អេស៊ីលីដាគោះជួងប្រកាសចាប់ផ្តើមបើកការជួញដូរមូលបត្រកម្មសិទ្ធិ​ជា​ផ្លូវការ

    108
    ចែករម្លែក

    ដោយៈសុផល

    ភ្នំពេញ៖ធនាគារ អេស៊ីលីដាភីអិលស៊ី ដែលជាធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេ​សកម្ពុជា​បាន​ចុះបញ្ជីមូលបត្រកម្មសិទ្ធិជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។ការគោះជួង​នៅ​ផ្សារ​មូលបត្រកម្ពុជានៅព្រឹកថ្ងៃទី​​២៥ ខែឧសភា ឆ្នាំ២០២០គឺជាការប្រកាសជាផ្លូវការនៃ​ការ​ចាប់​ផ្តើមការជួញដូរហ៊ុនរបស់ធនាគារអេស៊ីលីដាភីអិលស៊ីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ​របស់​ធនាគារអេស៊ីលីដាភីអិលស៊ីគឺជាការបើកទំព័រស័ករាជថ្មីនៃប្រវត្តិជោគជ័យរបស់ធនាគារក្នុងនាមជាធនាគារពាណិ​ជ្ជ​​ទី​១នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា​ដែលត្រូវបានចុះបញ្ជីនៅក្នុង​ក្រុមហ៊ុន​ផ្សារ​មូលបត្រកម្ពុជា។​

    ថ្លែងនៅក្នុងពិធីចុះបញ្ជីជាផ្លូវការរបស់ធនាគារអេស៊ីលីដានៅផ្សារមូលបត្រកម្ពុជា អគ្គបណ្ឌិត​សភា​​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បាន​មានប្រសាសន៍ថា៖ «ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅថ្ងៃនេះ នឹងធ្វើឲ្យធនាគារអេស៊ីលីដា ក្លាយជាក្រុមហ៊ុនចុះ បញ្ជីទី១២ និងជាធនាគារពាណិជ្ជទី១​នៅក្នុងប្រវត្តិសាស្ត្រ​ទីផ្សារមូលបត្រ​នៅកម្ពុជា ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ឬភាសាសាមញ្ញហៅថា ភាគហ៊ុន)នៅ​ផ្សារ​មូលបត្រកម្ពុជា»។

    ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា៖ការណ៍ដែលគួរឲ្យកត់សម្គាល់នោះគឺមូល​ធនូ​ប​នីយកម្មទីផ្សារសរុប(តម្លៃទីផ្សារនៃភាគហ៊ុនសរុប)របស់ធនាគារអេស៊ីលីដាមានចំនួន​ប្រមា​ណ​ ៧,០០០ប៊ីលានរៀល (ប្រមាណ១.៧៥ប៊ីលានដុល្លារអាមេរិក)ដែលទំហំនេះស្មើនឹងជិត៣ដង នៃមូលធនូបនីយកម្មទីផ្សារសរុប នៅផ្សារមូលបត្រកម្ពុជា បច្ចុប្បន្នដែលនឹងធ្វើឲ្យទីផ្សារនេះ​កាន់​តែមាន​ភាពទាក់ទាញចំពោះវិនិយោគិនបរទេសជាពិសេសវិនិយោគិនជា​ស្ថាប័នហើយ​នេះគឺជា​កត្តាមួយដែលនឹងជួយជំរុញសកម្មភាពជួញដូរនៅផ្សារមូលបត្រកម្ពុជា​។​​

    លោកឧបនាយករដ្ឋមន្ដ្រីបានថ្លែងទៀតថា៖សមិទ្ធផលថ្ងៃនេះនឹងក្លាយជាគំរូមួយសម្រា​ប់ជំរុញ​ដល់​គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្សេងទៀតដែលមានបំណងឬកំពុងមានភាពស្ទាក់​ស្ទើរក្នុង​ការ​​ប្រមូលទុនពីទីផ្សារមូលបត្រ ឲ្យកាន់តែមានភាពជឿជាក់ ក្នុងការចាប់យកឱកាសកៀរគរទុន​សម្រាប់ពង្រឹង និង ពង្រីកអាជីវកម្មរបស់ខ្លួន។ ក្នុងន័យនេះ,ផ្សារមូលបត្រកម្ពុជា បាន និងកំពុង​ក្លាយជាច្រកហិរញ្ញប្បទានមួយសម្រាប់ក្រុមហ៊ុននិងសហគ្រាសដែលត្រូវការទុន,ជួយគាំទ្រ​ដល់​ការរីកចម្រើននៃវិស័យឯកជននិងក៏កំពុងបានផ្តល់នូវបរិយាកាសអំណោ​យ​​ផលដល់​អ្នកចូល​រួម​ទីផ្សារទាំងឡាយផងដែរ។

    លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តគាំទ្រ និង អភិវឌ្ឍ​វិស័​យមូលបត្រនេះឱ្យមានការរីកចម្រើនទៅមុខទៀតដូចមានចែងនៅក្នុងយុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ដែលការលើកស្ទួយវិស័យមូលបត្រត្រូវបានរាប់បញ្ចូល ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ។ ជាក់ស្តែង, ក្នុងរយៈពេលកន្លងមក,រាជរដ្ឋា​ភិ​បាលកម្ពុជា បានដាក់ ចេញនូវអនុក្រឹត្យ ស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ ចំនួន ៣ លើករួចមកហើយដើម្បីលើកទឹកចិត្តនិងជំរុញឱ្យក្រុមហ៊ុននិងសហ​គ្រាសទាំងឡាយ ធ្វើ​ការ​បោះផ្សាយ និង ចុះបញ្ជីលក់ មូលបត្រនៅផ្សារមូលបត្រកម្ពុជា ហើយក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញវត្ថុ ក៏បានចេញប្រកាសជាបន្ត បន្ទាប់ពាក់ព័ន្ធនឹងការលើកទឹកចិត្តផ្នែកពន្ធលើប្រាក់ចំណូល ចំពោះសហគ្រាសដែលបោះផ្សាយលក់មូលបត្រលើកដំបូងជាសាធារណៈនិងការលើកទឹក​ចិត្ត​ផ្នែកពន្ធកាត់ទុកដល់វិនិយោគិនមូលបត្រព្រមទាំង គោលនយោ​បាយដទៃផ្សេងទៀត ដើម្បី​ជួយ​គាំទ្រក្រុមហ៊ុននិងសហគ្រាសជាពិសេសវិស័យមូលបត្រដ៏ក្មេងខ្ចីមួយនេះឱ្យមានភាពលូត​លាស់​ និង រីកចម្រើនទៅមុខ ដូចនៅតាមបណ្តាប្រទេសនានានៅក្នុងតំបន់ ។

    លោក ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថាគិតមក​ត្រឹមថ្ងៃ​នេះ​ ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន១២ក្រុមហ៊ុនដែលក្នុងនោះមានក្រុម​ហ៊ុន​ចុះ​បញ្ជីលក់មូលបត្រកម្មសិទ្ធិ(ជាភាគហ៊ុន)ចំនួន៦និងក្រុមហ៊ុនចុះ​បញ្ជីលក់សញ្ញាបណ្ណ​ចំនួន​៦​។

    លោក ហុង សុហួរ បានគូសបញ្ជាក់ថា« ក្រុមហ៊ុនទាំង១២នេះ បានប្រមូលទុនពីផ្សារមូលបត្រ សរុប​ប្រមាណជាង២៤០លានដុល្លារអាមេរិក»។

    បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងថា​៖ការ​ចុះ​បញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជានេះដោយសារចង់ឲ្យមានពិពិធកម្មប្រភពទុនព្រោះ​​​​​ថា ប្រភព​ទុនកន្លងមកពឹងផ្អែកទៅលើភាគទុនិកយុទ្ធសាស្ដ្រ ដែលវិនិយោគជាមួយធនា​គារនិង​ពឹង​បញ្ញើ​សន្សំ​នៅក្នុងស្រុករួមទាំងប្រាក់បញ្ញើដែលមានការកំណត់និងកម្ចីពីបរទេស​។

    បណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ថាអ្វីដែលធនាគារអេស៊ីលីដាភីអិលស៊ីបើកទំព័រថ្មីនៅ​ថ្ងៃ​នេះ​​គឺដើម្បីឲ្យប្រើប្រាស់ប្រភពទុនវិនិយោគពីវិនិយោគិនសាធារណៈក្នុងប្រទេសកម្ពុជា​ ក៏ដូចជាវិនិ​យោគិនទូទៅដែលចង់ធ្វើការវិនិយោគជាមួយអេស៊ីលីដាតាមទីផ្សារមូលបត្រនៅកម្ពុជា(ឬភា​សា​សាមញ្ញហៅថា ភាគហ៊ុន) នៅផ្សារមូលបត្រកម្ពុជា។

    លោកបណ្ឌិត បានបន្តថាការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់​អេស៊ីលីដាបង្ហាញពីភាព​ជឿ​ទុក​ចិត្ត និងគាំទ្ររបស់អតិថិជននិងសាធារណជនចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ីផង​ដែរ​។ វិនិយោគិនអាចដាក់បញ្ជាទិញនិងលក់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ពី​ម៉ោង​​ ០៨:០០ ព្រឹកនៅថ្ងៃចុះបញ្ជី ២៥ ឧសភា ២០២០។តាមរយៈការចូលរួមក្នុង​ដំណាក់​កាល​បោះ​ផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី វិនិយោគិនរូប​វន្ត​បុគ្គលនិងនីតិបុគ្គលមានឱកាសវិនិយោគជាលើកដំបូងនៅក្នុងធនាគារ​ពាណិជ្ជដែលបាន​ចុះបញ្ជី​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ភាគហ៊ុនិកសាធារណៈថ្មីរបស់ធនាគារនឹងទទួល​បាន​អត្ថប្រ​យោ​ជន៍ពីការរីកចម្រើនរបស់ធនាគារ តាមរយៈភាគលាភនិងចំណេញមូលធន។ ការបោះផ្សាយ​លក់​មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារអេស៊ីលីដា បានទាក់ទាញវិនិយោ​គិន​រូបវន្ត​បុគ្គលសញ្ជាតិខ្មែរជាច្រើនចូលរួមវិនិយោគនៅក្នុងក្រុមហ៊ុនផ្សារមូល​បត្រកម្ពុជានឹងបន្តរួម​ចំណែក​អភិវឌ្ឍផ្សារមូលធនកម្ពុជា”។

    លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បាន​មានប្រសាសន៍ថា “ជាមួយនឹងការចុះបញ្ជីភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុង​ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមូលធនូបនីយកម្មទីផ្សារសរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងកើនឡើង៣(បី)ដង។ធនាគារអេស៊ីលីដាភីអិលស៊ីបានបោះជំហានដំបូងដ៏សំខាន់ដើម្បី​ក្លាយ​ជា​ប្រជាធនាគារដ៏ពិតប្រាកដ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើក​ដំបូងជា​សាធា​រណៈនេះ៕

    អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ