គីម ជុង​អ៊ុន ដឹកនាំ​កិច្ចប្រជុំ​យោធា​អំពី​ការបង្កើន​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​

157
ចែករម្លែក

​បណ្តាញ​សារព័ត៌មានរ​ដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​អាទិត្យ​ទី​២៤​ឧសភា​ថា ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​កោះប្រជុំ​យោធា​ដ៏​សំខាន់​មួយ ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើន​សមត្ថភាព​​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​និង​ដាក់​កងទ័ព​របស់​ខ្លួន​ឱ្យ​ស្ថិត​នៅក្នុងការ​ប្រុងប្រយ័ត្ន​ខ្ពស់​។ នេះ​ជា​ការបង្ហាញ​មុខជា​សាធារណៈ​លើក​ទី​មួយ​របស់​មេដឹកនាំ​កូរ៉េខាងជើង​នេះ​ក្នុង​រយៈពេល​ប្រហែល​២០​ថ្ងៃ​មកនេះ​។​

​លោក គីម ជុង​អ៊ុន បានបញ្ចប់​ពាក្យ​ចចាមអារ៉ាម​អំពី​សុខភាព​របស់​លោក​ដោយ​បាន​ចូលរួម​ពិធី​បើក​សម្ពោធ​រោងចក្រ​ផលិត​ជី​មួយ​កាលពីដើម​ខែ​នេះ​ ប៉ុន្តែ​លោក​មិន​បាន​បង្ហាញខ្លួន​ជា​សាធារណៈ​ម្តង​​ទៀត​ទេ​អស់​រយៈពេល​ប្រហែលជា​២០ ថ្ងៃ​ទៀត ​រហូត​ដល់​ទីភ្នាក់ងា​រ​ព័ត៌មាន​កូរ៉េ​ខាងជើង​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​លោក​បាន​ដឹកនាំ​ការប្រជុំ​គណៈកម្មាធិការ​យោធា​កណ្តាល​នៃ​គណបក្ស​ពលករ​​ដែល​កំពុងកាន់​អំណាច​នេះ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង​KCNA មិន​បញ្ជាក់​ពេលណា​កិច្ចប្រជុំ​នេះ​បាន​ធ្វើ​នៅ​ពេល​នោះ តែ​ថា ” កិច្ចប្រជុំ​នេះ​ដើម្បី​កំណត់​គោល​នយោបាយ​ថ្មី​សម្រាប់​បង្កើន​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ប្រទេស​​និង​ដាក់​កងកម្លាំង​យុទ្ធសាស្ត្រ​ឱ្យមាន​ប្រតិបត្តិ​ការប្រុងប្រយ័ត្ន​ខ្ពស់​” ។

​សេចក្តីរាយការណ៍​នេះ​បាន​និយាយថា​” កិច្ចប្រជុំ​បាន​ពិភាក្សា​អំពី​ការ​បង្កើន​សមត្ថភាព​ប្រឆាំង​កងកម្លាំង​បរទេស​ដែល​កំពុង​គំរាមកំហែង​” ដែល​ទំនងជា​និយាយ​សំដៅ​ទៅលើ​សកម្មភាព​នៃ​កងទ័ព​​អាម៉េរិក​និង​កូរ៉េខាងត្បូង​។​

​លោក គីម ជុង​អ៊ុន ក៏​បាន​ប្រើប្រាស់​កិច្ចប្រជុំ​នេះ​ដើម្បី​ដំឡើង​មុខតំណែង​យោធា​សំខាន់ៗ​ផងដែរ​។​នេះ​បើ​យោង​តាម​សារព័ត៌មាន​KCNA ៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

លោក គីម ជុង​អ៊ុន និយាយ​ក្នុង​កិច្ចប្រជុំ​មួយ​នៃ​គណៈកម្មាធិការ​យោធា​កណ្តាល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ