យក​បន្តោង​ខ្សែក​កាឡៃ​ទៅ​បញ្ចាំ ម្ចាស់​ដឹង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​

141
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: ជនសង្ស័យ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​ម្ចាស់​ហាង​ប្តឹង​សមត្ថកិច្ច ក្រោយពី​ជនសង្ស័យ​រូបនេះ យក​គ្រឿង​អ​ល​ង្គ​ការ​ក្លែងក្លាយ​យកមក​បញ្ចាំ​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី​២៤ ខែឧសភា នៅ​ភូមិ​តាំង​គ្រង ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នេះ​មានឈ្មោះ ប៉ិច ភារៈ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជុំទាវ​ជ្រែង ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ដោយឡែក​ម្ចាស់​ទីតាំង​បញ្ចាំ​មានឈ្មោះ អ៊ិត សារឹម ភេទ​ស្រី អាយុ ៣៨​ឆ្នាំ រស់នៅ​ភូមិ​តាំង​គ្រង ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ជនសង្ស័យ បាន​យក​បន្តោង​ខ្សែក មក​បញ្ចាំ​កន្លែង​ឈ្មោះ អ៊ិត សារឹម ពេលមកដល់​ជនសង្ស័យ​បាន​ហុច​បន្តោង​ខ្សែក ពេលនោះ​ម្ចាស់​ហាង​មិនទាន់បាន​យកទៅ​ថ្លឹង​ភ្លាម​នោះទេ បាន​យកទៅ​ដុត​មើល​ស្រាប់តែ​ឃើញ​បន្តោង​ខ្សែក​នោះ​មិនមែនជា​បន្តោង​ខ្សែក​មាស​នោះទេ តែ​ជា​បន្តោង​ស្ពាន់ ពេល​ឃើញ​ដូចនេះ​ក៏​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់​តែម្តង​។​

​ពេលនេះ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​សាមគ្គី​មានជ័យ កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕ ល​