ដោយសារ​កូ​វីដ មិនមែន​តែម​នុស្ស សូម្បីតែ​ដំរី​ក៏​បាត់បង់​ការងារ​ដែរ​

293
ចែករម្លែក

ឱ​! កូ​វីដ​អើយ​! ម្ដេចក៏​ឯង​ព្រៃផ្សៃ​ម្ល៉េះ​?​។​កុំ​ថា​តែ​មនុស្ស​សូម្បីតែ​ដំរី​ក៏​បាត់បង់​ការងារ​ដោយសារតែ ឯង​ដែរ​។

​តាមរយៈ​រូបភាព​ទាំងនេះ​បង្ហាញ​ពី​ហ្វូង​ដំរី និង​ហ្ម​របស់​ពួកវា​ចាប់ផ្ដើម​ធ្វើដំណើរ​ដ៏​វែងឆ្ងាយ​កាត់​ភ្នំ និង​ព្រៃព្រឹក្សា​ក្នុងប្រទេស​ថៃ ភាគ​ខាងជើង​ត្រឡប់​ទៅ​ភូមិកំណើត​វិញ​ទាំងអស់​ស​ង្ឃឹ​ង​ក្រោយពី បាត់បង់​ការងារ​។

​ទាំង​ហ្ម​ទាំង​ដំរី​ត្រូវ​ដើរ​ជាច្រើន​ថ្ងៃ​ទម្រាំ​ទៅដល់​ភូមិកំណើត​របស់ខ្លួន​នៅតាម​តំបន់​ដាច់ស្រយាល​ជាប់​ព្រំដែន​ថៃ​-​ភូមា ជា​កន្លែង​រស់នៅ​របស់​ជនជាតិដើម​ភាគតិច​កា​រែ​ន​(Karen)​ដែលមាន​ប្រពៃណី រក្សា​និង​ផ្សាំង​ដំរី​រាប់​សតវត្សរ៍​មកហើយ​។

​វា​ជា​ដំណើរ​ស្រពេចស្រពិល​គ្មាន​ភាពច្បាស់លាស់ ទាំង​សម្រាប់​ក្រុម​បុរស​កុលសម្ព័ន្ធ​និង​ដំរី​របស់ ពួកគេ​ដែល​ត្រូវ​បាត់បង់​ការងារ​ដោយសារ​ការឆ្លង​រាតត្បាត​វីរុស​កូ​វីដ​-១៩​។ គ្មាន​អ្នកណា​ដឹងថា ពួកគេ​នឹង​អាច​វិលត្រឡប់​ទៅ​កន្លែងធ្វើការ​ចាស់​របស់ខ្លួន​វិញ​បាន ឬ​យ៉ាងណា​ឡើយ​ខណៈ​រោងដំរី រាប់សិប​ដែល​ធ្លាប់តែ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ពេញៗ​មួយឆ្នាំ បាន​បិទ​គ្មាន​សល់​នៅពេលនេះ ដោយសារតែ​បម្រាម​ធ្វើដំណើរ​ជា​អន្តរជាតិ​។​

​លោក សាង​ឌឿ​ន ឡេ​ក ឆៃ​ឡឺត (Sangdeaun ‘Lek’ Chailert) សកម្មជន​ការពារ​សិទ្ធិ​សត្វ​ដ៏ លេចធ្លោ និង​ជា​ប្រធាន​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ​មាន​ឈ្មោះថា “​មូលនិធិ​សង្គ្រោះ​ដំរី​” (Save Elephant Foundation) និយាយថា “​ភ្ញៀវទេសចរ​បាត់អស់ នៅពេល​វីរុស​កូ​វីដ​-១៩ ចាប់ផ្ដើម​ផ្ទុះ​។ អ្វីៗ​ត្រូវ​បិទ​គ្មាន​សល់ ហើយ​ម្ចាស់​ដំរី​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​”​។

​ចាប់តាំងពី​វីរុស​នេះ​ចាប់ផ្ដើម​ឆ្លង​រាតត្បាត អង្គការ​ដែលមាន​មូលដ្ឋាន​នៅ​ឈាង​ម៉ៃ ខាងលើនេះ បាន​ជួយឧបត្ថម្ភ​ចំណី​ដល់​ដំរី​ជាង ១.៥០០ ក្បាល​ទូទាំងប្រទេស​។ ហើយ​បើ​គ្មាន​ភ្ញៀវទេសចរ​ទេ សត្វ​ទាំងនេះ​ប្រឈម​ការ​ដាច់ពោះ​ងាប់​ដោយសារតែ​ម្ចាស់​គ្មាន​ប្រាក់ចំណូល​សម្រាប់​ដោះស្រាយ​ការចំណាយ​៕ ប្រែ​សម្រួលៈ​ខុម​