ទិវា​ជាតិ អា​ហ្ស​ង់​ទីន​

259
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ អា​ហ្ស​ង់​ទីន ប្រារព្ធ​ទិវា​ជាតិ របស់ខ្លួន នៅ​ថ្ងៃទី ២៥ ខែ ឩ​សភា តាំងពី​ឆ្នាំ ១៨១១ ដើម្បី រំឭក​ដល់​ថ្ងៃ​ដែល​ពួកគេ​ប្រកាស​បង្កើត​រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា នៅ​ឆ្នាំ ១៨១០ ដែលជា​រដ្ឋាភិបាល​ដំបូង​គេ ក្រោយមក​បង្កើតបានជា ប្រទេស អា​ហ្ស​ង់​ទីន ដែលជា​អ្នក​បន្ត​ពី​រាជាណាចក្រ Viceroyalty of the Río de la Plata ដែល​ស្ថិតក្រោម​អាណានិគម អេ​ស្ប៉ា​ញ ហើយ​ប្រកាស​ឯករាជភាព​ពី អេ​ស្ប៉ា​ញ នៅ​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ១៨១៦ ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​
​សាធារណរដ្ឋ អា​ហ្ស​ង់​ទីន មាន​ផ្ទៃដី ២.៧៨០.៤០០ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ភាគ​អាគ្នេយ៍ នៃ អាមេរិក ខាងត្បូង មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស បូ​លិ​វី ប៉ា​រ៉ា​ហ្កា​យ ប្រេ​ស៊ី​ល អ៊ុយ​រុយ​ហ្កា សមុទ្ទ អា​ត្ល​ង់​ទិ​ក ឈី​លី និង ខ្សែ​កំណត់​ដែនទឹក Drake Passage ។ ឆ្នាំ ២០២០ មាន​ប្រជាពលរដ្ឋ​ជាង ៤៥ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា គ្រិស្ត ភាសាផ្លូវការ​គឺ ភាសា អេ​ស្ប៉ា​ញ រដ្ឋធានី គឺ​ទីក្រុង ប៊ុ​យ​ណូ​ស៊ែរ ។​

​ប្រវត្តិសាស្ត្រ​
​ទឹកដី​ដែលជា​ប្រទេស អា​ហ្ស​ង់​ទីន សព្វថ្ងៃនេះ បាន​ធ្លាក់​ក្រោម​អាណានិគម អេ​ស្ប៉ា​ញ ចាប់ពី អំឡុង​ចន្លោះ​ឆ្នាំ ១៥១៦ និង ១៥២៦ ។ ចាប់ពី​ឆ្នាំ ១៨០៧ មក អេ​ស្ប៉ា​ញ ត្រូវបាន​លុកលុយ​ដោយ កងទ័ព ចក្រភព អង់គ្លេស ។ បដិវត្តន៍​បារាំង ( ១៧៨៩ -១៧៩៩ ) បាន​រីក​រាលដាល​ដល់ អឺរ៉ុប ហើយ​បាន​ដណ្តើម​កាន់កាប់​ទឹកដី អេ​ស្ប៉ា​ញ ពី អង់គ្លេស ដោយមាន​ការជួយជ្រោមជ្រែង​ពី​មន្ត្រី សំខាន់ៗ​របស់ អេ​ស្ប៉ា​ញ មួយចំនួន ( ព្រោះ​ពួកគេ​គិតថា នឹង​បាន​ឯករាជ្យ ពី អង់គ្លេស ) ។​

​នៅ​ឆ្នាំ ១៨០៨ ស្តេច ឆា​លស៍ ទី ៦ នៃ អាណាចក្រ អេ​ស្ប៉ា​ញ ( ដែល​កំពុងស្ថិត​ក្រោម​កា​រ​ត្រួត ត្រា​របស់ ព្រះ​ចៅ ណាប់​ប៉ូ​ឡេ​អុង បូ​ណា​ប៉ាត៍ បារាំង ) ត្រូវបាន បារាំង បង្ខំ​ឱ្យ​ដាក់រាជ្យ ។ ព្រះអង្គ​ព្រម​ដាក់រាជ្យ ប៉ុន្តែ​បានស្នើ​សុំឱ្យ ព្រះ​ចៅ​អ​ធិ​រាជ្យ ណាប៉ូឡេអុង លើក ព្រះអង្គម្ចាស់ ហ្វ៊ែ​រ​ឌី​ណង់ ទី ៧ ដែលជា​បុត្រា​របស់​ព្រះអង្គ​ឡើង​សោយរាជ្យ​បន្ត ។ ប៉ុន្តែ ណាប៉ូឡេអុង បែរជា​លើក​អនុជ (​ប្អូនប្រុស​) របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ ចូសេព បូ​ណា​ប៉ាត៍ ឱ្យ​ឡើង​សោយ រាជ្យ ជា​ស្តេច នៃ អាណាចក្រ អេ​ស្ប៉ា​ញ ទៅវិញ ។

​ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ដែលជា​ក្រុមប្រឹក្សា នៃ អាណាចក្រ អេ​ស្ប៉ា​ញ ជំទាស់​យ៉ាង​ដាច់ ខាត​ចំពោះ​ការលើក​ស្តេច ចូសេព នោះ​ហើយ​បាន​ដឹកនាំ​ការតស៊ូ​ប្រឆាំង នឹង​រាជការ​របស់​ស្តេច ចូសេព បូ​ណា​ប៉ាត៍ និង ការកាន់កាប់​របស់ បារាំង ទៅលើ អេ​ស្ប៉ា​ញ ដោយ ឩ​ត្ត​ម​ក្រុមប្រឹក្សា កណ្តាល ជុន​តា បាន​កាន់កាប់​អំណាច​ក្នុងនាម រា​ជានុ​សិទ្ធិ ខណៈ​ពុំទាន់​មាន​ស្តេច និង ផ្តាច់ចំណង​ភក្តីភាព​របស់ខ្លួន​ពីរ បារាំង ទៅ​ប្រគល់ឱ្យ ចក្រភព អង់គ្លេស វិញ ។​

​បារាំង ក្តៅក្រហាយ នៅ​ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ១៨១០ កងទ័ព បារាំង បាន​ចូលលុក លុយ​កាន់កាប់ ទីក្រុង សេ​វីឡា និង កាន់កាប់ ក្រុមប្រឹក្សា រា​ជានុ​សិទ្ធិ អេ​ស្ប៉ា​ញ នៅ​ទីក្រុង ខា​ឌី​ហ្ស ហើយ​ឱ្យ ក្រុមប្រឹក្សា​នេះ ដើរតួ​ជំនួស ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ដែល​ប្រឆាំងនឹង​បារាំង វិញ ។​

​ក្រុមប្រឹក្សា​រាជា​នុ​សិទ្ធិ នៃ ទីក្រុង ខា​ឌី​ហ្ស (​ជា​ស្ថាប័ន​អំណាច នៃ រាជាណាចក្រ Viceroyalty of the Río de la Plata ដែល​ស្ថិតក្រោម​អាណានិគម អេ​ស្ប៉ា​ញ​) មិនត្រូវ​បាន​គេ​មើលឃើញថា ជា​អ្នក បន្តវេន​ពី ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ក្នុងឋានៈ​ជា​អ្នកតស៊ូ​អេ​ស្ប៉ា​ញ ឡើយ ប៉ុន្តែ​បែរជា​មាន បំណង​ស្តារឡើងវិញ​នូវ​របប​ផ្តាច់ការ​នៅក្នុង​ទឹកដី អេ​ស្ប៉ា​ញ ទៅវិញ ។ កេ​រ្ត៍​ឈ្មោះ​របស់ ឩ​ត្ត​ម​ក្រុមប្រឹក្សា​កណ្តាល ជុន​តា ត្រូវបាន​គេ​ចងចាំ​ទុក​ក្នុង​ចិត្ត ។

​ថ្ងៃ សុក្រ​-​សៅរ៍ ទី ១៨-១៩ ឩ​សភា ឆ្នាំ ១៨១០ តៀម​កាហ្វេ និង ទី​ផ្សេងៗ នៃ រាជាណាចក្រ Viceroyalty of the Río de la Plata បាន​ក្លាយជា​កន្លែង​ពិភាក្សា​រឿង​នយោបាយ ។ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស បានស្នើ​គំនិត បង្កើត​អង្គការ​រដ្ឋាភិបាល​មួយ​ដែល​នឹង​គ្រប់គ្រង​អំណាច​តំណាង ឱ្យ​ព្រះអង្គម្ចាស់ ហ្វ៊ែ​រ​ឌី​ណង់ ទី ៧ ដែល​អង្គ​រដ្ឋាភិបាល​នោះ​បង្កើត​រួមគ្នា​ជាមួយនឹង​ឩ​បរាជ​របស់ ប៉េ​រូ ចូ​សេ ហ្វ៊ែ​រណង់​ដូ ដឺ អា​បាស្កា​លី ជា​អភិបាល នៃ តំបន់ ប៉ូ​តូ​ស៊ី (​បច្ចុប្បន្ន​ប្រទេស បូ​លី​វ៉ា )​និង ប្រធាន​អង្គ Royal Audiencia of Charcas Vicente Nieto ។​

​ចលនា​បំបែក​ខ្លួន​
​ពួក​អ្នក​វណ្ណៈ​សង្គម មួយចំនួន​បាន​ទៅ​ជួបគ្នា​នៅក្នុង​ភូមិគ្រឹះ​របស់លោក នី​កូ​ឡាស រ៉ូ​ឌ្រី​ហ្កេ​ស ប៉េ​ណា ជា​អ្នកជំនួញ​ដ៏​ធំ​ម្នា​ក់នៅ ប៊ុ​យ​ណូ​ស៊ែរ និង លោក ម៉ា​ទីន រ៉ូ​ឌ្រី​ហ្កេ​ស៍ មេ​ទា​ហ៊ាន​ដ៏​មាន ឥទ្ធិពល​នៅ ប៊ុ​យ​ណូ​ស៊ែរ ។ ពួកគេ​បាន​លើកឡើងថា អេ​ស្ប៉ា​ញ បច្ចុប្បន្ន​ស្ទើរតែ​ក្រោម​ការ​គ្រប់ គ្រង​របស់ ណាប៉ូឡេអុង បូ​ណា​ប៉ាត៍ ទាំងស្រុង​ទៅហើយ អេ​ស្ប៉ា​ញ ពុំមាន​លទ្ធភាព​ត្រួតត្រា ខ្លួនឯង និង Viceroyalty of the Río de la Plata ទៀតឡើយ ពោលគឺ​ដល់ពេល​ដែល Viceroyalty of the Río de la Plata រើបម្រះ​ហើយ ។​

​អំឡុង​យប់​ថ្ងៃទី ១៩ ខែ ឩ​សភា ឆ្នាំ ១៨១០ នោះ មានការ​ពិភាក្សាគ្នា​បន្ថែ​ម​ទៀត​នៅក្នុង ភូមិគ្រឹះ​លោក រ៉ូ​ឌ្រី​ហ្កេ​ស ប៉េ​ណា ដើម្បី បែងចែក​ការងារ​គ្នា​ធ្វើ ក្នុងនោះ​មាន​ទាំង​លោក​ឩ​ត្ត​ម សេនីយ៍ សា​វ៉េ​ដ្រា នៃ អាណាចក្រ Viceroyalty of the Río de la Plata និង លោក ឩ​ត្ត​មនា​វី ម៉ា​នូ​អែន ប៊ែ​ល​ហ្ក្រា​ណូ ផង ។
​ ​
​ល្ងាច​ថ្ងៃ អាទិត្យ ទី ២០ ខែ ឩ​សភា ឆ្នាំ ១៨១០ ដ​ដែ​នោះ លោក​ព្រះរាជអាជ្ញា ហ្សួ​ន ចូ​សេ កា​ស្តេ​លិ ដែលជា​សមាជិក​អង្គប្រជុំ​កាលពី​យប់​ថ្ងៃទី ១៩ ដែរនោះ បានស្នើ​សុំឱ្យ​លោក​ឩ​ត្ត​មនា​វី (​ឩ​បរាជ​) បាល់​តា ហ៊ី​ដាល់​ហ្កូ ដឺ ស៊ី​ស​ណេ​រ៉ូ​ស បើកទ្វារ​វិមាន កាប៊ី​ល​ដូ (​នៃ អាណាចក្រ Viceroyalty of the Río de la Plata ) ។ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស បាន​កោះប្រជុំ​មេទ័ព​ទាំងឡាយ ដើម្បី សុំ​ការគាំទ្រ ប៉ុន្តែ​មាន​ពាក្យ​ច​ចាម​អារាម​ថា តាមពិត​គឺ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស ប្រើ​ឩ​បាយ កល្ប​ចាប់ខ្លួន​ពួក​មេទ័ព​ទាំ​នោះ ដើម្បី គ្រប់គ្រង​ការបះបោរ ។ ប៉ុន្តែ​ឩ​បាយ​កល្ប​នោះ​ពុំបាន សម្រេច​ឡើយ ។

​យប់នោះ មាន​ហេតុការណ៍​ប្រទាញប្រទង់​គ្នា​ជាច្រើន​បានកើត​ឡើង​រវាង​ពួក​អ្នក​ចង់​ធ្វើ​បដិវត្តន៍ បង្កើត​ឯករាជ្យ និង​ពួក​មានអំណាច​មួយក្រុម​តូច​ដែល​ចង់​រក្សា​អំណាច​របស់ខ្លួន​ក្រោម​ការ ត្រួ​ត្រា​របស់ អេ​ស្ប៉ា​ញ ដែល​ពេលនោះ អេ​ស្ប៉ា​ញ ស្ទើរតែ​ក្លាយជា​ដែនដី​អាណានិគម​ទាំង ស្រុង​របស់ បា​រ៉ាំ​ង ទៅហើយ ។ ទីបំផុត ពួក​អ្នក​បដិវត្តន៍​បាន​ដកថយ​ទៅវិញ ដើម្បី​រៀបចំ​ធ្វើ បាតុកម្ម​នៅ​ថ្ងៃ​បន្ទាប់ ។

​ថ្ងៃ ចន្ទ ទី ២១ ខែ ឩ​សភា ឆ្នាំ ១៨១០ ដដែល​នោះ មានការ​ដាក់​លិខិត​ឱ្យ​បើក​វិមាន កាប៊ី​ល​ដូ ។ ហ្វូង​បាតុករ បាន​ដើរ​ឆ្ពោះទៅ​វិមាន​រាជការ កាប៊ី​ល​ដូ ស្រែក​ឡើង​ខ្លាំងៗ​ទាមទារ​បើក វិមាន កាប៊ី​ល​ដូ និង ទាមទារ​ឱ្យ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស លាលែង​ពី​តំណែង ។ ប៉ុន្តែ​ពួក​អ្នក​ទាំងនោះ ត្រូវបាន​ទប់ស្កាត់​ដោយ​កងទ័ព ៦០០ នាក់ ដែល​កាន់កាប់ រាជវាំង ផ្លា​ហ្សា ។
​ ​
​នៅ​ថ្ងៃទី អង្គា​រ៍ ទី ២២ ខែ ឩ​សភា ឆ្នាំ ១៨១០ ខណៈ​ស្ថានភាព​ឡើងក​ម្តៅ​ខ្លាំង​ឡើងៗ មានការ ពិភាក្សាគ្នា​មួយ​ផ្តោតលើ​ការទាមទារ​ឱ្យ​បើក​វិមាន កាប៊ី​ល​ដូ ឱ្យ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ លាលែង​ពី តំណែង និង បង្កើតឱ្យមាន​រដ្ឋាភិបាល​ក្នុងស្រុក​មួយ​ជា​ជំនួស​វិញ ។

​ការជួប​ជុំនោះ តាំងពីព្រឹក​រហូតដល់​កណ្តាល​អា​ធ្រា​ត ដែល​ផ្តោត​សំខាន់​លើ​ធម្ម​នុ​ញ្ញា​ភាព (​ភាពស្របច្បាប់​) នៃ រដ្ឋាភិបាល​មួយ និង អំណាច​របស់ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស ។

​ថ្ងៃទី ពុធ ទី ២៣ ខែ ឩ​សភា ឆ្នាំ ១៨១០ បាន​ចូល​មកដល់ ដោយនៅ​ទីបំផុត​ពួកគេ​សម្រេចចិត្ត បោះឆ្នោត ហើយ​លទ្ធផល​គឺ ១៥៥ សំលេង​ប្រឆាំងនឹង​ការ​មាន​ឩ​បរាជ ៦៩ សំឡេងគាំទ្រ ។ ដូច្នេះ នៅ​ព្រឹក​ព្រ​ហ៊ា​ម នៃ ថ្ងៃទី ២៣ ខែ ឩ​សភា ឆ្នាំ ១៨១០ ខែ ឩ​សភា នោះ វិមាន កាប៊ី​ល​ដូ បានប្រកាស​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ថា ឩ​បរាជ បានបញ្ចប់​យុគ​របស់គាត់​ហើយ ។​

​ថ្ងៃ​ព្រហស្បតិ៍ ទី ២៤ ខែ ឩ​សភា ឆ្នាំ ១៨១០ អំណាច​ខ្ពស់បំផុត​ពេលនេះ​ត្រូវបាន​ប្រគល់ឱ្យ អ្នកគ្រប់គ្រង កាប៊ី​ល​ដូ គឺ លោក ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​សដ​ដែលជា​បណ្តោះអាសន្នរ​ហូត​ដល់​មាន ការតែងតាំង​រដ្ឋាភិបាល​គ្រប់គ្រង​មួយ ។ ដំណឹង​នេះ​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់​ពួក​អ្នក​បដិវត្តន៍ ញ៉ាំងឱ្យ​ពួកគេ​បារម្ភ​ថា​ពួកគេ​នឹង​អាច​ត្រូវ លោក ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស កាប៊ី​ល​ដូ ដាក់ទោស ទើប​អ្នកខ្លះ​បិទទ្វារ​មិន​ចាក​ចេញពីផ្ទះ ។ ប៉ុន្តែ​អ្នកខ្លះ​បាន​ទៅ​ជួបប្រជុំគ្នា​នៅឯ​ភូមិគ្រឹះ​របស់លោក រ៉ូ​ឌ្រី​ហ្កេ​ស ប៉េ​ណា ហើយ​បាន​យល់ឃើញថា​នឹង​ពុំមាន​ការដាក់ទោសទណ្ឌ​លើ​បុគ្គល​ណាមួយ ឡើយ​ប្រសិនបើ​គ្មាន​ការយល់ព្រម​ពី​លោក ឩ​ត្ត​ម​សេនីយ៍ សា​វ៉េ​ដ្រា​ដែលជា​អ្នក​ឈរ​នៅ​ខាង ពួក​អ្នក​បដិវត្តន៍ ។

​រំពេច​នោះ ក៏​ស្រាប់​តែមាន​ហ្វូងមនុស្ស​ឥត​សណ្តាប់ធ្នាប់​ដឹកនាំ​ដោយ ដូ​មីង​ហ្គោ បារាំង បាន​ចូល លុកលុយ​ពាសពេញ រាជវាំង ផ្លា​ហ្សា ដើម្បី ពង្រឹង​អំ​ណា ឩ​បា​រាជ ស៊ី​ស​ណេ​រ៉ូ ។​

​ដំណើរ​ផ្ទុយគ្នា​នេះ​នៅ​យប់នោះ ឩ​ត្ត​ម​សេនីយ៍ សា​វ៉េ​ដ្រា បាន​ជូនដំណឹង​ទៅ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ ថា​គាត់ (​សា​វ៉េ​ដ្រា​) បាន​លាលែង​ពី​តំណែង​ហើយ ដូច្នេះ លោក ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​ស ក៏ត្រូវ​តែ លាលែង​ពី​តំណែង​ដែរ ហើយ ព្រមាន​ថា​នឹង​ជិត​មាន​បដិវត្តន៍​ហិង្សា​ពី​សំណាក់​ប្រជាពលរដ្ឋ​កើត ឡើង​ហើយ​ប្រសិនបើ គាត់ (​ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​) មិន​លាលែង​ពី​តំណែង​ដែរ ហើយ​ថា​ពេលនោះ គាត់ (​សា​វ៉េ​ដ្រា​) នឹងមិន​មានអំណាច​កា​រពារ​គាត់ (​ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ​) ឡើយ ។

​ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ បាន​ឆ្លើយតប​វិញ​ថា គាត់​ចង់​រង់ចាំ​ពីរ​បី​ថ្ងៃ​ទៀត​ទើប​ប្រកាស​លាលែង ពី​តំណែង ប៉ុន្តែ សា​វ៉េ​ដ្រា ប្រាប់ថា គ្មាន​ពេល​សម្រាប់​ពន្យារ​ទៀតឡើយ ទើប ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ ដាក់ពាក្យ​លា​ល​លែង​ពី​តំណែង ប៉ុន្តែ​ត្រូវ​វិមាន កាប៊ី​ល​ដូ បដិសេធ ។

​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែ ឩ​សភា ឆ្នាំ ១៨១០ ដដែល​នោះ បើទោះជា​អាកាសធាតុ​មិនល្អ​ក្តី ក៏មាន​ហ្វូង មនុស្ស​ច្រើន​កកកុញ​បាន​ទៅ​ជួបជុំគ្នា​នៅ​ពីមុខ​រាជវាំង Plaza de la Victoria ស្រែក​សុំឱ្យ​ជ្រើស តាំង រដ្ឋាភិបាល ជុន​តា ថ្មី​មួយ ដែល​មិន​រួមបញ្ចូល​សមាសភាព ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ ។

​វិមាន កាប៊ី​ល​ដូ បាន​ជួបប្រជុំ​នៅ​ម៉ោង ៩.០០ ព្រឹក​នោះ ហើយ ចាត់ទុកថា ហ្វូង​មហាជន​គ្មាន​សិទ្ធិ ជះឥទ្ធិពល​លើ​អ្វីដែល វិមាន កាប៊ី​ល​ដូ សម្រេច​ឡើយ ហើយ​ថា ពួក​បាតុករ​ទាំងនោះ​គួរ​ត្រូវបាន ប​ង្ក្រា​ដោយ​កងកម្លាំង និង ចាប់​មេដឹកនាំ​មក​ផ្តន្ទាទោស ។ ពួកគេ​បានស្នើ​សុំឱ្យ​មេទ័ព​ធ្វើ​បែប​នោះ ប៉ុន្តែ​ពួក​មេទ័ព​មិន​គោរព​បញ្ជា​បែប​នោះឡើយ ។ ហ្វូង​បាតុករ កាន់តែ​កើន​ច្រើនឡើង​ស្ថានភាព កាន់តែ​កោលាហល​ឡើងៗ ធ្វើឱ្យ​អ្នកពាក់ព័ន្ធ​ទាំងឡាយ​កាន់តែ​មាន​ភាព​តានតឹង​ឡើងៗ​។​

ព្រី​ម៉េ​រ៉ា ជុន​តា​-​អា​ហ្ស​ង់​ទីន​
​បន្ទាប់ពី​អស់​រយៈពេល​យ៉ាងយូរ​មក ឯកសារ​មួយ​ដែលមាន​ហត្ថលេខា​ចំនួន ៤១១ របស់​មេ​បញ្ជា ការ​កងទ័ព​ដ៏​មានអំណាច និង មនុស្ស​ដ៏​មាន​ឥទ្ធិពល ត្រូវបាន​ប្រគល់​ទៅឱ្យ វិមាន កាប៊ី​ល​ដូ ស្នើឱ្យ​តាក់តែង​រដ្ឋាភិបាល ជុន​តា គ្រប់គ្រង​ថ្មី​មួយ ។ រំពេច​នោះ ពួក​ហ្វូង​បាតុករ​ក៏​ស្រាប់តែ​មើល ទៅ​ឃើញ​ព្រះអាទិត្យ​រះ​បង្ហាញខ្លួន​ចេញពី​ផ្ទាំង​ពពក​ដ៏​ក្រាស់​ខ្នាប់ ធ្វើឱ្យ​ពួកគេ​ស្រែក​ឡើង​ថា “ នោះ​គឺជា​ព្រះអាទិត្យ នៃ ការធ្វើ​បដិវត្តន៍ ! “ ហើយ​ពួកគេ​បាន​ហៅ​ព្រឹ​តិ្ត​ការណ៍​នោះ​ថា “ ព្រះអាទិត្យ នៃ ខែ ឩ​សភា “ ។

​ស្ថានភាព​រវាង​អ្នក​ចង់​ផ្លាស់ប្តូរ និង អ្នកគាំទ្រ រក្សារ​អំណាច ឩ​បរាជ កាន់តែ​តានតឹង​ឡើងៗ ទៀប​នឹង​ដល់​ការផ្ទុះ​ហិង្សា ។ ប្រឈម​នឹង​ស្ថានភាព​ដ៏​ពុះកញ្ជ្រោល​នោះ​សំណើ​ដ៏​មាន​ប្រជាប្រិយ មួយ​ត្រូវបាន​អាន​ប្រកាស ឮៗ និង ត្រូវបាន​អនុម័ត​ភ្លាមៗ​ដោយ​អ្នក​ដែលមាន​វត្ត​មាននៅ​ទីនោះ ។ នោះ​គឺ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​មួយ​តាក់តែង​ដោយ​លោក ខូ​ណែ​លី​អូ សា​វ៉េ​ដ្រា ពោលគឺ​ការបង្កើត រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា ។ នៅក្នុង​រចនាសម្ព័ន្ធរ​ដ្ឋា​ភិ​បាល ព្រី​ម៉េ​រ៉ា ជុន​តា នោះ មាន​លោក ខូ​ណែ​លី​អូ សា​វ៉េ​ដ្រា ជា​ប្រធាន មាន​អគ្គលេខា ពីររូប សមាជិក​គណៈកម្មការ ប្រាំ​មួយរូប និង មាន​មនុស្ស​សំខាន់ ៥០០ នាក់ ជា​ជំនួយ​នៅតាម​បណ្តា​ខេត្ត​នានា ។ ប៉ុន្តែ ឩ​បរាជ ស៊ី​ស​ណេ​រ៉ូ ខឹងសម្បា​យ៉ាងខ្លាំង ក៏បាន​ដើរចេញ ហើយ​ស្នើ​ឱ្យមាន​វិធានការ​យោធា​ប្រឆាំងនឹង រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា នោះ ។

​រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា នោះ គឺជា​រដ្ឋាភិបាល​ទី​១ ក៏ត្រូវ​បាន​គេ​ហៅថា សភា​ដំបូង ផងដែរ ។ ប៉ុន្តែ​បន្ទាប់ពី​បង្កើតឡើង​ដោយ​ជោគជ័យ​ហើយ រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា នោះ​មានទំនាស់​ផ្ទៃ ក្នុង​ជា​ហូរហែ​ដោយ​កង្វះ​អ្នកដឹកនាំ​ដ៏​មាន​ប្រសិទ្ធភាព ។​

​ទោះយ៉ាងណា បន្ទាប់ពី​ឆ្លងកាត់​សង្គ្រាម​ជាច្រើនលើក​ច្រើនសា​មក រដ្ឋាភិបាល ព្រី​ម៉េ​រា ជុន​តា ឬ សភា​ដំបូង បានប្រកាស​ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​ពី​ប្រទេស អេ​ស្ប៉ា​ញ នៅ​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ១៨១៦ ហើយ​ឱ្យ​ឈ្មោះថា ប្រទេស អា​ហ្ស​ង់​ទីន (Argentina) រហូតមក ។​

​ប្រជាជន អា​ហ្ស​ង់​ទីន បាន​ប្រារព្ធ ទិវា​ជាតិ របស់ខ្លួន​នៅ​ថ្ងៃទី ២៥ ខែ ឩ​សភា លើកដំបូង​នៅ​ឆ្នាំ ១៨១១ ដើម្បី រំឭក​ដល់​ថ្ងៃ​ប្រកាស​បង្កើត​រដ្ឋាភិបាល ព្រី​ម៉េ​រ៉ា ជុន​តា ។ លុះ​ក្រោយមក​ក៏បាន ប្រារព្ធ ទិវា​ជាតិ របស់​ពួកគេ ដើម្បី រំឭក​ដល់​ថ្ងៃ​ប្រកាស​ឯករាជ្យ គឺ​ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ១៨១៦ ផងដែរ ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ក្បួនព្យុហយាត្រា​នៅ ទិវា​ជាតិ អា​ហ្ស​ង់​ទីន
ទីក្រុង ប៊ុ​យ​ណូ​ស៊ែរ នៃ ប្រទេស​អា​ហ្ស​ង់​ទីន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ