សំណង់ការពារច្រាំងព្រែកអន្លង់គគីស្រុកកងមាសស្ថាបនាបានចំនួន ៥០ភាគរយ

106
ចែករម្លែក

ដោយ:គង់ហេង/កំពង់ចាម ៖ សំណង់បណ្តោះអាសន្ន និងបន្ទាន់ ដើម្បីការពារទប់ស្កាត់ការច្រាំងព្រែកអន្លង់គគីប្រវែង ២៥០ ម៉ែត្រ ស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស ដែលបានអនុវត្តន៍គម្រោងដោយក្រសួងធនធានទឹក និងឧតុនិយម គឺសម្រេចបានចំនួន ៥០ភាគរយ ហើយគិតត្រឹមចុងសប្តាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០២០។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធាន និងឧតុនិយមខេត្តកំពង់ចាមដែលបានអមដំណើរលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប លោក តាំង សុផាត អគ្គនាយករងកិច្ចការបច្ចេកទេស និងលោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពគម្រោងការដ្ឋានខាងលើនៅថ្ងៃទី ២៤ ខែឧសភាបានឳ្យដឹងថា ការងារការពារច្រាំងព្រែកអន្លង់គគីរួមមាន រៀបចំគ្រឹះ រៀបចំប្រអប់ថ្ម Gabion box បន្តមកលើតាមមាត់ព្រែក រៀបចំប្រព័ន្ធរំដោះទឹកក្រោមដី ចាក់ដីលុប ដើម្បីរៀបជាផ្លូវសម្រាប់ធ្វើដំណើរឡើងវិញ។

លោកប្រធានមន្ទីរបានឳ្យដឹងទៀតថា គម្រោងការងារការពារច្រាំងព្រែកអន្លង់គគី មានប្រវែង ២៥០ ម៉ែត្រស្ថិតក្នុងឃុំព្រែកកុយ ស្រុកកងមាស គឺជាគម្រោងបណ្តោះអាសន្ន និងបន្ទាន់ គឺបានចាប់ដំណើរការស្ថាបនាកាលពីចុងខែកុម្ភ: ឆ្នាំ២០២០។ បច្ចុប្បន្នគិតត្រឹមចុងសប្តាហ៍ទី៣ ខែឧសភា ឆ្នាំ២០២០ គឺបានសម្រេចចំនួន ៥០ភាគរយហើយ។
គួរបញ្ជាក់ថា ទឹកជំនន់ទន្លេមេគង្គឆ្នាំ២០១៩ ដែលបានហក់ឡើង និងស្រកចុះវិញយ៉ាងគំហុកនោះ ក្រៅពីការធ្វើឳ្យបាក់ច្រាំងទន្លេនេះតាមបណ្តាស្រុកជាច្រើនកន្លែង គឺក៏បានបង្កឳ្យបាក់ច្រាំងព្រែកជាដៃទន្លេជាច្រើនកន្លែងដូចជាព្រែកកៀនជ្រៃ ស្រុកកំពង់សៀម និងព្រែកជាច្រើនទៀតក្នុងស្រុកស្ទឹងត្រង់ ដោយបានបំផ្លាញ ស្ពាន ផ្លូវ ផ្ទះប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ