យក្ស​តឿ ទិសពាយ័ព្យ ស្រងាកចិត្ត បន្ទាប់ពី​ប្រកួត​ស្មើ ជាមួយ នឹម នន​

163
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ កាលពី​រសៀល ថ្ងៃទី​២៣ ឧសភា កន្លងទៅ​ថ្មីៗ​នេះ អ្នក​ប្រដាល់​ដែលមាន​រហស្សនាម​ថា យក្ស​តឿ ទិសពាយ័ព្យ គឺ យុគ យក្ស​ផ្លែ ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ ជាមួយ​អ្នក​ប្រយុទ្ធ​ជំនាន់​ថ្មី នឹម នន មកពី​ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ ។​

​ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​នោះ អ្នក​ប្រដាល់​ទាំង ២ រូប បាន​បើក​ការវាយប្រហារ​គ្នា តាំងពីដើម​ទឹក​ទី​១ មកម្ល៉េះ ។ យក្ស​ផ្លែ ដែលមាន​ស្នៀត សម្បូរបែប និង​ប្លែកៗ​នោះ គេ​បានចេញ​គ្រប់​កលល្បិច តែ នឹម នន គេ​មិន​ត្រឹមតែ​ការពារ បានល្អ​ប៉ុណ្ណោះ​ទេ តែ​គេ​វាយបក​សង​វិញ បាន​យ៉ាង​អស្ចារ្យ ។​

ទិដ្ឋភាព​ប្រកួត​

​ជា​ញឹកញយ យក្ស​ផ្លែ លោត​ចេញពី​ការវាយប្រហារ របស់ នឹម នន ទាំង​ព្រលឹងចុងសក់ ។ ពួកគេ ប្រកួត​គ្នា​ពេញ ទាំង ៥ ទឹក ដោយ​ស្ថិតិ នៃ​ការ​វាយ​ចេញ របស់គេ ប្រហាក់ប្រហែលគ្នា ទោះជា​យ៉ាងណា ក៏​លទ្ធផល​ចុងក្រោយ បាន​ត្រឹម​ស្មើគ្នា ដោយ​ពិន្ទុ​ប៉ុណ្ណោះ ។​

​វេន សុភ័ក្ត្រ ក្លិប​ទ័ព​ឆ័​ត្រ​យោង ៩១១ បាន​អវត្តមាន មិនបាន​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ថ្មី ទូច ដេវីដ ក្លិប​អា​រុណ​រះ​កីឡា ។ ថា សារុន ក្លិប​ពុទ្ធ​សេរី​វង្ស បាន​ឡើង​ប្រកួត​ជាមួយ ទូច ដេវីដ ជំនួស សុភ័ក្ត្រ ។ ពួកគេ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។​

​ដេវីដ ជា​អ្នក​ប្រដាល់ ដែលមាន​អំណួត កណ្ដាប់ដៃ ចំពោះ សារុន គេ​មាន​ស្នៀត​វ៉ៃ​សម្បូរបែប​។ សារុន គេ​ក៏​ញញើត​កណ្ដាប់ដៃ របស់​ដេវីដ​ដែរ តែ​គេ​គេចចេញ ពី​កណ្ដាប់ដៃ​គូប្រកួត​របស់​គេ បាន​យ៉ាង​ល្អ ព្រមទាំង​វាយ​សង​វិញ ចំ​គោលដៅ ភាគច្រើន ទៀតផង ។ សារុន ដែលជា​អ្នក​ប្រដាល់​ជើងចាស់ ធ្លាប់មាន​ប្រវត្តិ​ប្រកួត យ៉ាង​ជោកជាំ ទៅហើយនោះ គេ​បានធ្វើ​ឲ្យ ដេវីដ លំបាក​នឹង​បញ្ចេញ​អាវុធ ។ ពួកគេ​ប្រកួត​គ្នា ៥ ទឹក​ពេញ ដោយ សារុន ឈ្នះ ដេវីដ ដោយ​ពិន្ទុ ។​

ទិដ្ឋភាព​ប្រកួត​

​ឡុង សំណាង ក្លិប​ពន្លឺ​វិបុល ប្រកួត​ឈ្នះ ប្រាក់ ឌី​ណា ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ដោយ​ពិន្ទុ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ។ ឌី​ណា ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែរ តែ​ពេល​ជួប​ជាមួយ សំណាង គេ​បែរជា​ជួប​ការលំបាក វ៉ៃ​ចេញ​មិនសូវ​រួច ។ ស្ថានភាព​ជាច្រើន ឌី​ណា ការពារ​ច្រើនជាង​វាយលុក រីឯ​ការវាយលុក​រប​ស់ សំណាង មាន​ប្រសិទ្ធភាព​ជាង ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ក៏​ប្រកួត​គ្នា ៥ ទឹក​ដែរ ដោយ​សំណាង ជា​អ្នកឈ្នះ​ពិន្ទុ ។​

​អ្នក​ប្រដាល់​ជើងចាស់ ហ៊ុន ឈុន​ហេង ក្លិប​តា​ព្រហ្ម​មានជ័យ ដែល​បាត់​មុខ​យូរ ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​បាក់ជើង​នោះ បាន​វិល​មកកាន់​សង្វៀន​ប្រដាល់​វិញ ដោយ​ប្រកួត​ចាញ់ អ្នក​ប្រដាល់​ជើង​ថ្មី វ៉ាន់ សា​រ៉ា​ត ក្លិប​កងយោធពល​ខេមរភូមិន្ទ ដោយ​ពិន្ទុ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។​

​សឿន សារ៉ាន់ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង បាន​ប្រើ​កណ្ដាប់ដៃ ផ្ដួល​អ្នក​ប្រដាល់ ជ័យ ពន្លក ក្លិប​ឃ្លាំងមឿង​កីឡា មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ