កុំប្រើគ្រឿងសម្អាងលើហ្វេសប៊ុក NARA Beauty ព្រោះជាផលិតផលគ្មានច្បាប់

181
ចែករម្លែក

ដោយៈមេសា/ភ្នំពេញ ៖ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល អះអាងថា ផលិតផលគ្រឿងសម្អាងដូចជា ១. INTENSIVE REPIAR, ២. SUN SCREEN , ៣. NIGHT CREAM និង ផលិតផលដទៃជាច្រើនទៀត ដែលប្រកាសលក់នៅលើហ្វេសប៊ុកឈ្មោះ NARA Beauty-ណារ៉ាប៊ីយូធី គឺជាផលិតផលគ្មានលេខប្រវេទន៍ និង គ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយពីពីក្រសួងសុខាភិបាលឡើយ។

សេចក្តីប្រកាសដដែលនេះពន្យល់ថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរគ្រឿងសម្អាងគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិតផលទាំងអស់នេះ ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

ហេតុនេះក្រសួងសុខាភិបាលបន្ថែមថា ដើម្បី ចៀសវាងការខាតប់ងប្រាក់កាស និង ប៉ះពាល់ដល់សុខភាព ឬ អាចឈានដល់ការស្លាប់បាត់បង់ជីវិតអ្នកប្រើប្រាស់ទៀតនោះ សូមសាធារណជនមេត្តាឈប់ប្រើប្រាស់ផលិតផលទាំងនេះជាបន្ទាន់ ហើយថា ក្រសួងសុខាភិបាលនឹងចាត់វិធានការទៅតាមច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ NARA Beauty-ណារ៉ាប៊ីយូធី ដែលបានផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងទាំងនេះ។

ក្រសួងសុខាភិបាលសង្កត់ធ្ងន់ថា ករណីត្រូវការព័ត៌មានបន្ថែម សូមទំនាក់ទូរស័ព្ទលេខ ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤ , ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០។

ជាការកត់សម្គាល់ ស្ទើររៀងរាល់ថ្ងៃ ក្រសួងសុខាភិបាល បានប្រកាសហាមផ្សព្វផ្សាយលក់ និង ប្រើប្រាស់ផលិតផលនេះ ផលិតផលនោះ ដោយអះអាងថាជាផលិតផលគ្មានច្បាប់អនុញ្ញាត ជាការផ្សព្វផ្សាយបំផ្លើសហួសការពិត ហើយ ថានឹងចាត់វិធានការតាមច្បាប់ប្រឆាំងអ្នកនាំចូល និង លក់ផលិតផលទាំងនោះ ហើយលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានក្រើនរំឭកម្តងហើយម្តងទៀតថាចំពោះផលិតផល ជាពិសេសគ្រឿងសម្អាង អាហារបំប៉ន និង ឱសថនានា ដែលប្រកាសលក់តាមអនឡាញ គួរតែចៀសវាងការទិញ និង ប្រើប្រាស់ ព្រោះភាគច្រើនគឺជាផលិតផលគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ដែលបានសេចក្តីថា វាមានគ្រោះថ្នាក់ខ្ពស់ដល់អ្នកប្រើប្រាស់ ហើយថា ប្រសិនបើត្រូវការទិញ កិច្ចដំបូងដែលត្រូវធ្វើមិនអាចរំលង គឺសួររកការអនុញ្ញាតិពីក្រសួងសុខាភិបាល៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ