សមត្ថកិច្ច​ចុះបង្ក្រាប​សង្វៀន​ជល់​មាន់​និង​អាប៉ោង ឃាត់ខ្លួន​មនុស្ស​ជាង​៥០​នាក់​រួម​នឹង​វត្ថុតាង​មួយចំនួនធំ​

225
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កាលពី​រសៀល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ កម្លាំងចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ចុះបង្ក្រាប​សង្វៀន​ជល់​មាន់​និង​អាប៉ោង​ដុះ​ស្លែ​ដ៏​ធំ​មួយ បើក​លេងល្បែង​ភ្នាល់​ស៊ីសង យ៉ាង​អនាធិបតេយ្យ ទទួល​ក្រុម​អ្នកញៀន​ល្បែង​រាប់សិប​នាក់​ប្រមូល​ផ្ដុំគ្នា​ក្នុង​មួយថ្ងៃៗ ដែលមាន​ទីតាំង​ស្ថិតនៅ​ចំណុច​ដីឡូត៍​ផ្លូវឌួង ងៀប «​សេះស​» ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ ដឹកនាំ​កម្លាំងចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដោយ​លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ក្រោម​បទបញ្ជា​ពី​លោក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការសម្របសម្រួល ពី​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កម្លាំងចម្រុះ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ចុះ​ធ្វើការ​ឡោមព័ទ្ធ​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង នៅ​ចំណុច​ខាងលើ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាង​៥០​នាក់​ ​រួម​នឹង​វត្ថុតាង​ជាច្រើន​។​

​សូម​រំលឹក​ផងដែរ​ថា កាលពីពេល​ថ្មីៗ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​បម្រាម​ហាមឃាត់​មិន​ឲ្យ​មានការ​ជួបជុំ​ឬ​ប្រមូល​ផ្ដុំគ្នា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​ផ្ទុយទៅវិញ បន​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ដុះ​ស្លែ​ដ៏​ធំ​នេះ​នៅ​ចំណុច​ដីឡូត៍​ផ្លូវ ឌួង ងៀប «​សេះស​» ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បន្ត​បើក​ល្បែងភ្នាល់​ស៊ីសង​បាន​យ៉ាង​រលូន​ឥត​ស្ទាក់ស្ទើរ ។ បន្ទាប់ពី​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បាន​ចុះផ្សាយ ​ទើប​សមត្ថកិច្ច​ធ្វើការ​ចុះបង្ក្រាប​៕ ​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម