ឥណ្ឌាសុំឱ្យគេជួយប្រទេសខ្លួនផង ខណៈហ្វូងកណ្តូបរាប់ពាន់លានក្បាលសម្រុកមកបំផ្លាញដំណាំ

202
ចែករម្លែក

ឥណ្ឌាបានទទូចដល់ប្រទេសជិតខាងរបស់ខ្លួន ប៉ាគីស្ថាន ឱ្យយល់ព្រមលើកិច្ចប្រឹងប្រែងរួមគ្នាមួយដើម្បីប្រយុទ្ធប្រឆាំងនឹងហ្វូងសត្វកណ្តូបដែលបានចុះមកលើប្រទេសទាំងពីរនិងកំពុងតែបំផ្លាញដំណាំ។

រដ្ឋាភិបាលក្រុងញូវដែលីបានផ្ញើសំណើទៅកាន់រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដដោយស្នើឱ្យមានកិច្ចសហប្រតិបត្តិការរបស់ពួកគេនៅក្នុងផែនការដោះស្រាយបញ្ហាដែលកំពុងកើនឡើងនេះ ខណៈឥណ្ឌាក៏កំពុងស្វែងរកការជួយពីអ៊ីរ៉ង់ផងដែរ។ ការអំពាវនាវនេះធ្វើឡើងខណៈប៉ាគីស្ថាននិងឥណ្ឌានៅកំពុងជាប់គាំងនៅក្នុងការប៉ះទង្គិចគ្នាស្ទើររាល់ថ្ងៃនៅក្នុងទឹកដីជម្លោះកាស្មៀរ។ យោងតាមកាសែត ​​The Hindu ប្រភពផ្លូវការមួយបាននិយាយថាឥណ្ឌាបានស្នើឱ្យមានការឆ្លើយតបត្រីភាគីចំពោះហ្វូងកណ្តូប។

ក្រុមអ្នកវិភាគមិនសង្ឃឹមថាសំណើនេះនឹងត្រូវបានប៉ាគីស្ថានយល់ព្រមជាមួយឥណ្ឌានោះទេ។

ជំងឺរាតត្បាតកូវីដ១៩ ដែលឆ្លងទូទាំងតំបន់ បានបង្កឱ្យមានបញ្ហារីករាលដាលសម្រាប់ឧស្សាហកម្មកសិកម្មរួចទៅហើយ។

ប្រជាកសិករត្រូវប្រឈមនឹងភាពតានតឹងបន្ថែមទៀតក្នុងការព្យាយាមយ៉ាងខ្លាំងក្លាដើម្បីជួយសង្គ្រោះដំណាំរបស់ពួកគេកុំឱ្យកណ្តូបស៊ី។

លោក មេថារី ថេសហ្វាយ៉ូហានណេស ប្រធានមន្រ្តីព័ត៌មាននិងព្យាករណ៍នៃអង្គការគ្រប់គ្រងកណ្តូបវាលខ្សាច់សម្រាប់ទ្វីបអាហ្រ្វិកខាងកើត បានចេញការព្រមានយ៉ាងមុតមាំមួយ។

គាត់បាននិយាយថា “ខ្ញុំមានបទពិសោធច្រើនជាមួយសត្វកណ្តូប ប៉ុន្តែនេះជាលើកទីមួយហើយដែលខ្ញុំបានឃើញហ្វូងកណ្តូបច្រើនក្នុងទំហំបែបនេះ”។

តំបន់ខ្លះ ដែលរងផលប៉ះពាល់ពីបញ្ហាហ្វូងកណ្តូប បានឃើញដំណាំពួកគេជិត ១០០ ភាគរយត្រូវបានបំផ្លាញ។

មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយថា រដ្ឋាភិបាលឥណ្ឌាសុំជួយបញ្ជូនសារធាតុគីមីទៅកាន់ប្រទេសប៉ាគីស្ថាន ដែលអាចយកទៅប្រើដើម្បីសម្លាប់សត្វកណ្តូប។

ប្រភពមិនបញ្ចេញឈ្មោះនេះបាននិយាយថា “ឥណ្ឌាបានស្នើដល់ប៉ាគីស្ថានថាប្រទេសទាំងពីរសម្របសម្រួលប្រតិបត្តិការគ្រប់គ្រងកណ្តូបនៅតាមព្រំដែនហើយប្រទេសឥណ្ឌាអាចជួយសម្រួលដល់ការផ្គត់ផ្គង់ថ្នាំសម្លាប់សត្វល្អិត Malathion ដល់ប្រទេសប៉ាគីស្ថាន”។

មន្ត្រីនោះបាននិយាយថាឥណ្ឌានិងប៉ាគីស្ថានមានប្រព័ន្ធមួយនៅនឹងកន្លែងស្រាប់ ដែលអាចឱ្យមហាអំណាចទាំងពីរសហការគ្នាបានយ៉ាងងាយស្រួលលើបញ្ហាបែបនេះ។

ពួកគេបាននិយាយថាការប្រជុំទៀងទាត់រវាងភាគីទាំងពីរអាចត្រូវបានធ្វើឡើងនៅជិតព្រំដែនហើយមន្រ្តីប៉ាគីស្ថាននិងឥណ្ឌាអាចធ្វើការជាមួយគ្នាដើម្បីកម្ចាត់សត្វល្អិតចង្រៃនេះ៕ ដោយ៖ កញ្ញាដាលីស

កណ្តូបកំពុង​បំផ្លាញដំណាំនៅឥណ្ឌា