិបាក​ក្នុងការ​ចិញ្ចឹម​កូន ពិសេស​មិនបាន​រៀនសូត្រ​ទាំង​៤​នាក់​។​

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​ផ្ទះ​ស្ត្រី​មេម៉ាយ បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា រៀងរាល់ថ្ងៃ​ក្មេង​ទាំង​៤​នាក់​បាន​ដើរ​បេះ​បន្លែបង្ការ​តាម​អូរ​ជាប់​ព្រំដែន​ថៃ យកទៅលក់​តាម​ភូមិ​ក្នុង​ផ្សារ ដើម្បី​បាន​ថវិកា​ខ្លះ​ដោះស្រាយ​ជីវភាព​។​

​ស្ត្រី ហ៊ិ​ន ថា បាន​សំណូមពរ​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ​ស្រុក ពិសេស​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​សំពៅ​លូន មេត្តាជួយ​ឧបត្ថម្ភ​គ្រួសារ​គាត់​ផង ដើម្បី​យកមក​ចិញ្ចឹម​កូន​ដែល​នៅ​តូចៗ មិន​អាចជួយ​រកប្រាក់​មក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​បាន ហើយ​កូន​គាត់​មិនបាន​ចូលរៀន​នឹង​គេ​ទេ​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ