ក្រសួង​អនុញ្ញាត​ឲ្យ​បូម​យក​ដី​កោះ​ដែល​បង្ក​ឲ្យ​បាក់​ច្រាំង​ទន្លេមេគង្គ​ខាង​ស្រុក​ស្រី​សន្ធរ​

175
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ឯកភាព​ជាគោលការណ៍ គឺ​អនុញ្ញាត​ឲ្យ​មន្ត្រី​ចុះ​សិក្សា​ដើម្បី​បូម​យក​ដីដុះ​ជា​កោះ ដែល​បណ្តាល​ឳ្យ​បាក់ស្រុត​ច្រាំងទន្លេ​មេគង្គ ដែល​បង្ខំ​ឳ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​កោះអណ្តែត ស្រុក​ស្រី​សន្ធរ ជាច្រើន​គ្រួសារ​ផ្លាស់ប្តូរ​ទីតាំង​នៃ​ការរស់នៅ​ទីតាំង​ថ្មី​។​

​នៅ​ព្រឹក​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ​២០២០ ក្នុងការ​អញ្ជើញ​ចុះ​ចែក​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា​ដល់​ប្រជាពលរដ្ឋ​ចំនួន ប្រាំបួន គ្រួសា​រងគ្រោះ​ដោយ​ផ្លាស់ប្តូរ​ទីតាំង​រស់នៅ​ពី​ការបាក់​ស្រុត​ច្រាំងទន្លេ​កន្លងមក លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម រួមជាមួយ​មន្ត្រីរាជកា​រ​ជាច្រើនរូប​បាន​ថ្លែងថា ក្នុង​ក្របខ័ណ្ឌ នៃ​គណ​:​ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត សូម​សម្តែង​នូវ​ការសោកស្តាយ​ជា​ពន់ពេក ចំពោះ​ការបាត់បង់​លំនៅស្ថាន​។ យើង​បាន​បាត់បង់​កន្លែង​ធ្លាប់​រស់នៅ​សុខសាន្ត ពី​គ្រោះធម្មជាតិ​បាក់ស្រុត​ច្រាំងទន្លេ​។​

​លោក​ប្រធាន​គណ​:​ក​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពង់ចាម​បាន​មានប្រសាសន៍ថា យើង​នឹង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​រិះរក​វិធី​ទប់ស្កាត់ បញ្ឈប់​ការបាក់​ច្រាំងទន្លេ​នេះ​បន្តទៀត​។ សំណើ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ ៨០០ គ្រួសារ​របស់​ឃុំ​កោះអណ្តែត ដែល​បាន​ស្នើសុំ​ឳ្យ​ជួយ​អន្តរាគមន៍​បូម​យក​កោះ​នៅ​ទល់មុខ​ចេញ ដើម្បី​បញ្ជៀ​ស​ការបាក់​ច្រាំង​ខាង​កោះអណ្តែត​បន្តទៀត​នោះ គឺ​បច្ចុប្បន្ន​លោក​រដ្ឋមន្ត្រី​ធនធាន​ទឹកបាន​ឯកភាព​ជាគោលការណ៍​រួចហើយ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​បន្តថា ដោយ​លោក​រដ្ឋមន្ត្រី​បានអនុញ្ញាត​ឳ្យ​មន្ត្រី​បច្ចេកទេស​ចុះមក​សិក្សា​ដើម្បី​បូម​យក​ដី​ជា​កោះ​បង្ក​ឳ្យ​បាក់​ច្រាំង​នោះ​ចេញ​។ ព្រោះ​បើ​ទុក​នៅ​ដី​កោះ​កំពុង​ដុះ​នេះ គឺ​ចរន្តទឹក​ហូរ នឹង​បុក​ចំ​មាត់ច្រាំង​តែម្តង​។ ដូច្នេះ​ជា​វិធានការ​ទី​១ តម្រង់​មុខទឹក​ដោយ​បូម​យក​ដីដុះ​ជា​កោះ​ចេញ និង​ទី​២ រិះរក​វិធី នៃ​ការទប់ស្កាត់​មាត់ច្រាំង​កំពុង​ប្រឈម ដោយ​ប្រើប្រាស់​បាវ​ច្រក​ខ្សាច់​សង្កត់​ជើង​ច្រាំង​៕ ល​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ