​រិ​ន សារ​ដ្ឋ ក្លាយជា​ជើងឯក ដែលមាន​រង្វាន់ ៤.០០០ ដុល្លារ​

156
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out serie by K-Cement ទម្ងន់ ៦៣,៥០ គីឡូក្រាម បានបញ្ចប់​ហើយ នា​យប់​ថ្ងៃទី​២៣ ឧសភា កន្លងទៅ​ថ្មីៗ​នេះ​
​ដែល​ម្ចាស់​ជើងឯក បាន​ទៅ​អ្នក​ប្រដាល់​ជើង​ខ្លាំង រិ​ន សារ​ដ្ឋ ក្លិប​កងទ័ពជើងទឹក ។​

​អ្នក​ប្រដាល់ ៣២ រូប មកពី​ក្លិប​ចំនួន ៣២ ទូទាំងប្រទេស មានតែ​អ្នក​អ្នក​ប្រដាល់ រិ​ន សារ​ដ្ឋ មួយរូប​គត់ ដែល​មិន​ស្គាល់​ចាញ់ នៅក្នុង​ព្រឹត្តិការណ៍​នេះ ។ សារ​ដ្ឋ ប្រកួត​ផ្ដាច់ព្រ័ត្រ ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង សោម វិឆ័យ ក្លិប​ពន្លឺ​វិបុល ដែលជា​អ្នក​បានទទួល​ជ័យជំនះ នៅ​វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ​ដូចគ្នា ។​

ទិដ្ឋភាព​ប្រគល់​ពានរង្វាន់​

​ជំនួប​រវាង អ្នក​ប្រដាល់​ទាំង ២ រូបនេះ ពិតជា​តឹងតែង​មែន ដោយសារតែ​ពួកគេ ត្រៀមខ្លួន​បានល្អ ហើយ​មាន​មហិច្ឆតា ប្រជែង​យកពាន ដែលមាន​ថវិកា​អម ចំនួន ៤.០០០ ដុល្លារ ដូចគ្នា​។ មុនពេល​ប្រកួត ពួកគេ សុទ្ធតែ​អះអាងថា នឹង​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ក្លាយជា​ជើងឯក ឲ្យ​បាន​ដូចគ្នា​។​

​វិឆ័យ ដែលមាន​អំណួត ជើង​ធ្ងន់​នោះ បែរជា​ទាត់​ចេញ​មិន​រួច ដោយសារតែ​ញញើត​កែង របស់ សារ​ដ្ឋ តែ សារ​ដ្ឋ ក៏​មិន​ហ៊ាន​ប្រហែស​ដែរ ដោយសារតែ​កណ្ដាប់ដៃ និង​ការ​ទាត់​ចេញ​របស់ វិឆ័យ អាច​នឹង​ស៊ី​ក​ញ្ចឹ​ង ក ណាស់ ។ ការប្រកួត​ដែលមាន ៣ ទឹក​នោះ រិ​ន សារ​ដ្ឋ បានទទួល​ជ័យជំនះ លើ សោម វិឆ័យ ដោយ​ពិន្ទុ ។​

​ចៅក្រម​ទាំង ៥ រូប សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ សារ​ដ្ឋ ឈ្នះ​គ្រប់ៗ​គ្នា ។ រិ​ន សារ​ដ្ឋ ប្រជែង​បាន​ពាន​ជើងឯក ដែលមាន​ប្រាក់រង្វាន់​អម ចំនួន ៤.០០០ ដុល្លារ ។ ចំពោះ វិឆ័យ ដែលជា​ជើងឯក​រង បានទទួល​ពាន និង​រង្វាន់​អម ចំនួន ២.០០០ ដុល្លារ ។ សូមបញ្ជាក់ថា មួយ​ព្រឹត្តិការណ៍​នេះ វិឆ័យ ចាញ់​តែមួយ​ប្រកួត​ចុងក្រោយ​នេះ តែប៉ុណ្ណោះ ។​

ទិដ្ឋភាព​ប្រគល់​ពានរង្វាន់​

​ចំពោះ​ការប្រកួត​ដណ្ដើម ចំណាត់ថ្នាក់​លេខ ៣ វិញ​នោះ ពុ​យ វណ្ណៈ ក្លិប​ឃ្លាំងមឿង​កីឡា បាន​យកឈ្នះ អ្នក​ប្រដាល់ វ៉ែន ហុង​ជី​វ៉ុ​ង មកពី​ក្លិប​កងកេង​មាន​រិ​ទ្ធ ខេត្តបាត់ដំបង ដោយ​ពិន្ទុ ។​

​អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​ចាញ់ នៅ​វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ​ដូចគ្នា ។ ការប្រកួត​ដណ្ដើម ចំណាត់ថ្នាក់​លេខ ៣ របស់​ពួកគេ​ទាំង ២ មាន​លក្ខណៈ​តឹងតែង​ជាខ្លាំង ។ វណ្ណៈ បាន​ជ័យជំនះ​លើ ជី​វ៉ុ​ង ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ ។ វណ្ណៈ​ដែល​ដណ្ដើមបាន ចំណាត់ថ្នាក់​លេខ ៣ បានទទួល​ពាន​មួយ និង​ថវិកា​អម​ចំនួន ៧៥០ ដុល្លារ ។ ចំពោះ វ៉ែន ហុង​ជី​វ៉ុ​ង ដែល​បាន​ចំណាត់ថ្នាក់​លេខ ៤ បានទទួល​ពាន​មួយ និង​ថវិកា​លួង​ចិត្ត​
​ចំនួន ៥០០ ដុល្លារ ។​

​ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ ជី ឆៃលី ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ សឺ​ន ថៃ​សាន់ ក្លិប​ជ្រៃ​សែន​ជ័យ ខេត្តកំពង់ស្ពឺ ដោយ​ពិន្ទុ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ ថន ភឿ​ត ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ ឡាញ់ ផល្លា មកពី​ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ពិន្ទុ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v

ទិដ្ឋភាព​ប្រគល់​ពានរង្វាន់​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ