អ្នកទេសចរក្នុងស្រុកសម្រុកទៅលេងបឹងពារាំង ខណ: សត្វស្លាបមួយចំនួនកំពុងជម្លៀសខ្លួនចេញ ពីបឹងនេះ

229
ចែករម្លែក

ដោយ:អង្គរតូច/សៀមរាប ៖​ ដោយរដូវប្រាំងនៅតែបន្តអូសបន្លាយ ហើយអាកាសធាតុក្តៅហួតហែង គេសង្កេតឃើញអ្នកទេសចរក្រុងស្រុក នាំគ្នាសម្រុកទៅ លេងបឹងពារាំង ព្រោះតែទីនោះសុខដុមដោយម្លប់ឈើនិងខ្យល់ជំនោរ។ តែក៍ស្របពេលដែលសត្វស្លាបទឹកមួយចំនួន បានកំពុងជម្លៀសខ្លួនចាកចេញពីបឹងធម្មជាតិដ៍ស្រស់ត្រកាលមួយនេះផងដែរ។

បឹងពារាំងគឺជាតំបន់សត្វស្លាបដ៏ទាក់ទាញមួយ នៅលើទឹកដីខេត្តសៀមរាប ដែលសព្វថ្ងៃបាននិង កំពុងក្លាយជាគោលដៅទេសចរណ៍ និង មានការចាប់អារម្មណ៍យ៉ាងខ្លំាងពីសំណាក់ភ្ញៀវ ទេសចរជាតិ និង អន្តរជាតិ ដែលបានទៅដល់ទឹកដីខេត្តសៀមរាប បន្ទាប់ពីទស្សនាប្រាសាទនានា។

ការដែលអ្នកទេសចរ សម្រុកទៅលេងបឹងពារាំងនាពេលនេះ គេមើលឃើញថា មានកត្តាផ្សេងៗគ្នា សម្រាប់ការទាក់ទាញ។ ក្នុងនោះមានដូចជា ម្លប់ត្រឈឹងត្រឈៃនៃដើមឈើព្រៃលិចទឹក.ខ្យល់ជំនោរបរិសុទ្ធ . ការហោះហើរប្រឡោមប្រឡែងស្វែងរកចាប់ចំណី ដោយហ្វូងសត្វស្លាបទឹករាប់រយប្រភេទ ពិសេសទៅទៀត ការទៅប្រមូលផ្តុំដោយក្រុមគ្រួសារនៅតំបន់នោះ ក៍អាចឃ្លាតឆ្ងាយពីការឆ្លងជម្ងឺផ្សេងៗផងដែរ។ប៉ុន្តែក៍មានកត្តាមួយទៀត ដែលគួរអោយបារម្ភនោះគឺ ការអូសបន្លាយនៃរដូវប្រាំង បានធ្វើអោយទឹកក្នុងបឹងកាន់តែរីង ដែលពិបាករក្សាត្រីមេពូជ។

ជួបជាមួយទេសចរគូរស្នេហ៍មូយគូរ បុរសសង្ហាបានបរិយាយថា វាពិតជារំភើបខ្លាំងណាស់ ក្រោយ ពេលមកដល់ទីនេះ។ ក្រៅពីបានស្រូបខ្យល់បរិសុទ្ធក្រោមម្លប់ឈើដ៍ស្រស់បំព្រងក្បែរមាត់ទឹក យើងបាន ឃើញនូវរូបភាពពិតៗរស់រវើកដូចជា ការហោះហើរប្រដេញគ្នាបង្អួតរាងលើផ្ទៃទឹកដោយហ្វូងសត្វស្លាប និងការរត់ដណ្តើមគ្នាចាប់ត្រីជាចំណីជាដើម។
អ្នកទេសចរ ដែលផ្អែមល្ហែមដោយភក្តីស្នេហ៍ សុំមិនបង្ហាញឈ្នោះ បានបរិយាយទៀតថា សម្រាប់រូបគេ ពេលមកដល់បឹងពារាំង ក្រៅពីផ្តិតយករូបភាពទេសភាពដ៍ស្រស់ត្រកាល ទុកជាកម្រងអនុស្សាវរីយ៍ ក៍គិតថា ទីនេះក៍ជាកន្លែងដែលជម្ងឺឆ្លងផ្សេងៗពិបាកមកដល់ផងដែរ។ ត្បិតនៅឯភូមិកំណើតរបស់គេ បើទោះជាមានតំបន់ទេសចរច្រើនកន្លែង តែក៍មិនងាយបានឃើញហ្វូងសត្វស្លាប និងត្រីបែបធម្មជាតិធំៗហែលបណ្តែតខ្លួនដូចចឹងដែរ។ ខ្ញុំនឹងទៅផ្សព្វផ្សាយអោយអ្នកភូមិរបស់ខ្ញុំ មកលេងទីនេះដូចខ្ញុំទៀតដែរ។

ចំណែកអ្នកទេសចរជាគ្រួសារមួយក្រុមទៀត ក៍បានបរិយាយស្រដៀងគ្នាដែរ ទាំងការឃ្លាតឆ្ងាយពីជម្ងឺឆ្លង ទាំងសម្រស់ធម្មជាតិនៃបឹងពារាំង។ ប៉ុន្តែគ្រួសារនេះបានបង្ហាញក្តីបារម្ភ ក្រោយឃើញទឹកក្នុងបឹងមានសភាពរាក់ខ្លាំង ដោយយល់ថាអាចបាត់បង់ត្រីមេពូជ ក៍ដូចជាហ្វូងសត្វស្លាប បើស្ថិតក្នុងស្ថាន ភាពដូចពេលបច្ចុប្បន្ន ។

ជាមួយនឹងការព្រួយបារម្ភ រឿងទឹកក្នុងបឹងពារាំងរីងជាហានីភ័យដល់ត្រីនិងសត្វ របស់អ្នកទេសចរនេះ លោកគង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានថ្លែងប្រាប់តាមទូរសព្ទ័ថា ជាការពិតណាស់បើរដូវប្រាំងនៅតែបន្តអូសបន្លាយ ត្រីមេពូជនិងសត្វស្លាបគ្រប់ប្រ ភេទ រួមទាំងហ្វូងសត្វល្មូនផង អាចរងនូវហានិភ័យខ្ពស់។ តែជាសំណាងដ៍ធំមួយ ដោយក្នុងសប្តាហ៍នេះ យើងបានសហការជាមួយអាជ្ញាធរសង្កាត់ ស្នើសុំទៅអាជ្ញាធរក្រុង.ខេត្ត ព្រមទាំងមន្ទីរពាក់ពន្ធ័ កាយជាប្រឡាយដើម្បីបង្ហូរទឹក ពីចំណុចទំនប់អាងក្រពើនៃស្ទឹងសៀមរាប បញ្ចូលទៅក្នុងបឹងពារាំងបានខ្លះៗ។ លោកបន្តថា ការបង្ហូរទឹកពីស្ទឹងទៅកាន់បឹងពារាំង ក៍កំពុងប្រឈមជាមួយប្រជាកសិករផងដែរ ដោយពួកគាត់ទាមទារបិទប្រឡាយដើម្បីបង្ហូរទឹកទាំងនោះបញ្ចូលទៅក្នុងស្រែរបស់ពួកគាត់។ ករណីនេះក៍មាន ការផ្ទុះកំហឹងខ្លះៗរវាងកសិករ និងសហគមន៍ តែក៍បានដោះស្រាយបញ្ចប់រួចហើយដែរ។

លោកគង់ មង្គល អោយដឹងទៀតថា ចំពោះការជម្លៀសខ្លួនចេញពីបឹងពារាំង របស់សត្វស្លាបមួយ ចំនួននោះ មិនមែនដោយសាតែការ បរបាញ់ឬដាច់ទឹកនោះទេ គឺកើតចេញពីមូលហេតុពីរ។ ទ៏១ ក្រោយ ពេលបញ្ចូលទឹកសត្វអាចចាប់ត្រីមិនសូវបាន ក៍ធ្វើការបម្លាស់ទី និងទី២ ដោយបឹងធម្មជាតិខ្លះៗ រីងហួតសត្វងាយស្រួលចាប់ត្រីជាចំណី ក៍ជម្លៀសខ្លួនទៅទីនោះ។តែពួកវា នឹងត្រឡប់មកវិញ ពេលដល់រដូវ។

ប្រធានសហគមន៍រូបនេះបញ្ជាក់ថា អ្នកទេសចរក្នុងស្រុកមកលេងបឹងពារាំងឆ្នាំនេះមានការកើនឡើងរហូត៤០%បើធៀបឆ្នាំមុន។ ចឹងទេដើម្បី រក្សាត្រីមេពូជ និងហ្វូងសត្វអោយគង់វង្ស សម្រាប់ទាក់ទាញទេសចរ ឆ្នាំបន្ទាប់ខាងមុខនេះ លោកនិងស្នើសុំទៅក្រសួងពាក់ពន្ធ័ បូមយកល្បាប់ភក់ពីបាតបឹង មកចាក់ខាងលើដើម្បីមានជម្រៅ ងាយរក្សាទឹកសម្រាប់អភិរក្សត្រីនិងសត្វ។

លោកវ៉ន សំបូរ អ្នកបច្ចេកទេសថតសត្វ ក្នុងតំបន់បឹងពារាំង បានបង្ហាញថា បច្ចុប្បន្នសត្វស្លាបក្នុងបឹងពារាំងកើនឡើងរហូតជាង៤០០ប្រភេទ។ ថ្មីៗនេះមានសត្វស្លាបពីរប្រភេទទៀត ចូលមករស់នៅក្នុងព្រៃនៃបឹងនេះ។តែយើងនៅមិនទាន់រកឈ្មោះឃើញនៅ ឡើយទេ ដោយកំពុងផ្ញើរូបភាពទៅប្រទេសម៉ាឡេស៊ី ដើម្បីអោយគេជួយស្រាវជ្រាវរកឈ្មោះ។លោកបន្តថា ចំពោះការជម្លៀសខ្លួនរបស់សត្វស្លាប ពីបឹងពារាំង មិនថ្វីនោះទេ តែដល់រដូវ ពួកវានឹងវិលមកវិញមិនខានឡើយ។

សូមជម្រាបថា បឹងពារាំង ស្ថិតនៅក្នុងសង្កាត់ជ្រាវក្រុងសៀមរាប ភាគខាងត្បូងទីប្រជុំជន ប្រមាណជាង ១០ គីឡូម៉ែត្រ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម