ជីតា​ជិះ​ម៉ូតូ​ដឹក​ចៅ​ពីរ​នាក់​ត្រូវ​រថយន្តបុក​ស្លាប់​នៅ​ក្រុង​ស្ទឹងត្រែង​

173
ចែករម្លែក

ដោយ​: សុខុម / ស្ទឹងត្រែង​: បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​ចៅ​ពីរ​នាក់​តាម​កំណាត់​ផ្លូវជាតិ​លេខ​៧ ត្រូវ​រថយន្តបុក​ស្លាប់​យ៉ាង​អាណោច​អា​ធ័​ម​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ កើតឡើង​ត្រង់ចំណុច​ព្រៃ​ចាស់​ ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង វេលា​ម៉ោង​៨​យប់​​ ថ្ងៃទី​២៤​ខែឧសភា​ ឆ្នាំ​២០២០​។

​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ បាន​ប្រាប់​សមត្ថកិច្ច​ថា រថយន្ត​បង្ក​ម៉ាក Lexus 470 ផ្លាកលេខ ភ្នំពេញ 2J 2899 បើកបរ​ដោយ​នារី​ម្នាក់​ឈ្មោះ​ស្រី​នាង ​អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​សៀម​ប៉ាង​ ឃុំ​សេកុង​ ស្រុក​សៀម​ប៉ាង​ ខេត្តស្ទឹងត្រែង​។ រថយន្ត​មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង គឺ​បាន​ចេញពី​ក្រុង​ស្ទឹងត្រែង​ទៅផ្ទះ​របស់​នាង​នៅ​ស្រុក​សៀម​ប៉ាង​។ ពេលធ្វើ​ដំណើរ​ទៅនោះ បាន​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម C125 ផលិត​នៅ​ឆ្នាំ​២០១០ ពាក់​ផ្លាកលេខ ស្ទឹងត្រែង 1B 2974 ប៉ើង​ជាច្រើន​ម៉ែត្រ​។​

​ជនរងគ្រោះ​ឈ្មោះ សំអន អាយុ ៥២​ឆ្នាំ មុខរបរ​កសិករ ជិះ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង​ផ្ទុយ​ទិស​គ្នា​ដឹក​ចៅស្រី ២​នាក់ គឺ​ចៅ​មាន​អាយុ​១៤​ឆ្នាំ​និង​១៥​ឆ្នាំ​។ ជីតា​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។ ដោយឡែក​ចៅ​រួម​ដំណើរ​រងរបួស​ធ្ងន់​ទាំងពីរ​នាក់ ដឹក​យកទៅ​មន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង​ទាំងយប់​។​

​របាយការណ៍​ប៉ូលិស​បាន​បញ្ជាក់ថា រថយន្ត​និង​ម៉ូតូ​ត្រូវបាន​រក្សាទុក​នៅ​ប៉ុស្តិ៍​សង្កាត់​សាមគ្គី រង់ចាំ​មាន​ចំណាត់​ការបន្ត​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម