រថយន្ដ​ដឹក​គ្រឿងអគ្គិសនី​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ស្ទើរ​ទាំងស្រុង ​គិត​ជា​ទឹកប្រាក់​ជិត​៤​ម៉ឺន​ដុល្លារ

199
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ករណី​អគ្គិភ័យ​បាន​ឆាបឆេះ​រថយន្ត​ដឹក​គ្រឿងអគ្គិសនី​ចេញ​ជា​អណ្ដាតភ្លើង​យ៉ាង​សន្ធោសន្ធៅ បានក្លាយ​ទៅជា​ផេះស្ទើរ​ទាំងស្រុង គិត​ជា​ទឹកប្រាក់​អស់​ជិត​៤​ម៉ឺន​ដុល្លារ​ កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​រសៀល ថ្ងៃទី​២៣ ខែ ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​៣៤​អឺ បុរី​ស្រេង គង់ ផ្លូវ​លេខ​២​អា កែង​ផ្លូវ​លេខ​៣ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​រថយន្ដ​ដែល​ឆេះ​នេះ មានឈ្មោះ អ៊ួ​ន រាជ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៤​អឺ បុរី​ស្រេង គង់ ផ្លូវ​លេខ​២​អា កែង​ផ្លូវ​លេខ​៣ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរលក់​គ្រឿងអគ្គិសនី​។​

​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច ការឆាបឆេះ​នេះគឺ​ផ្តើមចេញពី​ការ​ទុស្សេ​ខ្សែភ្លើង បាន​ឆេះ​បំផ្លាញរថយន្ត​១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន់​ដាយ ពណ៌​ស ផ្លាក​លេខ ភ្នំពេញ 3E-9020 ចំណុះ ៣,៥​តោន និង​សម្ភារ​អគ្គិសនី​ក្នុង​រថយន្ដ គិត​ជា​ប្រាក់​ប្រមាណ​ជិត ៤​ម៉ឺន​ដុល្លារ និង​គ្មាន​នរណាម្នាក់​រងរបួស​នោះឡើយ​។​

​ភ្លាមៗ​កម្លាំង​នគរបាល​មូលដ្ឋាន ក៏ដូចជា​រថយន្ត​ពន្លត់​អគ្គិភ័យ បាន​ចុះ​ទៅធ្វើ​ការបាញ់​ពន្លត់ ដោយ​ប្រើប្រាស់​រថយន្ត​សរុប​៣​គ្រឿង រួមមាន រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២​គ្រឿង និង​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំណុះ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ចំនួន ១​គ្រឿង ប្រើប្រាស់ទឹក​អស់ ១២​ម៉ែត្រគុប ទើប​រលត់ទៅវិញ​នៅវេលា​ម៉ោង ២​និង​១៧​នាទី នា​ថ្ងៃខែ​ឆ្នាំ​ដដែល​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម