សៀវភៅ “​សម្តេច​ហ៊ុន សែន វីរបុរស​សង្ហា ដើរ​បញ្ច្រាសទិស ប្រឆាំង​កូ​វីដ​១៩” នឹង​ចេញផ្សាយ​ឆាប់ៗ​នេះ​

443
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ សៀវភៅ​ដែលមាន​ចំណងជើង​ថា “​សម្តេច​ហ៊ុន សែន វីរបុរស​សង្ហា ដើ​បញ្ច្រាសទិស ប្រឆាំង​កូ​វីដ​១៩” នឹងត្រូវ​បោះពុម្ព​និង​ផ្សព្វផ្សាយ​ជា​សាធារណៈ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​នេះ​បើតាម​ការបញ្ជាក់​របស់​លោក ពៅ សុខ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ជា​អ្នកនិពន្ធ​វណ្ណ​កម្ម​មួយ​នេះ​។​


​លោក​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​២៤​ខែឧសភា​ឆ្នាំ​២០២០​ថា សៀវភៅ ដែលមាន​កម្រាស់​ជាង​២៧០​ទំព័រ​នេះ​នឹង​បង្ហាញ​ពី​ភាព​ឆ្លាត​វៃ នៃ​សិល្បៈ​ក្នុងការ​ដឹកនាំ​និង​ការគ្រប់គ្រង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺ​កូ​វីដ​១៩ រហូត​ទទួលបាន​ជោគជ័យ​១០០​ភាគរយ​ក្នុង​រលក​ទី​១ (​ដំណាក់កាល​ទី​១)​នេះ​។ លោក​បាន​បន្តថា បញ្ហា​កូ​វីដ​១៩​នេះ ប្រសិនបើ​មេដឹកនាំ​គ្មាន​ភាព​ឆ្លាត​វៃ និង​ហ្មត់ចត់ ល្អិតល្អន់​ទេនោះ នោះ​នឹង​មិនអាចការពារ​ប្រជាពលរដ្ឋ​របស់ខ្លួន​ឱ្យ​ចៀស​ផុតពី​គ្រោះថ្នាក់ដែល​បង្កឡើង​ដោយ​ជំងឺ​កាច​សាហាវ​នេះ​បានទេ ដូច​ប្រសាសន៍​សម្តេច​តេ​ជោ ដែល​បានលើកឡើង​ក្នុង​ស្និសីទ​សារព័ត៌មាន​កន្លងមក​ថា មិន​ថាប្រទេស​នោះ​មាន​បច្ចេកវិជ្ជា​ទំនើប​ខ្លាំង​ប៉ុនណា​ទេ ប៉ុន្តែ កត្តា​សំខាន់បំផុត គឺ​តើ​មេដឹកនាំ​ប្រទេស​នោះ​មាន​ភាព​វៃឆ្លាត និង​ពូកែ​ចាត់ចែង​ប៉ុនណា​?​។​


​គួររម្លឹកថា តាម​បទពិសោធន៍ ក្នុងដំណាក់កាល​(​រលក​ទី​១)​នេះ បណ្តា​ប្រទេស​មហាអំណាច​ធំៗ ដូចជា​បារាំង អាម៉េរិកាំង រុស្សី ចិន អាល្លឺម៉ង់ អ៊ីតាលី អេ​ស្ប៉ា​ញ និង​ប្រទេស​ដទៃទៀត ដែល​សុទ្ធតែ មាន​បច្ចេកវិជ្ជា​វេជ្ជសាស្ត្រ​ល្អៗ គ្រូពេទ្យ​ពូកែៗ ប៉ុន្តែ ពួកគេ​នៅតែ​មិនអាច​ទប់ស្កាត់ ឬ​ការពារ​ប្រជាជន​របស់គេ​ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់​បាន​។ ពួកគេ​នៅតែ​ភ័យ​ស្លន់ស្លោ និង​ព្រួយបារម្ភ​ជានិច្ច​។ ផ្ទុយទៅវិញ នៅ​កម្ពុជា តាម​ទស្សនៈ​សម្តេច​តេ​ជោ​ហ៊ុន សែន ជា​ប្រទេស​តូច តែ​បេះដូង​ធំ ចិត្ត​ទូលាយ មិន​ត្រឹមតែ ការពារ​ប្រជាជន​ខ្លួន​ឱ្យ​រួចផុតពី​ជំងឺឆ្លង​កាច​សាហាវ​នេះ​ទេ ថែមទាំង​បាន​ជួយ​ប្រជាជន​ពិភព​ជាង​២​ពាន់​នាក់ នៅលើ​នាវា​វេ​ស្ទ័​រ​ដាម ដែល​ប្រទេស​ចំនួន​៦​បាន​បោះបង់ចោល​លើ​មហាសាគរ ឱ្យមាន​ក្តីសង្ឃឹម​ថែម​ទៀតផង​។ មនុស្ស​ទាំង​ជាង​២​ពាន់​នាក់​លើ​នាវា​នោះ ក៏មាន​ជនជាតិ​អាម៉េរិក​ជាង​៦០០​នាក់​ផងដែរ ដែល​កាយវិការ​នេះ ធ្វើឱ្យ​សម្តេច​តេ​ជោ​ហ៊ុន សែន ក្លាយជា​វីរបុរស​សង្ហា ដើរ​បញ្ច្រាសទិស ប្រឆាំង​កូ​វីដ​១៩​។​


​លោក​ទីប្រឹក្សា​បាន​រំលេច​អំពី​សម្តេច​តេ​ជោ​ថា កាយវិការ ដ៏​គួរឱ្យ​គោរព ចំពោះ​សិល្បៈ នៃ​ភាពជា​អ្នកដឹកនាំ របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នៅ​អំឡុង​ពេលនេះ ទោះបី​កន្លងមក មាន​បណ្តា​ប្រទេស​ខ្លះ​រិះគន់ ឬ​សើចចំអក​ឱ្យ​កម្ពុជា ឬ​មានការ​វាយតម្លៃ​ដោយ​ខុសឆ្គង ពី​បណ្តា​បងប្អូន​គណបក្សប្រឆាំង ប៉ុន្តែ គុណសម្បត្តិ​ដ៏​ធំធេង​របស់​សម្តេច សម្តេច​ហ៊ុន សែន បានធ្វើឱ្យ​កម្ពុជា ក្លាយជា​ប្រទេសដ៏​មាន​មោទកភាព​ល្បីល្បាញ​គួរឱ្យ​គោរព លើ​ឆាក​អន្តរជាតិ ជា​ប្រវត្តិសាស្ត្រ​។​

លោក ពៅ សុខ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ជា​អ្នកនិពន្ធ​
សៀវភៅ​ដែល​នឹង​ចេញផ្សាយ​


​លោក​ពៅ សុខ បញ្ជាក់ថា ចំពោះ​ការ​ចងក្រង និង​បោះពុម្ព​សៀវភៅ​នេះ គឺ ដើម្បី​ជា​តឹក​តាង​ជា​ប្រវត្តិសាស្ត្រ ជា​សា​រណា ឬ​និក្ខេបបទ នៃ​មនុស្សជាតិ ទាំង​ថ្នាក់ជាតិ ថ្នាក់​តំបន់ និង​ពិភពលោក ដែល​បញ្ជាក់ថា កម្ពុជា ជា​ប្រទេស​តូច តែ​ចិត្តធំ ចិត្ត​ទូលាយ និង​មាន​មេដឹកនាំ​ល្អ គួរឱ្យ​កោតសរសើរ នា​ស​វត្សរ៍​ទី​២១ ក្នុងការ​ប្រយុទ្ធប្រឆាំង​វីរុស​កូ​វីដ​១៩ ដែល​គេ​មិនអាច​បដិសេធ​បាន ព្រោះ​ដំណាក់កាល​នេះ ពុំទាន់​មាន​ប្រទេស​ណាមួយ អាចធ្វើ​បានល្អ​ដូច​កម្ពុជា​ឡើយ កម្ពុជា ពិត​ជាមាន​មោទកភាព​។​


​លោក​បាន​បង្ហើប​ទៀតថា សៀវភៅ (​សម្តេច​ហ៊ុន សែន វីរបុរស​សង្ហា ដើរ​បញ្ច្រាសទិស ប្រឆាំង​កូ​វី​ដ១៩ )​នេះ នឹង​បោះពុម្ពផ្សាយ​ដំណាលគ្នា ឬ​មុន​ក្រោយ​គ្នា​បន្តិចបន្តួចជាមួយ​សៀវភៅ ដែលមាន​ចំណងជើង​ថា​ “សម្តេច​ហ៊ុន សែន កំពូល​ស្ថាបនិក និង​បិតា សន្តិភាព​របស់​កម្ពុជា​”៕សរន/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ